វិស័យពាណិជ្ជកម្ម

អាស៊ីអគ្នេយ៍ទំនងជាពិបាកនឹងគេចផុតពីគោលនយោបាយកំណត់ពន្ធសកលរបស់លោក ដូណាល់ ត្រាំ


អាស៊ីអាគ្នេយ៍ហាក់ដូចជាងាយរងគ្រោះទៅនឹងការគំរាមកំហែងដោយគោលនយោបាយកំណត់ពន្ធសកលរបស់លោក ដូណាល់ ត្រាំ និងសង្គ្រាមពាណិជ្ជកម្មជាថ្មីជាមួយប្រទេសចិន។ មកដល់ពេលនេះ ប្រទេសនានានៅក្នុងតំបន់ ដោយរួមទាំងកម្ពុជា សុទ្ធតែនាំចេញទៅអាម៉េរិកខ្ពស់ជាងអ្វី ដែលពួកគេនាំចូលមកពីអាម៉េរិកវិញ។ មកដល់ពេលនេះ វៀតណាម អាចជាគោលដៅធំដោយសារប្រទេសនេះជាប្រទេសមានអតិរេកពាណិជ្ជកម្មធំទី៤ ជាមួយនឹងអាម៉េរិក។
វិស័យពាណិជ្ជកម្ម
ដោយ

ប្រសិនបើលោក ដូណាល់ ត្រាំ អនុវត្តគោលនយោបាយកំណត់ពន្ធគយលើទំនិញនាំចូលទីផ្សារសហរដ្ឋអាម៉េរិក ដូចអ្វីដែលលោកបានលើកឡើងកាលពីអំឡុងយុទ្ធនាការបោះឆ្នោត ដើម្បីលើកកម្ពស់ផលិតកម្មអាម៉េរិក និងផ្តាច់ខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួនពីប្រទេសចិនមែននោះ បណ្តាប្រទេសនៅអាស៊ីអគ្នេយ៍ទំនងជាពិបាកគេចពីផលប៉ះពាល់ណាស់។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន នីកេ អាស៊ី។

ក្នុងអំឡុងអាណត្តិដំបូងរបស់ខ្លួនលោក ត្រាំ បានប្រើអំណាចប្រតិបត្តិ ដើម្បីដាក់ពន្ធរហូតដល់២៥% លើការនាំចូលគ្រឿងអេឡិចត្រូនិក គ្រឿងម៉ាស៊ីន និងទំនិញប្រើប្រាស់មានតម្លៃរហូតដល់២៥០ពាន់លានដុល្លារពីប្រទេសចិន ហើយទីក្រុងប៉េកាំង បានសងសឹកជាមួយនឹងវិធានការស្រដៀងគ្នាប្រឆាំងនឹងការនាំចេញកសិកម្ម រថយន្ត និងបច្ចេកវិទ្យារបស់សហរដ្ឋអាម៉េរិក។

ឥឡូវនេះលោក ត្រាំ អាចស្នើសុំកំណត់ពន្ធរហូតដល់៦០% លើទំនិញចិនទាំងអស់ដែលចូលសហរដ្ឋអាម៉េរិក និងរហូតដល់២០% លើការនាំចូលទំនិញពីគ្រប់ទិសទី ដូច្នេះវានឹងធ្វើឲ្យកម្ពុជា ប្រឈមមុខនឹងផលប៉ះពាល់លើការនាំចេញដែលមានទំហំ៤០% វៀតណាមជាង២៧% ហើយថៃ១៧%។

លោក ថាណាវាត់ ផុនវីឆ័យ នាយកសកលវិទ្យាល័យសភាពាណិជ្ជកម្មថៃបាននិយាយថា ថៃអាចនឹងទទួលរងផលប៉ះពាល់ចំនួន៤,៦ពាន់លានដុល្លារ ប្រសិនបើលោក ត្រាំ អនុវត្តតាមអ្វីដែលលោកបាននិយាយ។

ដោយឡែក វៀតណាម ក៏អាចរកផលប៉ះពាល់មិនអន់ដែរ ដោយសារវៀតណាមមានអតិរេកពាណិជ្ជកម្មធំជាងគេទី៤ នៅលើពិភពលោកជាមួយសហរដ្ឋអាម៉េរិក។ អតុល្យភាពពាណិជ្ជកម្មរបស់វៀតណាមជាមួយនឹងអាម៉េរិក បានកើនឡើងយ៉ាងឆាប់រហ័សនៅពេលដែលក្រុមហ៊ុនចិន តៃវ៉ាន់ និងកូរ៉េខាងត្បូងបានប្រើប្រាស់ប្រទេសវៀតណាម ដើម្បីគេចការកំណត់ពន្ធរបស់លោក ត្រាំ កាលពីអាណត្តិមុន។

ក្រៅពីកម្ពុជា វៀតណាម និងថៃ សិង្ហបុរី ក៏ទំនងជាពិបាកដែរដោយសារតែប្រទេសដ៏តូចនេះ ក៏ជាទីផ្សារ វិនិយោគពីសហរដ្ឋអាម៉េរិក និងចិន ដ៏សម្បើមដែរ។ ចំណែកប្រទេសឥណ្ឌូនេស៊ី អាចរងផលប៉ះពាល់ដោយប្រយោល ពីព្រោះ២៤% នៃការនាំចេញរបស់ប្រទេសនេះ គឺពឹងផ្អែកខ្លាំងលើចិន ហើយកាលណាខ្សែច្រវាក់ផលិតកម្មចិន មានបញ្ហា នោះផលប៉ះពាល់ ក៏ជះឥទ្ធិពលមកឥណ្ឌូនេស៊ីវិញដែរ។

ដើម្បីសម្រាលដល់បញ្ហានេះ លោក ចេដេប ស៊ីង (Jaideep Singh ) អ្នកវិភាគនៅវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិរបស់ប្រទេសម៉ាឡេស៊ី បានឱ្យដឹងថា អាស៊ីអាគ្នេយ៍ ក៏គួរតែផ្តោតលើការកសាងភាពធន់ដោយការពង្រឹងពាណិជ្ជកម្មផ្ទៃក្នុងអាស៊ាន។ លោកបាននិយាយថា អាស៊ានគួរតែមានកិច្ចខិតខំប្រឹងប្រែង ដើម្បីលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចតាមរយៈការកាត់បន្ថយវិធានការមិនមែនពន្ធ ការកែលម្អការសម្របសម្រួលពាណិជ្ជកម្ម និងការសម្របសម្រួលកាន់តែប្រសើរឡើងនៃខ្សែច្រវាក់តម្លៃក្នុងតំបន់៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ក្រុមហ៊ុន Ford គ្រោងកាត់បន្ថយការងារ៤ពាន់កន្លែងនៅអឺរ៉ុប ចំពេលតម្រូវការរថយន្តអគ្គិសនីកំពុងធ្លាក់ចុះ

ក្រុមហ៊ុនផលិតរថយន្ត Ford Motor កំពុងសម្លឹងរកមើលការលុបបំបាត់ការងារចំនួន៤ពាន់កន្លែងទៀតនៅក្នុងទ្វីបអឺរ៉ុប ចំពេលនិន្នាការប្រើប្រាស់រថយន្តអ…

តើប្រទេសនៅលើពិភពលោកមានការប្រតិកម្មបែបណាចំពោះការចេញដីកាឱ្យចាប់ខ្លួនមេដឹកនាំអ៊ីស្រាអែល របស់តុលាការឧកម្មអន្តរជាតិ?

តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងអតីតរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល ព្រមទាំងមន្ត្រីជាន់ខ្ព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ