ធនាគារ HSBC ដែលធនាគារមួយក្នុងចំណោមអ្នកផ្ដល់ប្រាក់កម្ចីដ៏ធំបំផុតក្នុងពិភពលោក បានបញ្ជាក់កាលពីពេលថ្មីៗនេះថា ខ្លួនបានយល់ព្រមលក់ធនាគាររបស់ខ្លួននៅក្នុងប្រទេសបារាំងទៅឲ្យក្រុមហ៊ុនមួយ ដែលគ្រប់គ្រងដោយក្រុមហ៊ុនមូលធន Cerberus Capital Management LP មានមូលដ្ឋាននៅទីក្រុងញូវយ៉កសហរដ្ឋអាមេរិក។
សូមរំឭកជូនបន្ដិចថា កាលពី២ទសវត្សរ៍មុន ធនាគារ HSBC បានចំណាយដើមទុនជាង១០ពាន់លានដុល្លារ ដើម្បីទិញយកធនាគារបម្រើសេវាលក់រាយនៅបារាំងឈ្មោះ Credit Commercial de France ដែលវាគឺជាផ្នែកមួយនៃការពង្រីកខ្លួនជាយុទ្ធសាស្ត្រទៅក្នុងប្រទេសសេដ្ឋកិច្ចធំ និងតូចនៅទូទាំងពិភពលោក។
ប៉ុន្ដែ នៅជាច្រើនឆ្នាំកន្លងមកនេះ អាជីវកម្មរបស់ធនាគារបម្រើសេវាលក់រាយរបស់បារាំងមួយនេះ មិនទទួលបានប្រាក់ចំណេញត្រឡប់មកវិញនោះទេ គឺមានតែខាត។ ជាក់ស្ដែង នៅឆ្នាំ២០២០ អាជីវកម្មរបស់ Credit Commercial de France ខាតជាង៣៤០លានដុល្លារ។ ការលក់អាជីវកម្មធនាគារនៅបារាំងរបស់ HSBC គឺនៅគ្រាដែលធនាគារបារាំងនេះ បច្ចុប្បន្ន មានសាខា២៤៤កន្លែង បុគ្គលិកជិត៤ពាន់នាក់ និងមានទ្រព្យសកម្មសរុបជាង២៨ពាន់លានដុល្លារអាមេរិក។
គួរបញ្ជាក់ថា កាលពីខែឧសភា ធនាគារ HSBC ក៏ទើបតែបានប្រកាសដកខ្លួនចេញពីទីផ្សារធនាគារអាជីវកម្មលក់រាយ និងខ្នាតតូចនៅអាមេរិកផងដែរ ដោយធនាគារនេះ បានដាក់លក់សាខាធនាគាររបស់ខ្លួនមួយចំនួននៅសហរដ្ឋអាមេរិក។ ការសម្រេចចិត្តដកខ្លួនចេញពីទីផ្សារអាមេរិកនេះ ត្រូវបានធនាគារ HSBC បញ្ជាក់ថា ដោយសារតែខ្លួន មានផែនការផ្ដោតលើសេវាកម្មធនាគារសាជីវកម្មធំៗ និងការវិនិយោគនៅក្នុងតំបន់វិញ៕