វិស័យចិញ្ចឹមសត្វ

អ្នកចិញ្ចឹមសត្វក្នុងស្រុកបន្តស្នើឱ្យអាជ្ញាធររឹតបន្តឹងលើការនាំចូលសាច់បង្កក ដើម្បីលើកកម្ពស់វិស័យចិញ្ចឹមសត្វក្នុងស្រុក


ក្រុមអ្នកចញ្ចឹមសត្វក្នុងស្រុកនៅតែបង្ហាញពីការព្រួយបារម្ភចំពោះការនាំចូលសាច់បង្កកមកទីផ្សារកម្ពុជា ដែលបាន និងកំពុងធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ខណៈកន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្លាប់បង្ក្រាបបានសាច់បង្កកនាំចូល ដែលមិនអនុលោមតាមស្តង់ដា និងគុណភាពជាហូរហែ។ ទន្ទឹមនឹងនេះអ្នកចិញ្ចឹមសត្វក្នុងស្រុកហាក់បារម្ភការការហូរចូលសាច់បង្កកមិនមានស្តង់ដា និងគុណភាពត្រឹមត្រូវធ្វើឱ្យប៉ះពាល់ដល់ទីផ្សារសាច់សត្វក្នុងស្រុក ក៏ដូចជាធ្វើឱ្យប៉ះពាល់ដល់ការប្រកួតប្រជែងទីផ្សាររបស់ពួកគេ។
វិស័យចិញ្ចឹមសត្វ
ដោយ

លោក ហួត រ៉ាដេត នាយកប្រតិបត្តិក្រុមហ៊ុនសាច់ជ្រូកជាតិ អ អេស ហ្វាម បានលើកឡើងថា ការនាំចូលសាច់បង្កកពីក្រៅស្រុកមកកាន់ទីផ្សារកម្ពុជា ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក ប្រសិនបើការនាំចូលនោះជាប្រទេសសាច់មិនមានស្ដង់ដា​ និងគុណភាពល្អ ដ្បិតសាច់ប្រភេទនេះវាតម្លៃថោកជាងតម្លៃសាច់សត្វក្នុងស្រុក។ បើតាមអ្នកជំនាញរូបនេះ បច្ចុប្បន្នទីផ្សារសាច់ជ្រូកមិនទាន់អាចលក់បានក្នុងតម្លៃល្អប្រសើរនៅឡើយទេ ពិសេសការលក់បោះដុំហាក់មានភាពលំបាកបន្តិច ដោយសាច់ជ្រូក១គីឡូក្រាមអាចលក់បានក្នុងតម្លៃរង្វង់១ម៉ឺនរៀលប៉ុណ្ណោះ ដែលជាហេតុធ្វើឱ្យជ្រូករស់មិនអាចលក់បានថ្លៃ។ ទន្ទឹមនឹងនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលគួររឹតបន្តឹង ឬបិទការនាំចូលទាំងស្រុងសម្រាប់សាច់បង្កកមិនមានគុណភាព ដើម្បីផ្ដល់ឱកាសដល់អ្នកចិញ្ចឹមសត្វក្នុងស្រុក។

​ជាមួយគ្នានេះ លោក សុក សីហា អនុប្រធានសមាគមចិញ្ចឹមមាន់ បានអះអាងថា ជាទូទៅការចិញ្ចឹមសត្វមាន់ គឺមានគោលបំណងសម្រាប់ផ្គត់ផ្គង់ក្នុងស្រុក ដោយមិនទាន់អាចនាំចេញទៅលក់នៅទីផ្សារក្រៅស្រុកបាននោះទេ គួបផ្សំផ្លៃដើមផលិតមានតម្លៃខ្ពស់ ដូចនេះការហូរចូលសាច់បង្កកពីក្រៅស្រុកមានចំនួនច្រើននោះនឹងធ្វើឱ្យប៉ះពាល់ដល់ទីផ្សារក្នុងស្រុកជាក់ជាមិនខាន​។ តែយ៉ាងណាការនាំចូលសាច់សត្វបង្កក ដែលមានស្ដង់ដា​ និងគុណភាពល្អ មិនបានជះផលប៉ះពាល់នោះទេ ដោយសារអ្នកចិញ្ចឹមសត្វក្នុងស្រុកអាចមានឱកាសប្រកួតប្រជែងជាមួយទីផ្សារតម្លៃបាន។ ទន្ទឹមនឹងនេះ អនុប្រធានសមាគមចិញ្ចឹមមាន់រូបនេះ ស្នើឱ្យពលរដ្ឋជួយគាំទ្រសាច់សត្វក្នុងស្រុក និងស្នើដល់រដ្ឋាភិបាលជួយទប់ស្កាត់ការនាំចូលសាច់បង្កកខុសច្បាប់ឱ្យបានតឹងបន្ថែមទៀត។

​មិនខុសគ្នានោះទេ លោក សាន់ ចាន់ថេត ប្រធានសមាគមផ្គត់ផ្គង់ជ្រូកកម្ពុជា យល់ថា សាច់បង្កកដែលនាំចូលមកក្នុងទីផ្សារកម្ពុជា សព្វថ្ងៃនេះ វាពិតជាបានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកបរិភោគ និងធ្វើឱ្យជះផលប៉ះពាល់ដល់ការផលិតរបស់កសិករ និងក្រុមហ៊ុនផលិតក្នុងស្រុកពិតប្រាកដមែន ដែលកត្តានេះ លោកស្នើដល់ស្ថាប័នពាក់ព័ន្ធជួយចាត់វិធានការណ៍ដោះស្រាយលើបញ្ហានេះ។

គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានចេញសេចក្តីប្រកាសជុំវិញការបញ្ចប់វិធានការហាមឃាត់ការនាំចូលជាបណ្តោះអាសន្នគ្រឿងក្នុង និងបំណែកសាច់សត្វបង្កក៕

អត្ថបទ​៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


វិស័យវាយតម្លៃអចលនវត្ថុកំពុងដើរថយក្រោយ បន្ទាប់ពីមានគ្រឹះស្ថានហិរញ្ញវត្ថុមួយចំនួនបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទាល់ខ្លួន

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានអះអាងថា បច្ចុប្បន្នមានស្ថាប័នហិរញ្ញវត្ថុមួយចំនួនបានបង្កើតក្រុមអ្នកវាយតម្លៃផ្ទៃក្នុងផ្ទា…

ប្រាក់យន់ហក់ឡើងថ្លៃជាលំដាប់ ខណៈចិន កំពុងជំរុញការប្រើប្រាស់រូបិយប័ណ្ណនេះ ដើម្បីប្រជែងប្រាក់ដុល្លារអាម៉េរិក

ប្រាក់យន់ចិន នៅឆ្នាំ២០២៥ បានហក់ឡើងថ្លៃខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០២០ មក ទោះបីជាសេដ្ឋកិច្ចចិន ចុះខ្សោយ អត្រាការប្រាក់ទាប និងការវិនិយោគប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ