Advertisement
រដ្ឋថៃ​ធានាថ្លៃស្រូវជូនកសិករ

ថៃ នឹងបញ្ចេញថវិកាជាង ៦៨០ លានដុល្លារ ធានាថ្លៃស្រូវជូនកសិករ


នៅទីបំផុត គណៈកម្មាធិការជាតិគោលនយោបាយស្រូវថៃ បានសម្រេចដាក់ចេញនូវកញ្ចប់ថវិកា២១ ពាន់លានបាត ឬស្មើនឹងប្រមាណ ៦៨០ លានដុល្លារអាមេរិក សម្រាប់គម្រោងធានាថ្លៃស្រូវជូនកសិករ ដែលវាជាវិធានការណ៍មួយ ជួយដល់ទីផ្សារស្រូវអង្ករក្នុងប្រទេសថៃ កុំឲ្យធ្លាក់ថ្លៃ។ ការសម្រេចអនុម័តនេះដែរ គឺធ្វើឡើងបន្ទាប់ពីមានការស្នើពីក្រសួងពាណិជ្ជកម្មថៃ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានបាងកកប៉ុស្ដិ៍នៅថ្ងៃនេះ។
ថៃ នឹងបញ្ចេញថវិកាជាង ៦៨០ លានដុល្លារ ធានាថ្លៃស្រូវជូនកសិករ (រូបភាព៖ https://image.freepik.com)
ដោយ
Advertisement

ការសម្រេច​បញ្ចេញ​កញ្ចប់ថវិកា​ធានា​ថ្លៃ​ស្រូវ​ ​នេះ គឺធ្វើឡើង​កាលពី​ថ្ងៃពុធ ទី២១ សីហានេះ ដោយ​គណៈកម្មាធិការ​ជាតិ​គោលនយោបាយ​ស្រូវអង្ករ នៃប្រទេសថៃ ដែលមាន​លោក​ប្រយុទ្ធចាន់ អ៊ូចារ នាយករដ្ឋមន្ត្រីថៃ ជាប្រធាន។

គម្រោងនេះ នឹងត្រូវគ្របដណ្ដប់​លើ​ស្រូវចំនួន ៥ប្រភេទ រួមមាន ប្រភេទស្រូវអង្ករស ស្រូវក្រអូប​ហូម៉ាលី ស្រូវ​ក្រអូប ផាត់ធំ ថានី ស្រូវដំណើប​ និង​ស្រូវអង្ករក្រអូប​តាមបណ្ដាខេត្ត។ លើសពីនេះទៀត តម្លៃ​នៃការធានា​ថ្លៃស្រូវនីមួយៗ​មាន​ខុសៗគ្នាដែរ ពោលគឺមាន​ការធានា​ថ្លៃ ចន្លោះពី ១ម៉ឺនបាត ទៅ ១ម៉ឺន​៥ពាន់បាត ក្នុងស្រូវមួយតោន បើគិតជាដុល្លារ គឺចន្លោះពីប្រមាណ ៣២៣ ដុល្លារទៅ ៤៨៥ ដុល្លារ ក្នុងមួយស្រូវ​មួយតោន

បន្ទាប់ពីមាន​សម្រេច​របស់​គណៈកម្មាធិការជាតិ​គោលនយោបាយ​ស្រូវរួចហើយនោះ សំណើនឹង​ត្រូវដាក់​ជូន​ទៅ​ដល់​គណៈរដ្ឋមន្ត្រី​ដើម្បីអនុម័ត​នៅថ្ងៃទី ២៧ សីហាខាងមុខនេះ។

គម្រោង​ធានាថ្លៃស្រូវ​សម្រាប់​ប្រជាកសិករថៃនេះ ត្រូវបាន​គេរំពឹងថា នឹង​ជួយដល់​គ្រួសារកសិករ​ប្រមាណ ជិត​៤លាន​គ្រួសារ។

សូមជម្រាបថា ការធានាថ្លៃស្រូវនេះ នឹងផ្ដល់សំណង​ដល់កសិករ​បើសិនជា​តម្លៃ​ទីផ្សារ​ទាបជាង​កំរិត​គោល​ដែលបាន​កំណត់​ធានា។

លោក សូទិព្វ គង់ម៉ាក ទីប្រឹក្សា​សមាគម​កសិកម្ម​ថៃ បាន​និយាយថា លោកសាទរ​ចំពោះគម្រោងនេះ ប៉ុន្ដែ​លោកថា ថវិការបស់រដ្ឋ​អាចនឹង​មិន​ត្រូវបានចំណាយ​ដល់​៦៨០ លាន​ដុល្លារនោះទេ បើសិនជា​ស្រូវនៅរក្សា​បានតម្លៃខ្ពស់​ជាង​តម្លៃ​ធានា។ លោកសូទិព្វ ជំរុញឲ្យ​រាជរដ្ឋាភិបាល កំណត់ថវិកា ដើម្បីឧបត្ថម្ភធន​សម្រាប់ការចំណាយ​ថ្លៃដើម​ផលិត​ និងការគ្រប់គ្រង​តម្រូវការទឹកវិញ​។ 

ដោយឡែក ប្រធាន​សមាគមអ្នកនាំចេញ​ស្រូវថៃឯណោះវិញ ក៏បានលើកឡើងដែរថា រាជរដ្ឋាភិបាល​គួរតែ​ណែនាំនូវ​វិធានការ​រយៈពេលវែង ដើម្បី​អភិវឌ្ឍ​ឧស្សាហកម្ម​ស្រូវអង្ករក្នុងប្រទេស។ សមាគមនេះ បន្ថែមទៀតថា រដ្ឋត្រូវតែ​ដាក់ចេញនូវ​វិធានការណ៍​រយៈពេលមធ្យម និងវែង ដើម្បី​អភិវឌ្ឍដូចជា កាត់បន្ថយ​ថ្លៃដើមផលិត និង​ពង្រីក​សមត្ថភាព​ផលិតកម្មជាដើម។

សមាគមអ្នកនាំចេញ​ស្រូវថៃដដែលនេះ បាន​បញ្ជាក់ទៀតថា ខ្លួនក៏មាន​ឆន្ទៈ​សហការ​ជាមួយក្រសួង​ ដើម្បីកែ​សម្រួល​នូវ​ទីផ្សារ​ស្រូវចាស់ដូចជា នៅប្រទេស​អ៊ីរ៉ាក់ និងអ៊ីរ៉ង​ ដែលបាន​ឈប់ទិញអង្ករពីថៃ នាប៉ុន្មានឆ្នាំមកនេះ។ លើសពីនេះទៀត សមគម ក៏មាន​ផែនការ ពង្រីក​ទីផ្សារគោលដៅ ទៅកាន់ប្រទេស​ជប៉ុន និងចិនផងដែរ។ 

សូមជម្រាបថា កាលពីឆ្នាំ ២០១៨ ប្រទេសថៃ បាននាំចេញអង្ករ​សរុប​មានរហូតដល់ ១១ លានតោន ប៉ុន្ដែ សម្រាប់ឆ្នាំ២០១៩នេះវិញ សមាគមអ្នក​នាំចេញអង្ករថៃ បានទម្លាក់ការព្យាករណ៍ សម្រាប់ការ​នាំចេញអង្ករ មកនៅត្រឹម ៩លានតោនប៉ុណ្ណោះ ដែលថយចុះប្រមាណ ១៧ភាគរយ ធៀបនឹងឆ្នាំ​ ២០១៨ ដោយសារតែជួប​នឹងបញ្ហាគ្រោះរាំងស្ងួត និងរងផលប៉ះពាល់ពី ការបញ្ចេញ​លក់ស្តុក​អង្ករចាស់របស់ ចិន៕​ 

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គម្រោងលំនៅដ្ឋានតម្លៃសមរម្យទាំង ៤ ទីតាំង ដែលអ្នកគួរពិចារណាទិញស្នាក់នៅ

ព័ត៌មាន
ការអភិវឌ្ឍប្រភេទលំនៅដ្ឋានតម្លៃសមរម្យសម្រាប់ប្រជាជនចំណូលទាប និងមធ្យម ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បន្តលើកទឹកចិត្តគួរឲ្យកត់សម្គាល់ខណៈដែល តម្...

បើកលក់​តែ ២ថ្ងៃប៉ុណ្ណោះ! មូលបត្របំណុលរបស់ធនាគារ ABA លក់បាន ២១ លានដុល្លារ

ព័ត៌មាន
បន្ទាប់ពីការបោះផ្សាយលក់រយៈពេល តែ២ថ្ងៃ ប៉ុណ្ណោះ ធនាគារ ABA ប្រមូលបានទុនវិនិយោគពីការលក់មូលបត្របំណុលនេះ ប្រមាណ ២១ លានដុល្លារអាមេរិក ជ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ