ថ្លែងក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយវិទ្យាស្ថានសិក្សាអន្តរជាតិ របស់ប្រទេសស្វីស (SIS) ដែលមានទំនាក់ទំនងជាមួយនឹងសាកលវិទ្យាល័យក្រុងស៊ូរិក (Zurich) កាលពីថ្ងៃចន្ទ លោកស្រី ចចជីវ៉ា បានិយាយថា បញ្ញាសិប្បនិម្មិត (AI) ទំនងជានឹងប៉ះពាល់ដល់កម្លាំង៦០% នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន និង៤០% សម្រាប់ការងារនៅជុំវិញពិភពលោកក្នុងរយៈពេលពីរឆ្នាំខាងមុខទៀត។
នាយិកាមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) រូបនេះ បានបន្ថែមថា ពិភពលោកមានពេលតិចតួចណាស់ក្នុងការធ្វើឱ្យមនុស្ស និងក្រុមហ៊ុនអាជីវកម្មត្រៀមខ្លួនសម្រាប់ពេលវេលានោះ។ មានន័យថា វាអាចនាំមកនូវការកើនឡើងយ៉ាងខ្លាំងនៃផលិតភាព ប្រសិនបើពួកគេអាចគ្រប់គ្រងវាឱ្យបានល្អ ប៉ុន្តែវាក៏អាចនាំឱ្យមានការផ្សព្វផ្សាយព័ត៌មានខុស ដែលបង្កឱ្យមានវិសមភាពកាន់តែច្រើននៅក្នុងសង្គមមនុស្សផងដែរ។
លោកស្រី ចចជីវ៉ា បាននិយាយថា សេដ្ឋកិច្ចពិភពលោកកាន់តែងាយរងគ្រោះក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយលោកស្រីលើកឡើងពីជំងឺរាតត្បាតសកលក្នុងឆ្នាំ២០២០ ក៏ដូចជាសង្គ្រាមនៅអ៊ុយក្រែន ផងដែរ។ ជាងនេះទៅទៀត លោកស្រីបានរំពឹងថា នឹងមានភាពភ្ញាក់ផ្អើលថែមទៀត ជាពិសេសដោយសារវិបត្តិអាកាសធាតុដែលនៅតែអូសបន្លាយពេលយូរគួរឱ្យកត់សម្គាល់។
លោកស្រី ចចជីវ៉ា បានបន្តថា កាលពីឆ្នាំមុនមានការភ័យខ្លាចជាខ្លាំងថា ប្រទេសដែលមានសេដ្ឋកិច្ចរីកចម្រើនភាគច្រើននឹងធ្លាក់ចូលក្នុងវិបត្តិសេដ្ឋកិច្ច ប៉ុន្តែពេលនេះលោកស្រីបានបញ្ជាក់ថា ពិភពលោកនេះមិនស្ថិតនៅក្នុងវិបត្តិសេដ្ឋកិច្ចសាកលនោះទេ ព្រោះអតិផរណាដែលបានវាយប្រហារពិភពលោកយ៉ាងខ្លាំងនោះកំពុងតែធ្លាក់ចុះស្ទើតែគ្រប់ទីកន្លែងទៅហើយ៕
អត្ថបទ៖ សុខ មង្គល