
តាមរយៈសិក្ខាសាលានេះ បានកំណត់បញ្ហាប្រឈម ចក្ខុវិស័យ គោលបំណង និងដាក់ចេញវិធានការអនុវត្ត ដែលនឹងត្រូវរៀបចំផែនការសកម្មភាពលម្អិត ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមកម្មវិធីគោលនយោបាយ និងការកែទម្រង់របស់រាជរដ្ឋាភិបាល។
ត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាប សិក្ខាសាលា ផ្សព្វផ្សាយស្តីពី “ការដាក់ឱ្យអនុវត្តផែនការគោលស្តីពីការកែទម្រង់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ២០២៥-២០៣៥” មានការអញ្ជើញចូលរួមក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញជាន់ខ្ពស់ នៃក្រសួង ស្ថាប័ន សហគ្រាសសាធារណៈ គ្រឹះស្ថានសាធារណៈរដ្ឋបាល រដ្ឋបាលរាជធានី ខេត្ត និងមន្ទីរ.សហវ.រាជធានី ខេត្ត សរុបសិក្ខាកាមប្រមាណ ៤១០រូប។

ឯកឧត្តម នួន សំបូរ អគ្គនាយក នៃអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ បានរាយការណ៍ជូនអង្គសិក្ខាសាលានូវវឌ្ឍនភាពការងារ បញ្ហាប្រឈម ដំណោះស្រាយ ពិសេសទិសដៅកែទម្រង់នាថ្ងៃអនាគត នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(ចំណូល.ម.ព)ឱ្យមានលក្ខណៈល្អប្រសើរថែមទៀត ហើយដើម្បីសម្រេចបានកិច្ចការសំខាន់នេះ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ(កសហវ) និងក្នុងនាមរូបខ្ញុំផ្ទាល់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះការផ្តល់ជំនួយបច្ចេកទេស (ទីប្រឹក្សាបច្ចេកទេស)ពីធនាគារពិភពលោក(World Bank), ក្រុមការងារសិក្សា និងរៀបចំឯកសារគោល(Blueprint) ស្តីពីការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធ នៃ.កសហវ(មានឯកឧត្តម ងី តាយី, ឯកឧត្តមបណ្ឌិត ឈន សុភាព, ឯកឧត្តម នេត មុន្នី និងសហការី) ព្រមទាំងកិច្ចសហការគ្រប់តួអង្គពាក់ព័ន្ធ ពិសេសអគ្គលេខាធិការដ្ឋានដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(អគហ) នៃកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ(PFM)បានរួមគ្នាសម្រេចបាននូវសមិទ្ធផលដ៏ធំមួយនេះ ជាគោលនយោបាយលើការកែទម្រង់ប្រព័ន្ធចំណូលមិនមែនសារពើពន្ធនៅប្រទេសកម្ពុជា។ ផែនការគោលនេះ ជាឧបករណ៍យុទ្ធសាស្ត្រ ក្នុងរយៈពេល១០ឆ្នាំខាងមុខ សម្រាប់ជាត្រីវិស័យ និងជាមគ្គុទេសន៍ បង្ហាញផ្លូវលើការកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធឱ្យសម្រេចបានប្រសិទ្ធភាពខ្ពស់ និងពង្រឹងកសាងប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ឱ្យបានរឹងមាំល្អប្រសើរថែមទៀត, សុវត្ថិភាពខ្ពស់ និងទំនើប ស្របតាមឧត្តមានុវត្តន៍អន្តរជាតិ។ បច្ចុប្បន្ននេះ គេសង្កេតឃើញថា ចំណូល ម.ព មានត្រឹមជាង ១០% នៃចំណូលចរន្តថវិកាជាតិ បានរួមចំណែករក្សាស្ថិរភាពហិរញ្ញវត្ថុ សាធារណៈ និងគាំទ្រសកម្មភាពសេដ្ឋកិច្ច ប្រកបដោយចីរភាព បរិយាបន្ន សមធម៌ និង ធន់នឹងវិបត្តិសេដ្ឋកិច្ច សង្គម ធានាបានប្រសិទ្ធភាពខ្ពស់ ហើយយើងទាំងអស់គ្នាសង្ឃឹមសុទិដ្ឋិនិយមថា តាមរយៈការអនុវត្តតាមផែនការគោលនេះក្នុងអំឡុងពេល១០ឆ្នាំខាងមុខ កម្ពុជានឹងទទួលបានសមិទ្ធផលល្អ និងកំណើនខ្ពស់លើស ១០% នៃចំណូលចរន្តថវិកាជាតិ ដែលបានពីប្រភពការប្រមូលចំណូល ម.ព។

ចំពោះផែនការគោលនេះ បានរៀបចំផ្តោតទៅតាម ជំពូកទី១៖ សេចក្តីផ្តើម, ជំពូកទី២៖ ចក្ខុវិស័យ
គោលបំណង និងយុទ្ធសាស្ត្រ, ជំពូកទី៣៖ ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, ជំពូកទី៤៖ ការពង្រឹងប្រព័ន្ធគ្រប់គ្រង និងការពង្រឹងស្ថាប័ន, ជំពូកទី៥៖ យន្តការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ និងជំពូកទី៦៖ សេចក្តីសន្និដ្ឋាន។ ជំពូកនីមួយៗ បានបរិយាយយកចិត្តទុកដាក់លើទិដ្ឋភាពទូទៅ វឌ្ឍនភាពការងារ បញ្ហាប្រឈម ចក្ខុវិស័យ គោលបំណង និងដាក់ចេញវិធានការអនុវត្ត ដើម្បីជំរុញការប្រមូលចំណូលមិនមែនសារពើពន្ធឱ្យកាន់តែមានប្រសិទ្ធភាព។ ការណ៍នេះ ទាមទារឱ្យមានការយកចិត្តទុកដាក់ពង្រឹងបន្ថែម និងការចូលរួមអនុវត្តពីក្រសួង ស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល សហគ្រាសសាធារណៈ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ.កសហវ. និងជាអគ្គលេខាធិការរង នៃ.អគហ៖កម្មវិធីPFM បានដើរតួនាទីយ៉ាងសំខាន់ក្នុងការរៀបចំកសាងប្រព័ន្ធការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់ប្រទេសឱ្យមានប្រសិទ្ធភាព អភិបាលកិច្ចល្អ ដោយពង្រឹងការប្រមូលចំណូល ម.ព តាមរយៈ
១.ការពង្រឹងការរៀបចំ និងអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ២.ទំនើបកម្មប្រព័ន្ធគ្រប់គ្រង ៣.ពង្រឹងយន្តការស្ថាប័ន និង៤.គាំទ្រគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ។
នាឱកាសក្នុងពិធីសិក្ខាសាលា ឯកឧត្តមបណ្ឌិត ឈន សុភាព បានថ្លែងថា “ថ្ងៃនេះមានគ្រប់
អង្គភាពប្រមូលចំណូលតាមដែនសមត្ថកិច្ច និងតាមវិស័យៗរៀងខ្លួន ដែលទទួលបាននូវចំណេះដឹង បទពិសោធន៍ នវានុវត្តន៍ និងទិសដៅកែទម្រង់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ” សូមយកចំណេះ ជំនាញទាំងនេះ សម្រាប់ចូលរួមអនុវត្តការងារទាំងអស់គ្នា។ បន្ទាប់មកផែនការគោលនេះ នឹងបានរួមចំណែកជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ- ដំណាក់កាលទី១ ដើម្បីអភិវឌ្ឍ សង្គម សេដ្ឋកិច្ច និងកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចចក្ខុវិស័យ ឆ្នាំ២០៥០។ ទន្ទឹមនឹងនេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី នឹងបន្តគាំទ្រជំរុញកម្មវិធីកំណែទម្រង់លើគ្រប់វិស័យ ក្រោមសមត្ថកិច្ចរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

តាមរយៈសិក្ខាសាលានេះ ការអនុវត្តផែនការគោលសម្រេចទៅបានជោគជ័យ ទាមទារនូវឆន្ទៈនយោបាយ ការប្ដេជ្ញាចិត្តខ្ពស់ ការផ្លាស់ប្ដូរ ផ្នត់គំនិតថ្មី និងការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏ដូចជាផ្នែកឯកជន និងប្រជាពលរដ្ឋទូទៅ ដើម្បីរួមគ្នាអនុវត្តវិធានការគន្លឹះៗ ដែលបានដាក់ចេញ៖សូមក្រសួង ស្ថាប័ន និងអង្គភាពទាំងអស់ ត្រូវចូលរួមអនុវត្តគោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ជាធរមាន នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, អទច.បន្តអភិវឌ្ឍន៍ និងពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ(NRMIS)ឱ្យបានទូទាំងប្រទេស,អទច.បន្ត អភិវឌ្ឍន៍និងពង្រីកការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ(SARMIS) ជំនាន់ថ្មីឱ្យបានទូទាំងប្រទេស, បន្តកែសម្រួលយុទ្ធសាស្ដ្រស្ដីពីការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ ឆ្នាំ២០២៥-២០៣0, បន្តចូលរួមអនុវត្តកម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ សម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ និងបន្តពង្រឹងកិច្ចសហការអន្តរក្រសួង ស្ថាប័ន ជំរុញការអនុវត្តរបបរាយការណ៍ឱ្យបានទៀងទាត់ពីមន្ទីរ.សហវ.រាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធ។








