គម្រោងព្រែកជីកហ្វូណន

កម្ពុជាប្តេជ្ញាចរចាជាមួយក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីបើកការដ្ឋានសាងសង់ ព្រែកជីហ្វូណនតេជោ នៅត្រឹមពាក់កណ្ដាលឆ្នាំនេះ


ឯកឧត្តម ស៊ុន ចាន់ថុល បានអះអាងជាថ្មីថា រាជរដ្ឋាភិបាលតាមរយៈក្រសួងសាធារណៈការ នឹងប្រឹងប្រែងចរចាជាមួយនឹងក្រុមហ៊ុនចិនឲ្យបានសម្រេច ដើម្បីឈានទៅបើកការដ្ឋានសាងសង់ គម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលមានតម្លៃប្រមាណជាង១ពាន់៧រយលានដុល្លារ នៅត្រឹមអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។
គម្រោងព្រែកជីកហ្វូណន
ដោយ

តាមការវាយតម្លៃរបស់មន្ត្រី និងអ្នកជំនាញក្នុងវិស័យដឹកជញ្ជូននាពេលកន្លងមក គម្រោងផ្លូវនាវាចរណ៍នេះ នឹងអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០%ទៅ៣០% ហើយក៏នឹងក្លាយជាសរសៃឈាមថ្មីមួយបន្ថែមទៀតសម្រាប់សេដ្ឋកិច្ចកម្ពុជា។

ថ្លែងនាពិធីបិទសន្និបាតបូកសរុបវាយតម្លៃការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២៩ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអះអាងថា ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងធ្វើយ៉ាងណាចរចាឱ្យបាននូវកិច្ចព្រមព្រៀងសម្បទានជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ដើម្បីឈានទៅរកការបើកការដ្ឋានសាងសង់នូវគម្រោងដ៏សំខាន់នៃផ្លូវនាវាចរណ៍តភ្ជាប់ផ្លូវទឹកទៅសមុទ្រ «ព្រែកជីកហ្វូណនតេជោ» ឱ្យបាននៅអំឡុងខែមិថុនា ឬខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ។ បើតាមថ្នាក់ដឹកនាំរូបនេះ គម្រោងនេះ គឺជាគម្រោងអាទិភាពដ៏សំខាន់មួយដែលប្រមុខរដ្ឋាភិបាលកម្ពុជាបានជំរុញ និងយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាសម្រេចឱ្យបាន ដើម្បីជួយពង្រីកសក្តានុពលសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន។

គម្រោងផ្លូវនាវាចរណ៍ «ព្រែកជីកហ្វូណនតេជោ» ដែលតភ្ជាប់ពីទន្លេបាសាក់ទៅកំពង់ផែ សមុទ្រខេត្តកែបនេះ មានចម្ងាយ១៨០គីឡូម៉ែត្រ និងត្រូវចំណាយពេលសាងសង់ ៤ឆ្នាំ។ តាមការបញ្ជាក់របស់ក្រសួងសាធារណការ គម្រោងនេះនឹងជួយកាត់បន្ថយរយៈពេល និងចម្ងាយនៃការដឹកជញ្ជូន ដែលត្រូវឆ្លងកាត់តាមកំពង់ផែកៃមែប របស់វៀតណាម បានប្រមាណ៦៩គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែក្រុងព្រះសីហនុ និងប្រមាណ១៣៥គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងភ្នំពេញ ទៅកំពង់ផែខេត្តកំពត។ ជាពិសេសវាអាចជួយកាត់បន្ថយការចំណាយលើថ្លៃដឹកជញ្ជូនបានចន្លោះពី២០ទៅ៣០%ផងដែរ។

លើសពីនេះ គម្រោងនេះនឹងជួយបង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្ដុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗ ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ជួយបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តក្រុងភ្នំពេញ និងកំពង់ផែផ្សេងទៀត ជួយជំរុញការអភិវឌ្ឍទីក្រុង និងនគរូបនីយកម្ម និងជួយជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។

គួររំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា ការអភិវឌ្ឍព្រែកជីកហ្វូណនតេជោនេះ គឺគ្មានអាថ៌កំបាំងអ្វីនោះទេ ពោលគឺដើម្បីពង្រីកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាតិ លើកកម្ពស់ការប្រកួតប្រជែងក្នុងវិស័យដឹកជញ្ជូន និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះតែប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ?

ព័ត៌មាន
តើសេដ្ឋកិច្ចពិភពលោកនៅឆ្នាំនេះនឹងប្រែប្រួលយ៉ាងណា ក្រោយសេដ្ឋកិច្ចអាម៉េរិកមានកំណើនយ៉ាងរឹងមាំឡើងវិញ? បើគេមើលទៅលើការចំណាយរបស់ពលរដ្ឋអាម៉េរិ…

គម្រោងផ្លូវជាតិ៥០C កំពង់ឆ្នាំង-កំពង់ធំ នឹងត្រូវបើកការដ្ឋានសាងសង់ឱ្យបានក្នុងឆ្នាំនេះ

ព័ត៌មាន
ក្នុងចំណោមគម្រោងជាច្រើនដែលក្រសួងសាធារណការ និងដឹកជញ្ជូនបានដាក់ទិសដៅនៅក្នុងឆ្នាំ២០២៤នេះ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា គម្រោងស្ថាបនាផ្លូវជា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ