វិស័យការពារជាតិ

ការងារដោះមីនមនុស្សធម៌តាមបណ្តោយព្រំដែនកម្ពុជា-ថៃ មិនត្រូវធ្វើឡើងដោយឯកតោភាគីឡើយ!


អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានអះអាងថា ការងារដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ត្រូវស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ដោយឯកតោភាគីឡើយ។
វិស័យការពារជាតិ
ដោយ

តែយ៉ាងណា អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ តែងតែបំពានលើកិច្ចការងារនេះ ដោយបានធ្វើសកម្មភាពរាវមីនលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាបន្តបន្ទាប់ ដែលបង្ហាញពីទង្វើដ៏គឃ្លើនរបស់ភាគីថៃ មិនគោរពតាមច្បាប់អន្តរជាតិ និងស្មារតីនៃកិច្ចប្រជុំដែលបានព្រមព្រៀងគ្នានៃភាគីទាំងពីរ។

លោកជំទាវ ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានអះអាងថា ការដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ គឺស្ថិតក្រោមសមត្ថកិច្ច និងយន្តការក្រុមការងារសម្របសម្រួលចម្រុកម្ពុជា-ថៃ (JCTF) និងមិនអនុញ្ញាតឱ្យធ្វើប្រតិបត្តិការដោះមីនមនុស្សធម៌ដោយឯកតោភាគីឡើយ ហើយភាគីទាំងពីរកម្ពុជា និងថៃ ត្រូវគោរពឱ្យបាននូវគោលការណ៍ ដែលបានឯកភាពគ្នា និងនិយាមនីតិវិធីប្រតិបត្តិ ដែលបានធ្វើឡើងកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

ជុំវិញបញ្ហានេះ លោកបណ្ឌិត យង់ ពៅ អ្នកជំនាញភូមិសាស្រ្តនយោបាយ កត់សម្គាល់ឃើញថា ភាគីថៃ មិនត្រឹមតែគឃ្លើនបន្តរាវមីនដោយឯកតោភាគីក្នុងតំបន់ ដែលមិនទាន់បានដោះស្រាយដាច់ស្រេចនោះទេ ថែមទាំងធ្វើសកម្មភាពរាវមីននៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជា ជាបន្តបន្ទាប់ បើទោះបីជាភាគីទាំងពីរបានព្រមព្រៀងគ្នាទាំងនៅលើកិច្ចព្រមព្រៀងសន្តិភាព និងគោលការណ៍នានា ដែលបានឯកភាពគ្នាក្នុងកិច្ចប្រជុំ JBC យ៉ាងណាក្តី។ អ្នកជំនាញរូបនេះបានចាត់ទុកទង្វើដ៏គឃ្លើនរបស់ភាគីថៃនេះ គឺបានបង្ហាញពីឥរិយាបថនយោបាយ​​មិនគោរពច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងដែលខ្លួនបានចុះហត្ថលេខាដោយផ្ទាល់។

​មិនខុសគ្នានោះទេ លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច កត់សម្គាល់ឃើញថា ភាគីថៃ មិនដែលអនុវត្តតាមគោលការណ៍ ដែលបានឯកភាពគ្នាកន្លងមកលើប្រតិបត្តិការដោះមីនមនុស្សធម៌នៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នោះទេ។ តែយ៉ាងណាអ្នកជំនាញរូបនេះរំពឹងថា ថៃនឹងគោរពតាមអ្វី ដែលខ្លួនបានព្រមព្រៀងជាមួយកម្ពុជា ជាពិសេសដោះលែងទាហានកម្ពុជា ទាំង១៨រូប ដែលថៃ បានចាប់ និងឃុំខ្លួនដោយខុសច្បាប់កាលពីពេលកន្លងទៅ។

​បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិកម្ពុជា ក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ(JCTF) មានភារកិច្ចកំណត់ និងឯកភាពលើតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែន ព្រមទាំងអនុម័តលើផែនការសកម្មភាពសម្រាប់ប្រតិបត្តិការដោះមីនមនុស្សធម៌។ ក្រៅពីតំបន់អាទិភាពដែលត្រូវបានកំណត់ និងឯកភាព គឺមិនអនុញ្ញាតឱ្យមានប្រតិបត្តិការនៃការដោះមីនមនុស្សធម៌ជាលក្ខណៈឯកតោភាគីនៅតំបន់ព្រំដែន ដែលមិនទាន់មានការកំណត់ខណ្ឌសីមាច្បាស់លាស់​ឡើយ ដោយរង់ចាំការសម្រេចពីក្រុមការងារសម្របសម្រួលចម្រុះកម្ពុជា-ថៃ។

ទន្ទឹមនេះ រាល់សកម្មភាពដោះមីនមនុស្សធម៌ និងនិយាមកាពហុកោណចម្ការមីននៅតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនមិនត្រូវធ្វើឱ្យប៉ះពាល់ដល់ការងារវាស់វែង និងខណ្ឌសីមាព្រំដែនគោករវាងប្រទេសកម្ពុជា និងប្រទេសថៃឡើយ ឬមិនត្រូវបង្កើតជាអង្គហេតុនៃការទទួលស្គាល់លើទីតាំង ឬជាមូលដ្ឋាននៃការទាមទារសិទ្ធិលើខ្សែបន្ទាត់ព្រំដែននោះទេ ពោលគឺការងារវាស់វែង និងខណ្ឌសីមាព្រំដែនជាសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ (JBC)។ យ៉ាងណាមិញ ចំពោះតំបន់សាកល្បង និងតំបន់អាទិភាពនៅព្រំដែនដែលបានដោះមីនរួច ត្រូវគោរពគោលការណ៍ និងលក្ខខណ្ឌក្នុងការរក្សាស្ថានភាពដើម ក្រោយការបោសសម្អាតមីនមនុស្សធម៌, ភាគីទាំងពីរមិនត្រូវធ្វើសកម្មភាពណាមួយដែលអាចធ្វើឱ្យមានការប្រែប្រួលបរិស្ថាននៃតំបន់ព្រំដែននោះឡើយ៕​




អត្ថបទបន្ទាប់


វិបត្តិធ្វើដំណើរតាមផ្លូវអាកាសនៅអាម៉េរិក កាន់តែធ្ងន់ធ្ងរ ខណៈជើងហោះហើររាប់ពាន់ជើងត្រូវបានលុបចោល និងពន្យារពេល

ក្រុមហ៊ុនអាកាសចរណ៍អាម៉េរិក បានបង្ខំចិត្តលុបចោលជើងហោះហើររហូតដល់ជាង១,៤០០កាលពីថ្ងៃសៅរ៍ ទី៨ ខែវិច្ឆិកា ឆ្នាំ២០២៥ ខណៈជើងហោះហើររាប់ពាន់ទ…

ក្រុមហ៊ុន វីរៈប៊ុនថាំ កំពុងស្វែងរកការពង្រីក ការនាំចេញអង្ករទៅកាន់ទីផ្សារអឺរ៉ុប ដើម្បីជួយលើកកម្ពស់តម្លៃស្រូវនៅកម្ពុជា

ក្រៅពីជួយប្រមូលទិញស្រូវពីកសិករ ហើយកែច្នៃជាអង្ករដាក់លក់នៅគ្រប់សាខារបស់ខ្លួន ក្រុមហ៊ុនវីរៈប៊ុនថាំ កំពុងស្វែងការឱកាសពង្រីកការនាំចេញអង្ករកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ