
តួយ៉ាងនៅក្នុងរយៈពេល៨ខែកន្លងមកនេះ កម្ពុជា បានចំណាយថវិកាជាង២៨២លានដុល្លារលើការនាំចូលជីកសិកម្ម កើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែយ៉ាងណា អ្នកជំនាញក្នុងវិស័យកសិកម្ម បានអះអាងថា ការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនាពេលបច្ចុប្បន្ននេះហាក់មានការថយចុះគួរឱ្យកត់សម្គាល់ ក្រោយតម្លៃកសិផលមួយចំនួនធ្លាក់ថ្លៃ។
លោក ហួរ ធីនាង ប្រធានគ្រប់គ្រងទូទៅផ្នែកជីថ្នាំកសិកម្មនៅក្រុមហ៊ុនអង្គរហ្គ្រីន បានគូសបញ្ជាក់ថា តម្រូវការប្រើប្រាស់ជីកសិកម្មរបស់ប្រជាកសិករនៅឆ្នាំនេះហាក់មានការធ្លាក់ចុះគួរឱ្យកត់សម្គាល់។ ជាក់ស្តែងការលក់ជីកសិកម្មរបស់ក្រុមហ៊ុនអង្គរហ្គ្រីន បានធ្លាក់ចុះប្រមាណ១៥% ទៅ២០% នៅក្នុងរយៈពេល៨ខែឆ្ឆាំនេះ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញរូបនេះ បានវាយតម្លៃថា អាចដោយសារតម្លៃកសិកផលមួយចំនួនដូចជាស្រូវ ដំឡូងមី និងស្វាយជាដើម មានការធ្លាក់ចុះខ្លាំងនៅឆ្នាំនេះ ដែលជំរុញឱ្យប្រជាកសិករកាត់បន្ថយការដាំដុះ និងប្រើប្រាស់ធាតុចូល បើទោះបីជាតម្លៃជីថ្នាំកសិកម្មនាពេលបច្ចុប្បន្ននេះមានស្ថានភាពល្អប្រសើរក៏ដោយ។
តែទោះជាយ៉ាងណាក៏ដោយ ស្របពេលកម្ពុជា បិទការនាំចូលបន្លែ និងផ្លែឈើពីថៃ លោករំពឹងថា ការផលិតកសិផលសម្រាប់បំពេញតម្រូវការប្រើប្រាស់ក្នុងស្រុកនឹងមានការកើនឡើង ដែលនឹងជំរុញឱ្យតម្រូវការប្រើប្រាស់ជីកសិកម្មនៅឆ្នាំក្រោយៗនឹងមានកំណើនល្អប្រើសើរឡើងវិញ។
ទោះបីតម្រូវការប្រើប្រាស់ជីកសិកម្មនៅឆ្នាំមានទំនោរធ្លាក់ចុះ ប៉ុន្តែបើមើលទៅលើតម្លៃនៃការនាំចូលជីកសិកម្មរបស់កម្ពុជា នៅក្នុងរយៈពេល៨ខែ ឆ្នាំ២០២៥ នេះវិញ គឺមានការកើនឡើងជាង១២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយកម្ពុជា បានចំណាយថវិកាជាង២៨២លានដុល្លារក្នុងការនាំចូលជីថ្នាំកសិកម្ម។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករ៕