ប្រទេសជប៉ុន

លោក គីស៊ីដា ថា ជប៉ុននឹងចូលរួមកិច្ចប្រជុំកំពូលអង្គការណាតូ តែក៏សង្កត់ធ្ងន់ឱ្យមានកិច្ចសន្ទនាជាមួយចិន


នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានប្រកាសកាលពីថ្ងៃពុធថា លោកនឹងទៅចូលរួមកិច្ចប្រជុំកំពូលរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ដែលធ្វើឡើងនៅប្រទេសលីទុយអានី ពីថ្ងៃទី១១ ដល់ថ្ងៃទី១២ ខែកក្កដា ស្របពេលដែលប្រទេសជប៉ុនពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធភាពយោធានេះ។ ដំណើររបស់នាយករដ្ឋមន្ត្រី គីស៊ីដា ស្ថិតក្នុងបរិការណ៍ដែលមានការបង្កើនឥទ្ធិពលផ្នែកយោធារបស់ប្រទេសចិន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន AP។
នាយករដ្ឋមន្ត្រីជប៉ុននឹងទៅចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំណាតូនៅខែក្រោយ

នាយកដ្ឋមន្ត្រីជប៉ុន លោក គីស៊ីដា​ បានប្រាប់សន្និសីទសារព័ត៌មានមួយ​ ក្រោយបិទបញ្ចប់សម័យប្រជុំសភារយៈពេលប្រាំខែកាលពីថ្ងៃពុធថា ការពង្រឹងវិធានការណ៍ការទូត និងសន្តិសុខ ជាគោលនយោបាយអាទិភាពកំពូលរបស់រដ្ឋាភិបាលរបស់លោកក្នុងឆមាសទីមួយនៃឆ្នាំនេះ។ គោលដៅនោះគឺដើម្បី​លើក​កម្ពស់​វត្តមាន​របស់​ប្រទេស​ជប៉ុន​លើឆាក​អន្តរជាតិ​ និងការពារ​សន្តិភាព​ និង​ប្រជាជនជប៉ុន​។

ទន្ទឹមនឹងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយណាតូ ប្រមុខរដ្ឋាភិបាលជប៉ុន លោក គីស៊ីដា ក៏បានសង្កត់ធ្ងន់ពីភាពចាំបាច់ឱ្យមានកិច្ចសន្ទនាជាមួយប្រទេសចិន ក្នុងការអភិវឌ្ឍទំនាក់ទំនងប្រកបដោយភាពស្ថាបនា​និងស្ថិរភាពជាមួយទីក្រុងប៉េកាំង និងត្រូវតែសហការជាមួយសម្ព័ន្ធមិត្តស្នូលគឺសហរដ្ឋអាមេរិក។ លោកថា សភាពនៃទំនាក់ទំនងរវាងអាមេរិកនិងចិនគឺសំខាន់ណាស់សម្រាប់សន្តិសុខ និងស្ថិរភាពពិភពលោក។

ក្នុងនោះដែរ លោកក៏បានបញ្ជាក់ផងដែរថា តបតាមការអញ្ជើញរបស់អង្គការណាតូ លោកក្នុងនាមជានាយករដ្ឋមន្ត្រីជប៉ុន នឹងចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំណាតូឯទៀតពីថ្ងៃទី១១ដល់ទី១២ ខែកក្កដា ខាងមុខនេះ ហើយលោកនឹងទៅទស្សនាការិយាល័យកណ្តាលណាតូនៅប្រទេសបែលហ្សិកផងដែរ។

ប្រទេសជប៉ុនត្រូវបានគេមើលឃើញថាបាននិងកំពុងពង្រឹងទំនាក់ទំនងជាមួយអង្គការណាតូ​ ចំពេលដែលទីក្រុងតូក្យូបង្ហាញការព្រួយបារម្ភកាន់តែខ្លាំងចំពោះសកម្មភាពយោធាចិននៅក្នុងតំបន់អាស៊ីបូព៌ា ជាពិសេសនៅក្នុងសមុទ្រចិនខាងកើត ក៏ដូចជាក្នុងជម្លោះនៅកោះសិនកាគូ ដែលចិនហៅថាទាវយូ។

នៅចំពោះមុខបរិយាកាសសន្តិសុខបច្ចុប្បន្នដែលស្ថិតក្នុងសភាពធ្ងន់ធ្ងរ និងស្មុគស្មាញបំផុត នៃសម័យក្រោយសង្គ្រាម លោក គីស៊ីដា បានប្តេជ្ញាថានឹងប្រើប្រាស់ឧបករណ៍ការទូតឱ្យបានពេញលេញ ដើម្បីរួមចំណែកដល់សន្តិភាព និងស្ថិរភាពនៃសហគមន៍ពិភពលោក ព្រមទាំងបម្រើផលប្រយោជន៍ជាតិរបស់ប្រទេសជប៉ុន។

ប្រទេសជប៉ុននឹងសហការជាមួយសហរដ្ឋអាមេរិក ទាក់ទងនឹងគោលនយោបាយរបស់ប្រទេសចិន ខណៈដែលលោក គីស៊ីដា ជំរុញឱ្យទីក្រុងប៉េកាំងបំពេញទំនួលខុសត្រូវរបស់ខ្លួនក្នុងនាមជាមហាអំណាចពិភពលោក ដោយគោរពច្បាប់និងសណ្តាប់ធ្នាប់អន្តរជាតិ។

លោកនាយករដ្ឋមន្ត្រីជប៉ុនបានប្រាប់អ្នកកាសែតទៀតថា វាជារឿងសំខាន់ណាស់ក្នុងការបន្តការខិតខំប្រឹងប្រែងដើម្បីបើកឱ្យមានការសន្ទនាយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិត រួមទាំងខ្លួនខ្ញុំផងដែរ ជាមួយប្រទេសចិន។ លោក គីស៊ីដា បានឱ្យដឹងដែរថា រូបលោកក៏កំពុងពិចារណាអំពីដំណើរទស្សនកិច្ចដែលអាចធ្វើទៅបាន ទៅកាន់ប្រទេសចិនដែរ ទោះបីជាវាមិនទាន់បានសម្រេចនៅពេលនេះក៏ដោយ៕




អត្ថបទបន្ទាប់


អាមេរិកអនុម័តឱ្យប្រើប្រាស់សាច់មាន់ដែលកើតពីកោសិកាចិញ្ចឹមក្នុងមន្ទីរពិសោធន៍ដំបូងបង្អស់

ព័ត៌មាន
នាយកដ្ឋានកសិកម្មសហរដ្ឋអាមេរិកបានផ្តល់ភ្លើងខៀវឱ្យក្រុមហ៊ុន Upside Foods និងក្រុមហ៊ុន Good Meat ដែលកំពុងប្រកួតប្រជែងដើម្បីក្លាយជាក្រុមហ៊ុនដ…

ផ្សារហ៊ុនក្រុងហាណូយប្រកាសថានឹងចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធជួញដូរសញ្ញាប័ណ្ណថ្មី

ព័ត៌មាន
ប្រព័ន្ធថ្មីសម្រាប់ការជួញដូរសញ្ញាប័ណ្ណ ត្រូវបានគេរំពឹងថានឹងមានដំណើរការជាផ្លូវការនៅដើមខែកក្កដា។ សារព័ត៌មាន Vietnam News បានរាយការណ៍ថា …

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ