ការព្យាករនេះធ្វើឡើងស្របពេលដែលប្លុកប្រទេស BRICS កំពុងរិះរកវិធី និងប្រឹងប្រែងពន្លឿនយុទ្ធនាការធ្វើបដិដុល្លារនីយកម្ម ឬឈប់ប្រើប្រាក់ដុល្លារអាម៉េរិក នៅក្នុងការទូទាត់ពាណិជ្ជកម្មអន្តរជាតិ ដើម្បីទម្លាក់តំណែងប្រាក់ដុល្លារអាម៉េរិកពីរូបិយប័ណ្ណបម្រុងដ៏សំខាន់បំផុតរបស់ពិភពលោក។
លោក ជេមស៍ ស្ទៀល (James Steel) ប្រធានក្រុមអ្នកវិភាគនៅក្រុមហ៊ុនមូលបត្រ HSBC Securities ដែលជាបុត្រសម្ព័ន្ធមួយរបស់ធនាគារឈានមុខគេមួយរបស់ពិភពលោក HSBC ដែលមានការិយាល័យកណ្ដាលក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស នៅតែមានទំនុកចិត្តថា រូបិយប័ណ្ណដុល្លារអាម៉េរិកនឹងនៅតែអាចជម្នះព្យុះភ្លៀង ដែលបង្កឡើងដោយប្លុកប្រទេស BRICS។
នៅក្នុងបទសម្ភាសជាមួយសារព័ត៌មានអន្តរជាតិដ៏ល្បីល្បាញ Bloomberg អ្នកវិភាគរូបនេះបានលើកឡើងថា ប្រាក់ដុល្លារអាម៉េរិក អាចនឹងធ្លាក់តិចតួចក្នុងទុនបម្រុងអន្តរជាតិ ខណៈដែលធនាគារកណ្តាលនៃបណ្ដាប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្លុកប្រទេស BRICS បាននិងកំពុងធ្វើពិពិធកម្មទុនបម្រុងអន្តរជាតិរបស់ខ្លួន និងលក់ចេញប្រាក់ដុល្លារអាម៉េរិក ប៉ុន្តែវាមិនបង្កផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ។
សូមបញ្ជាក់ថា បណ្ដាធនាគារកណ្តាលបាន និងកំពុងប្រមូលទិញមាសយ៉ាងច្រើនសន្ធឹកសន្ធាប់ចាប់តាំងពីឆ្នាំ២០២២ បន្ទាប់ពីសហរដ្ឋអាម៉េរិក បានដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ី ដែលជាសមាជិកស្ថាបនិកដ៏សំខាន់នៃប្លុកប្រទេស BRICS ចំពោះការបញ្ឆេះភ្លើងសង្គ្រាមចូលឈ្លានពានប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។
លោក ជេមស៍ ស្ទៀល (James Steel) បានពន្យល់ថា ទោះជាប្លុកប្រទេស BRICS សម្រុកប្រមូលមាសយ៉ាងច្រើនសន្ធឹកសន្ធាប់យ៉ាងណាក៏ដោយចុះ ក៏វានឹងជះផលប៉ះពាល់មកលើប្រាក់ដុល្លារអាម៉េរិក តិចតួចប៉ុណ្ណោះ។ លោកបានសង្កត់ធ្ងន់ថា ប្រាក់ដុល្លារអាម៉េរិក នឹងនៅតែជារូបិយប័ណ្ណបម្រុងដ៏មានឥទ្ធិពលបំផុតរបស់ពិភពលោក ទោះបីនៅ២០ឆ្នាំក្រោយក៏ដោយ៕
ដោយ: តែម សុខុម