វិស័យពាណិជ្ជកម្ម

តើពន្ធគយ ១៩% អាចជះឥទ្ធិពលកម្រិតណាដល់ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក?


សហរដ្ឋអាម៉េរិក បានសម្រេចបញ្ចុះអត្រាពន្ធគយបដិការលើទំនិញនាំចូលពីកម្ពុជា មកនៅត្រឹម ១៩% ដែលជាកម្រិតមួយទាបជាងប្រទេសដៃគូប្រកួតប្រជែងមួយចំនួនដូចជាវៀតណាម ឡាវ មីយ៉ាន់ម៉ា ស្រីលង្ការ និងបង់ក្លាដែស ជាដើម។ ទោះបីជាអត្រាពន្ធគយបដិការថ្មីនេះជាកម្រិតល្អប្រសើរមួយសម្រាប់កម្ពុជាយ៉ាងណាក្តី តែក្រុមអ្នកជំនាញបានវាយតម្លៃថា គំនាបពន្ធគយនេះទំនងជាអាចធ្វើឱ្យប៉ះពាល់ដល់ការបញ្ជាទិញ និងការនាំចេញទំនិញមួយចំនួនរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

នាវេទិកាពិភាក្សាស្តីពី«មាគ៌ាប្រតិបត្តិពាណិជ្ជកម្ម និងវិនិយោគ ២០២៥» អ្នកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលដ៍ប្រ៊ីដ គ្រុប បានចាត់ទុកអត្រាពន្ធគយចំនួន ១៩% ដែលសហរដ្ឋអាម៉េរិកបានដាក់មកលើទំនិញកម្ពុជា គឺជាអត្រាដ៏ល្អប្រសើរមួយដែលជួយឱ្យកម្ពុជា ​អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសដៃគូនានាដែលមានអត្រាពន្ធប្រហាក់ប្រហែលគ្នាបាន។ តាមរយៈអត្រាពន្ធក្នុងកម្រិតនេះ អ្នកជំនាញរូបនេះ ជឿជាក់ថា កម្ពុជា នៅតែអាចរក្សាបាននូវរោងចក្រសហគ្រាសដែលមានស្រាប់ ប៉ុន្តែទំនិញមួយចំនួនដូចជាសម្លៀកបំពាក់ និងស្បែកជើងជាដើម ទំនងជាអាចបាត់បង់ឱកាសនាំចេញទៅកាន់ទីផ្សារអាម៉េរិកមួយចំនួន ដោយសារអ្នកបញ្ជាទិញអាចនឹងងាកចេញទៅកាន់ប្រទេសកេនយ៉ា ដែលមានអត្រាពន្ធពីអាម៉េរិក ត្រឹម១០%។

​​ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យបណ្ឌិតសភាចារ្យ សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស បានវាយតម្លៃថា អត្រាពន្ធ ១៩% ដែលអាម៉េរិក ក្រោមការដឹកនាំរបស់រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ ដាក់មកលើកម្ពុជា ទំនងជាអាចបន្តអនុវត្តនៅអាណត្តិមេដឹកនាំអាម៉េរិកក្រោយៗទៀត។ សម្រាប់អ្នកជំនាញរូបនេះ អត្រាពន្ធ ១៩% នេះ មិនមែនជាកម្រិតអាក្រក់ពេកនោះទេសម្រាប់កម្ពុជា ពោលគឺមិនអាចធ្វើឱ្យរោងចក្រសហគ្រាសនានារើចេញពីកម្ពុជា នោះទេ ប៉ុន្តែវាអាចធ្វើឱ្យការបញ្ជាទិញទំនិញរបស់កម្ពុជា ពីសហរដ្ឋអាម៉េរិក មានការប្រែប្រួល និងមិនមានកំណើនខ្ពស់ដូចមុន ខណៈស្ថានភាពសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្នមិនទាន់មានស្ថិរភាពនៅឡើយ ក្រោមឥទ្ធិពលនៃគំនាបពន្ធរបស់លោក ដូណាល់ ត្រាំ។

​ដោយឡែក លោកបណ្ឌិត ឆេង គឹមឡុង ប្រធានវិទ្យាស្ថានចក្ខុវិស័យអាស៊ីយល់ឃើញថា ស្របពេលកម្ពុជា រងសម្ពាធពន្ធគយពីអាម៉េរិក រាជរដ្ឋាភិបាលកម្ពុជា គួរងាកទៅរកប្រភពកំណើនថ្មី តាមរយៈការជំរុញការផលិតទំនិញនាំចេញថ្មីៗ ដែលមានតម្លៃបន្ថែមខ្ពស់ និងផ្តល់ការលើកទឹកចិត្តដល់វិស័យឯកជន។ យ៉ាងណាមិញ អ្នកជំនាញរូបនេះយល់ឃើញថា ការទៅគោះទ្វារអ្នកវិនិយោគនៅក្រៅប្រទេស និងស្វែងយល់ឱ្យច្បាស់អំពីតម្រូវការរបស់ទីផ្សារទាំងនោះ ដើម្បីយកមកផលិត និងនាំចេញទៅកាន់ទីផ្សារទាំងនោះវិញ ក៏ជាកត្តាសំខាន់ផងដែរ ដែលរាជរដ្ឋាភិបាលត្រូវធ្វើនៅក្នុងបរិបថដែលមានការប្រកួតប្រជែងខ្ពស់ដោយសារសម្ពាធពន្ធគយអាម៉េរិកនេះ។

​គួរជម្រាបថា នៅក្នុងរយៈពេល៧ខែ ឆ្នាំ២០២៥ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបានទំហំទឹកប្រាក់ជាង៧ពាន់លានដុល្លារ កើនឡើងជាង ២៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះកម្ពុជា នាំចេញទៅទីផ្សារអាម៉េរិក មានទំហំជិត៧ពាន់លានដុល្លារ កើនឡើងជាង ២៥% ខណៈអាម៉េរិក នាំចូលមកកម្ពុជាវិញ មានទំហំជាង២រយលានដុល្លារកើនឡើងជាង៣០%។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា៕




អត្ថបទបន្ទាប់


តើជំនួបរវាងមេដឹកនាំវៀតណាម និងកូរ៉េខាងត្បូង សម្រេចបានលទ្ធផលធំៗអ្វីខ្លះ?

ក្រុមមេដឹកនាំកូរ៉េខាងត្បូង និងវៀតណាមបានព្រមព្រៀងគ្នាក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើវិស័យមួយចំនួនដូចជាថាមពលនុយក្លេអ៊…

តើកម្ពុជា ត្រូវកែលម្អ និងដោះស្រាយបញ្ហាប្រឈមអ្វីខ្លះដើម្បីឱ្យវិស័យទេសចរណ៍កាន់តែមានភាពរឹងមាំ និងរីកចម្រើនបន្ថែមទៀត?

ចរន្តភ្ញៀវទេសចរបរទេសចូលមកកម្សាន្តនៅកម្ពុជា នៅមួយរយៈពេលចុងក្រោយមានកំណើនវិជ្ជមានគួរឱ្យកត់សម្គាល់ បន្ទាប់ពីវិស័យនេះ បានរងផលប៉ះពាល់យ៉ាងដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ