
លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានលើកឡើថា នៅក្នុងរយៈពេល១ខែកន្លងមកនេះ បន្ទាប់ពីអាម៉េរិក សម្រេចបញ្ចុះអាត្រាពន្ធគយលើទំនិញកម្ពុជា មកនៅត្រឹម៣៦% ដំណើរការរោងចក្រ និងសហគ្រាសនៅមានសភាពធម្មតា ហើយមានរោងចក្រ សហគ្រាសមួយចំនួនបានបន្ថែមម៉ោងធ្វើការដល់បុគ្គលិក ដើម្បីពន្លឿនការនាំចេញទំនិញឱ្យបានមុនខែសីហា។ អ្នកជំនាញរូបនេះ បានបន្ថែមថា មកទល់ពេលនេះមិនទាន់មានការកាត់បន្ថយចំនួនបុគ្គលិកនៅតាមរោងចក្រ សហគ្រាសនៅឡើយទេ ទោះជាយ៉ាងណាប្រសិនពន្ធគយនេះនៅតែខ្ពស់ដដែល នោះវាអាចនឹងធ្វើឱ្យមានការកាត់បន្ថយចំនួនកម្មករ និងអាចឈានដល់ការបិទសហគ្រាសតូចៗមួយចំនួនផងដែរ។ តែយ៉ាងណាលោក ហ្វា សាលី នៅតែជឿជាក់លើរដ្ឋាភិបាលថា នឹងអាចចរចាឱ្យអាម៉េរិក បញ្ចុះពន្ធបដិការនេះបន្ថែមទៀត។
ពាក់ព័ន្ធគ្នានេះដែរ ឯកឧត្តម ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ថា ពន្ធបដិការអាម៉េរិក ដែលបានដាក់លើកម្ពុជា៣៦%នេះ មិនមែនមានតែកម្ពុជា នោះទេ គឺជាបញ្ហារបស់ពិភពលោកទាំងមូលដែលប្រទេសជាច្រើនទៀត ក៏បានជាប់អាត្រាពន្ធគយរបស់អាម៉េរិក ផងដែរ។ ឯកឧត្តមបានបន្ថែមថា ចរន្តនៃការបើក និងបិទរោងចក្រសហគ្រាសតែងមានជារឿងធម្មតានៅក្នុងវិស័យឧស្សាហកម្ម តែយ៉ាងណាការបើករោងចក្រសហគ្រាសមានច្រើនជាងបិទនៅកម្ពុជា។
គួរបញ្ជាក់ថា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី៧ ខែកក្កដា បានបញ្ជូនលិខិតផ្លូវការ ទៅកាន់ប្រទេសជាដៃគូពាណិជ្ជកម្មចំនួន១៤ រួមទាំងកម្ពុជា អំពីការកំណត់ពន្ធគយបដិការថ្មី ដែលនឹងត្រូវចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ តទៅ។ ក្នុងនោះអាម៉េរិក បានទម្លាក់ពន្ធគយបដិការលើទំនិញកម្ពុជា ពី៤៩% មកនៅត្រឹម៣៦%៕
អត្ថបទ៖ ជា ម៉ារ៉ា