ក្នុងរយៈពេលជាងប្រមាណ៣ទសវត្សរ៍មកនេះ ជប៉ុនបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជួយអភិវឌ្ឍប្រទេសកម្ពុជាទាំងការផ្ដល់ជំនួយ និងការវិនិយោគ ហើយជប៉ុនក៏ស្ថិតនៅក្នុងចំណោមប្រទេសដែលជាដៃគូវិនិយោគ និងពាណិជ្ជកម្មធំៗរបស់កម្ពុជាផងដែរ។ ជាក់ស្ដែងជិត៣០ឆ្នាំមកនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានអនុម័តគម្រោងវិនិយោគរបស់ជប៉ុនសរុបចំនួន១៤៨គម្រោង មានទុនវិនិយោគជិត៣ពាន់លានដុល្លារ។
ហើយបើមើលនៅក្នុងរយៈពេល៨ខែដំបូងនៅឆ្នាំ២០២២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចអនុញ្ញាតឲ្យក្រុមហ៊ុនជប៉ុនធ្វើការវិនិយោគលើគម្រោងថ្មីចំនួន៣គម្រោង ក្នុងទុនវិនិយោគ៦,៤លានដុល្លារ។
ក្នុងនោះ ដៃគូវិនិយោគសំខាន់ៗ ដែលបានវិនិយោគនៅកម្ពុជា មានដូចជា ប្រទេសចិន កូរ៉េខាងត្បូង ក៏ដូចជា ប្រទេសជប៉ុន ជាដើម។ ប្រទេសជប៉ុន ក៏ស្ថិតក្នុងចំណោមបណ្ដាប្រទេសដទៃ ដែលចូលរួមយ៉ាងសកម្មក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ចកម្ពុជា។ បើងាកទៅមើលទំនាក់ទំនងសេដ្ឋកិ្ចនិងកិច្ចអភិវឌ្ឍន៍ប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា-ជប៉ុន នារយៈពេលជិត៣០ឆ្នាំ មកនេះវិញ CDC បានអនុម័តឲ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ចំនួន ១៤៨គម្រោង ដែលមានទុនវិនិយោគសរុប ២ ៨៥០លានដុល្លារ ដែលអាចបង្កើតការងារយ៉ាងច្រើនដល់ប្រជាជននិងជំរុញកំណើនសេដ្ឋកិ្ចចកម្ពុជា។ ដោយឡែក នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២២នេះ CDC បានអនុម័តឲ្យក្រុមហ៊ុនជប៉ុនវិនិយោគនៅកម្ពុជា ចំនួន ៣គម្រោង និងមានទុនវិនិយោគសរុប ៦,៤លានដុល្លារ។
នៅក្នុងជំនួបជាមួយគណៈប្រតិភូវិនិយោគិនជប៉ុន រៀបចំដោយអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន (JETRO) កាលពីពេលថ្មីៗ ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានវាយតម្លៃខ្ពស់ ចំពោះការចូលរួមរបស់អង្គការ JETRO ដែលតែងតែសហការជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការជំរុញ និងទាក់ទាញវិនិយោគជប៉ុន មកកម្ពុជាដោយទទួលបាន លទ្ធផលគួរជាទីមោទនៈ។ ឯកឧត្តមក៏បានបញ្ជាក់ជូនក្រុមវិនិយោគិនជ៉ុន អំពីសារៈសំខាន់នៃច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានប្រកាសដាក់ឲ្យប្រើប្រាសកាលពីពេលថ្មីៗ ក្នុងការជំរុញ និងទាក់ទាញវិនិយោគ បន្ថែមប្រកបដោយគុណភាព ដើម្បីចូលរួមឲ្យកាន់តែស៊ីជម្រៅ ទៅក្នុងខ្សែច្រវាក់តម្លៃតំបន់ និងសកលតាមរយៈយុទ្ធសាស្ត្របូកមួយ។ ច្បាប់ថ្មីនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ក្រុមវិនិយោគនៅកម្ពុជា ដូចជា កិច្ចសម្របសម្រួល ការធានានិងការការពារ ការលើកទឹកចិត្ត និងការថែទាំវិនិយោគ ជាដើម។
តាមរយៈជំនួបពិភាក្សារវាងឯកឧត្ដម សុខ ចិន្ដាសោភា និងក្រុមវិនិយោគិនជប៉ុន ឯកឧត្ដម សុខ ចិន្ដាសោភា បានវាយតម្លៃខ្ពស់ថា នឹងកាន់តែបង្កើននូវទំនាក់ទំនងល្អទ្វេភាគីរវាងកម្ពុជា និងជប៉ុន ពិសេសនឹងទាក់ទាញបន្ថែមនូវវិនិយោគិនជប៉ុនឲ្យចូលមកវិនិយោគនៅកម្ពុជា ដែលជាកត្តាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឲ្យប្រសើរឡើងមួយកម្រិតទៀត។
ជាក់ស្ដែង ទំហំពាណិជ្ជកម្មកម្ពុជា-ជប៉ុន នារយៈពេល ៧ខែក្នុងឆ្នាំ២០២២នេះ មានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ កើនឡើង១៦% បើប្រៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំនិញដែលកម្ពុជា បាននាំចេញទៅជប៉ុន មានទំហំទឹកប្រាក់ ៦៦៧លានដុល្លារ ខណៈជប៉ុននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤៧០លានដុល្លារ៕