មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) -សេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស

IMF រិះគន់ចំៗលើគោលនយោបាយសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចំពេលស្ថានភាពហិរញ្ញវត្ថុកំពុងវឹកវរ


មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានរិះគន់ជាចំហលើយុទ្ធសាស្ត្រសេដ្ឋកិច្ចថ្មីរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃទី ២៧ ខែកញ្ញា បន្ទាប់ពីការមានធ្លាក់ចុះជាថ្មីទៀត នៅក្នុងទីផ្សារមូលបត្របំណុលដែលបង្ខំឱ្យធនាគារកណ្តាលអង់គ្លេសត្រូវសន្យាថា នឹងធ្វើការឆ្លើយតប«ដ៏មានប្រសិទ្ធភាពបំផុត»មួយដើម្បីរក្សាលំនឹងសេដ្ឋកិច្ចស្របពេលដែលអាមេរិកកំពុងតាមដានការវិវឌ្ឍរបស់អង់គ្លេសយ៉ាងដិតដល់ ក្រោយពីបានបណ្ដែតបណ្ដោយឲ្យប្រាក់ផោនធ្លាក់ថ្លៃខ្លាំងបើធៀបនឹងដុល្លារនៅមួយរយៈចុងក្រោយនេះ។
IMF រិះគន់ចំៗលើគោលនយោបាយសេដ្ឋកិច្ចរបស់ចក្រភពអង់គ្លេស ចំពេលស្ថានភាពហិរញ្ញវត្ថុកំពុងវឹកវរ

លោក ក្វាស៊ី ក្វាតេង (Kwasi Kwarteng) រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីរបស់អង់គ្លេសបានរងសម្ពាធ ដែលជំរុញឱ្យលោកធ្វើការវាយតម្លៃឡើងវិញនូវគោលនយោបាយរបស់ខ្លួន ដែលបង្កឱ្យមានភាពចលាចលនៅក្នុងទីផ្សារហិរញ្ញវត្ថុ ខណៈដែលអ្នកសេដ្ឋកិច្ច វិនិយោគិន និងនាយកប្រតិបត្តិក្រុមហ៊ុនធំៗនាំគ្នានិយាយថា ទំនុកចិត្តវិនិយោគិនដែលធ្លាក់ចុះស្ទើរ នឹងអាចងើបឡើងវិញបាន លុះត្រាតែផែនការនេះត្រូវបានលុបចេញវិញ។

នាយករដ្ឋមន្ត្រីអង់គ្លេសថ្មីគឺលោកស្រី លីស ត្រាស (Liz Truss) របស់គណបក្សអភិរក្សនិយមបានចូលកាន់តំណែងនៅថ្ងៃទី០៦ ខែកញ្ញាដោយលោកស្រីនិយាយថាលោកស្រីចង់រុញសេដ្ឋកិច្ចចេញពីកំណើនដែលនៅទ្រឹងជាច្រើនឆ្នាំជាមួយការកាត់បន្ថយពន្ធ និងលុបចោលការរឹតត្បឹតផ្នែកច្បាប់មួយចំនួន។

ផែនការរបស់លោក ក្វាតេង រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអង់គ្លេស បង្កើតឡើងក្នុងបំណងគាំទ្រដល់គ្រួសារ និងអាជីវកម្ម ដែលត្រូវចំណាយលើថាមពលកើនឡើងខ្ពស់ ហើយត្រូវបង្កើនទ្វេដងនូវអត្រាកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់អង់គ្លេសផងដែរ។ យ៉ាងហោចណាស់ ប្រទេសអង់គ្លេសត្រូវការថវិកាប្រហែលជាង ៧៧ ពាន់លានដុល្លារទៀត តាមរយៈការចេញលក់បំណុលរបស់រដ្ឋាភិបាលក្នុងឆ្នាំសារពើពន្ធនេះ ដែលធ្វើឱ្យវិនិយោគិនភ្ញាក់ផ្អើល ដ្បិតថាការចំណាយលើប្រាក់កម្ចីបែបនេះកំពុងកាន់តែខ្ពស់ទៅៗ។

មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា ផែនការដែលបានធ្វើឱ្យប្រាក់ផោនធ្លាក់ដល់កម្រិតទាបបំផុតរហូតដល់ប្រហែល ១ដុល្លារអាមេរិក ស្មើក្នុង១ផោនកាលពីដើមសប្ដាហ៍នេះ ទំនងជានឹងបង្កើនវិសមភាពកាន់តែខ្លាំង និងបង្កឲ្យមានការចោទសួរជាច្រើនអំពីគោលនយោបាយនេះ។

អ្នកនាំពាក្យមូលនិធិ IMF បាននិយាយថា ដោយសារតែសម្ពាធអតិផរណាកើនឡើងនៅក្នុងប្រទេសជាច្រើនរួមទាំងចក្រភពអង់គ្លេសដែរនោះ ដូច្នេះហើយពួកគេមិនបានណែនាំឱ្យបង្កើតកញ្ចប់សារពើពន្ធដែលចំណាយប្រាក់ច្រើន និងគ្មានគោលដៅច្បាស់លាស់នៅដំណាក់កាលនេះទេ ព្រោះខ្លាចគោលនយោបាយសារពើពន្ធនេះ មិនដំណើរការវានឹងធ្វើឱ្យមានវិបត្តិគោលនយោបាយរូបិយវត្ថុកាន់តែខ្លាំង។

ជុំវិញភាពចលាចលនៃទីផ្សារហិរញ្ញវត្ថុនៅចក្រភពអង់គ្លេសនេះដែរ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី ជេណេត យេឡិន (Janet Yellen) កំពុងតែតាមដានយ៉ាងដិតដល់ពីការវិវឌ្ឍនៅប្រទេសអង់គ្លេស ក្រោយពីរដ្ឋាភិបាលអង់គ្លេសបានដាក់ចេញកម្មវិធីសារពើពន្ធនេះ ដែលបានធ្វើឱ្យប្រាក់ផោនធ្លាក់ថ្លៃដល់កម្រិតទាបបំផុតមិនធ្លាប់មាននាពេលថ្មីៗនេះ។ នេះបើតាមកាសែត Financial Times។

លោកស្រី យេឡិន បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋ North Carolina ថា ភាពចលាចលផ្នែកហិរញ្ញវត្ថុក្នុងប៉ុន្មានថ្ងៃថ្មីៗនេះទំនងជាកើតឡើងនៅអង់គ្លេស ក៏ប៉ុន្ដែវាមិនទាន់មិនបានរីករាលដាលដល់សេដ្ឋកិច្ចពិភពលោកនោះទេ ហើយលោកស្រីក៏មិនបានធ្វើអត្ថាធិប្បាយអំពីផែនការថវិកាថ្មីរបស់ចក្រភពអង់គ្លេសនោះដែរ។ លោកស្រីបាននិយាយថា ទីផ្សារហិរញ្ញវត្ថុកំពុងដំណើរការល្អនៅឡើយ ហើយថា ពួកគេមិនបានឃើញការវិវត្តនៃបញ្ហាសាច់ប្រាក់នៅក្នុងទីផ្សារនោះទេ។

លោកស្រី យេឡិន បាននិយាយថា ទាំងសហរដ្ឋអាមេរិក និងអង់គ្លេសសុទ្ធតែមានបញ្ហាអតិផរណាយ៉ាងខ្លាំងដូចគ្នា ហើយធនាគារកណ្តាលជាច្រើនកំពុងផ្តោតលើការធ្វើឱ្យអតិផរណាធ្លាក់ចុះ៕

អត្ថបទ៖ សុខ ជា




អត្ថបទបន្ទាប់


បង់ក្លាដេសចង់ទូទាត់ពាណិជ្ជកម្មជាប្រាក់យ័នរបស់ចិន ស្របពេលប្រាក់ដុល្លារឡើងថ្លៃ និងបារម្ភពីការធ្លាក់ចុះទុនបម្រុងបរទេស

ស្ថិតក្នុងស្ថានភាពគំរាមកំហែងដោយប្រាក់ដុល្លារឡើងថ្លៃខ្ពស់ និងបារម្ភថា ទុនបម្រុងបរទេសនឹងបន្តថយចុះថែមទៀត ប្រទេសបង់ក្លាដេស ចង់ប្តូរការទូទាត់ព…

តំបន់បំបែកខ្លួននៃប្រទេសអ៊ុយក្រែន បានបោះឆ្នោតប្រជាមតិភ្លូកទឹកភ្លូកដី ដើម្បីចូលជាដែនដីថ្មីនៃប្រទេសរុស្សី

បើយោងតាមមន្ត្រីអ៊ុយក្រែននៅក្នុងតំបន់បំបែកខ្លួន ដែលមានននិន្នាការគាំទ្ររុស្សីបានប្រាប់ទីភ្នាក់ងាររ៉យទ័រឲ្យដឹងថា តាមការរាយការណ៍កាលពីថ្ងៃអង្ក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ