ការនាំចូលបន្លែ

តើការនាំចូលបន្លែ និងផ្លែឈើពីវៀតណាមមានស្ថានភាពបែបណា ក្រោយកម្ពុជាបិទការនាំចូលពីថៃ?


ចាប់តាំងពីកម្ពុជាបានបិទការនាំចូលបន្លែ និងផ្លែឈើទាំងស្រុងពីប្រទេសថៃ ដោយសារបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃមក គេសង្កេតឃើញថា ការនាំចូលបន្លែ និងផ្លែឈើពីប្រទេសវៀតណាមចូលមកកាន់ទីផ្សារកម្ពុជាហាក់មានការកើនឡើងគួរឱ្យកត់សម្គាល់។ ទន្ទឹមនឹងការនាំចូលមានការកើនឡើង អ្នកជំនាញ ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការត្រួតពិនិត្យគុណភាព និងគិតគូរលើបរិមាណនាំចូលឱ្យបានត្រឹមត្រូវ ដើម្បីកុំឱ្យប៉ះពាល់ដល់ទីផ្សារបន្លែ និងផ្លែឈើក្នុងស្រុក ជាពិសេសសុខភាពរបស់អ្នកបរិភោគ។
ការនាំចូលបន្លែ
ដោយ

លោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការបង្កើនការនាំចូលបន្លែផ្លែឈើពីទីផ្សារផ្សេងៗចូលមកកម្ពុជា ក្រោយកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃវាជារឿងធម្មតា ហើយនាំចូលពីទីផ្សារណានោះ ក៏មិនមែនជាកត្តាសំខាន់នោះដែរ។ ប៉ុន្តែអ្វីដែលសំខាន់ គឺការត្រួតពិនិត្យទៅលើបញ្ហាគុណភាព និងសុវត្ថិភាពរបស់បន្លែផ្លែឈើនាំចូលទាំងនោះ។ តួយ៉ាងកន្លងមក លោកកត់សម្គាល់ឃើញថា បន្លែផ្លែឈើដែលនាំចូលពីវៀតណាមមួយចំនួនត្រូវបានអាជ្ញាធរជំនាញរកឃើញមានផ្ទុកសារធាតុដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន ដូច្នេះទាមទារឱ្យអាជ្ញាធរពាក់ព័ន្ធបង្កើនការត្រួតពិនិត្យបន្ថែមទៀត។ ហើយការនាំចូលទៀតសោតអ្នកជំនាញរូបនេះយល់ឃើញថា ចាំបាច់ត្រូវគិតគូរលើបរិមាណតម្រូវការប្រើប្រាស់ឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្តាត់ការនាំចូលច្រើនលើសលប់ធ្វើឱ្យប៉ះពាល់ដល់ទីផ្សារបន្លែ និងផ្លែឈើក្នុងស្រុក។

ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម គឹម មាសសុខសីហា អគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) ទទួលស្គាល់ថា ចាប់តាំងពីកម្ពុជាបិទការនាំចូលបន្លែ និងផ្លែឈើពីថៃមក ការហូរចូលនូវបន្លែផ្លែឈើពីវៀតណាមហាក់មានការកើនឡើងជាងមុនពិតប្រាកដមែន ដើម្បីបំពេញតម្រូវការប្រើប្រាស់នៅកម្ពុជា។ ជុំវិញកំណើននាំចូលនេះដែរ មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា អគ្គនាយកដ្ឋានគយនិងរដ្ឋាករ បានសហការជាមួយអគ្គនាយកដ្នាន ក.ប.ប ពង្រឹងការត្រួតពិនិត្យរកសាធាតុនានាដែលអាចបង្ករផលប៉ះពាល់ដល់សុខភាពនៅលើបន្លែផ្លែឈើដែលបាននាំចូលពីប្រទេសវៀតណាម ខណៈកន្លងមកអាជ្ញាធរក៏បានរកឃើញបន្លែផ្លែឈើមួយចំនួនមានផ្ទុកនូវសំណល់ថ្នាំកសិកម្មផ្សេងៗផងដែរ។ ឯកឧត្តមបានបន្តថា ក្រៅពីពង្រឹងការត្រួតពិនិត្យនៅតាមច្រកព្រំដែននាំចូល អគ្គនាយកដ្នាន ក.ប.ប ក៏បានចុះត្រួតពិនិត្យនៅតាមផ្សារលក់បន្លែផ្លែឈើនានាផងដែរ។

គួរជម្រាបថា កម្ពុជាបានសម្រេចបិទការនាំចូលបន្លែ និងផ្លែឈើពីប្រទេសថៃទាំងស្រុងកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ក្រោយយោធាថៃមិនព្រមបើកច្រកទ្វារព្រំដែនដែលខ្លួនបានបិទជាឯកតោភាគីឱ្យដូចសភាពដើមវិញតាមការចង់បានរបស់កម្ពុជា៕




អត្ថបទបន្ទាប់


គោលនយោបាយពន្ធគយរបស់លោក ត្រាំ នឹងទាញទម្លាក់ការនាំចេញរបស់អាស៊ី

ការនាំចេញទំនិញពីតំបន់អាស៊ីទៅកាន់សហរដ្ឋអាម៉េរិកបានកើនឡើងយ៉ាងខ្លាំងនៅមុនពេលពន្ធគយរបស់ប្រធានាធិបតីអាម៉េរិកលោក ដូណាល់ ត្រាំ បានចូលជាធ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ