ក្រោយកម្ពុជា និងថៃ បិទការដោះដូរពាណិជ្ជកម្មទ្វេភាគីតាមច្រកព្រំដែនគោក ការនាំចូលទំនិញពីសិង្ហបុរី មកកាន់ទីផ្សារកម្ពុជា មានការកើនឡើងយ៉ាងគំហុកនៅក្នុងរយៈពេល៦ខែជាប់ៗគ្នាពោលគឺចាប់ពីសីហាឆ្នាំ២០២៥ ដល់ខែមករា ឆ្នាំ២០២៦ គួរឱ្យភ្ញាក់ផ្អើល។ ជាក់ស្តែងបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងខែមករា កន្លងទៅ កម្ពុជា បាននាំចូលទំនិញពីទីផ្សារសិង្ហបុរី ក្នុងទំហំទឹកប្រាក់១៦៦លានដុល្លារ កើនឡើងប្រមាណ២៥២% បើធៀបនឹងខែមករា ឆ្នាំមុន។ ជាមួយគ្នានេះ កាលពីខែធ្នូ ឆ្នាំ២០២៥ កម្ពុជាបាននាំចូលតំនិញពីសិង្ហបុរី មានទំហំទឹកប្រាក់១៩៣លានដុល្លារ កើនឡើង១៩៦% ខណៈការនាំចូលកាលពីខែវិច្ឆិកា មានទំហំជាង៣៤៧លានដុល្លារ កើនឡើងរហូតដល់ដល់៦៣៧%ឯណោះ។
លោកបណ្ឌិត ឌុច ដារិន្ទ អ្នកជំនាញសេដ្ឋកិច្ច បានគូសបញ្ជាក់ថា ការនាំចូលទំនិញពីសិង្ហបុរីមកកម្ពុជា មានកំណើនយ៉ាងគំហុកនៅមួយរយៈពេលចុងក្រោយនេះ គឺត្រូវបានជំរុញដោយកំណើនខ្ពស់នៃការនាំចូលប្រេងឥន្ទនៈ និងវត្ថុធាតុដើមមួយចំនួន ដែលគាំទ្រដល់ការប្រើប្រាស់ប្រចាំថ្ងៃ និងជាសញ្ញានៃការពង្រីកសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។ ចំពោះអនាគត នៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគី នៃប្រទេសទាំងពីរ អ្នកជំនាញរូបនេះជឿជាក់ថា នឹងបន្តមានកំណើនវិជ្ជមានបន្ថែមទៀត ដ្បិតប្រទេសទាំងពីរស្ថិតក្រោមកិច្ចព្រមព្រៀង RCEP រួមគ្នា ដែលផ្តល់ភាពអនុគ្រោះពាណិជ្ជរវាងគ្នាទៅវិញទៅមក ក្នុងនោះទំនិញកម្ពុជា ដែលមានសក្តានុពលខ្ពស់ក្នុងការនាំចេញទំនិញទៅកាន់សិង្ហបុរី មានដូចជា អង្ករ កសិកម្មកែច្នៃ ផលិតផលកាត់ដេរ និងគ្រឿងបង្គុំអេឡិចត្រូនិកជាដើម ខណៈការផ្គត់ផ្គង់ពីសិង្ហបុរី មកកម្ពុជាវិញ មានដូចជាវត្ថុធាតុដើម បច្ចេកវិទ្យា និងសេវាហិរញ្ញវត្ថុជាដើម។
ដោយឡែក ឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុន ឡាញហល អិចប្រេស បានវាយតម្លៃថា ការនាំចូលពីសិង្ហបុរី មានកំណើនយ៉ាងគំហុកនៅ៦ខែកន្លងមកនេះ គឺត្រូវបានជំរុញដោយការបិទច្រកព្រំដែនគោករវាងកម្ពុជា-ថៃ ដូច្នេះទំនិញចាំបាច់មួយចំនួន ដូចជាវត្ថុធាតុដើម និងគ្រឿងបង្គុំបម្រើដល់វិស័យឧស្សាហកម្មជាដើម ដែលបាននាំចូលពីថៃ មកកាន់កម្ពុជា ត្រូវបានបង្វែរមកដឹកជញ្ជូនតាមផ្លូវទឹក ដោយឆ្លងកាត់សិង្ហបុរី។ ម្យ៉ាងវិញទៀត សម្ទុះនៃការនាំចូលផលិតផលសិង្ហបុរីមួយចំនួន ដែលកម្ពុជា មានតម្រូវការប្រើប្រាស់ជំនួសឱ្យផលិតផលថៃ ក៏ជាកត្តាជំរុញទំហំកំណើននាំចូលនេះផងដែរ។ សម្រាប់អ្នកជំនាញរូបនេះ សិង្ហបុរី គឺជាទីផ្សារដោះដូរពាណិជ្ជកម្ម និងការដឹកជញ្ជូនទំនិញដ៏មានសក្តានុពលមួយរបស់កម្ពុជា ទាំងលក្ខណៈទ្វេភាគី និងឆ្លងកាត់ទៅកាន់ប្រទេសទី៣។
សូមបញ្ជាក់ថា នៅ១ខែដំបូងឆ្នាំ២០២៦ ការដោះដូរពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសិង្ហបុរីសម្រេចបានទឹកប្រាក់ជាង១៧៤លានដុល្លារ កើនឡើងប្រមាណ២២៤% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ដោយឡែកនៅពេញមួយឆ្នាំ២០២៥ កន្លងទៅ ការដោះដូរពាណិជ្ជកម្មទ្វេភាគីសម្រេចបានទឹកប្រាក់ជាង១ពាន់៤រយលានដុល្លារកើនឡើងជាង៥៦% បើធៀបនឹងឆ្នាំ២០២៤៕