វិស័យពាណិជ្ជកម្ម

លោក ត្រាំ ពិចារណាដាក់ពន្ធគយថ្មីក្រោមហេតុផលសន្តិសុខជាតិ ដែលអាចប៉ះពាល់ដល់ពាណិជ្ជកម្មតំបន់អាស៊ីក្នុងទំហំទឹកប្រាក់៦២១ពាន់លានដុល្លារ


ស្របពេលតុលាការកំពូលរបស់សហរដ្ឋអាម៉េរិក កំពុងផ្ទៀងផ្ទាត់ និងពិចារណាថា តើត្រូវលុបចោលពន្ធគយបដិការដ៏ចម្រូងចម្រាសរបស់លោក ដូណាល់ ត្រាំ ឬក៏អត់នោះ បែរជាសេតវិមានកំពុងពិចារណាដាក់ចេញពន្ធគយបន្ថែមទៀត ដោយផ្អែកលើហេតុផលសន្តិសុខជាតិ។ វិធានការនេះ ត្រូវបានគេរំពឹងថា នឹងជះឥទ្ធិពលអវិជ្ជមានដល់ទំហំពាណិជ្ជកម្មនៅតំបន់អាស៊ីរហូតដល់ទៅ៦២១ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Nikkei Asia។
វិស័យពាណិជ្ជកម្ម
ដោយ

​លោក ដូណាល់ ត្រាំ កំពុងប្រើប្រាស់មាត្រា ២៣២ នៃច្បាប់ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលអាម៉េរិក អាចដាក់ពន្ធគយ ប្រសិនបើទំនិញនាំចូលពីប្រទេសផ្សេងៗត្រូវបានមើលឃើញថា ជាហានិភ័យគំរាមកំហែងដល់សន្តិសុខជាតិ របស់អាម៉េរិក។ រដ្ឋបាលរបស់លោក ត្រាំ បានចាប់ផ្តើមបើកការស៊ើបអង្កេតចំនួន១៤ករណីហើយលើផលិតផលផ្សេងៗដូចជា ដែកថែប អាលុយមីញ៉ូម រថយន្ត បន្ទះឈីប ឱសថ គ្រឿងចក្រ និង រ៉ែសំខាន់ៗ។ សូមបញ្ជាក់ថា លោក ត្រាំ ជាប្រធានាធិបតីអាម៉េរិក ទី៤៧ ដែលបានប្រើប្រាស់អំណាចពិសេសនេះច្រើនជាងប្រធានាធិបតីអាម៉េរិកមុនៗទាំងអស់។

ប្រទេសចិន គឺជាប្រទេសក្នុងតំបន់អាស៊ី ដែលងាយរងគ្រោះខ្លាំងជាងគេបំផុត ដោយទំនិញដែលគិតជាទឹកប្រាក់មានរហូតដល់ទៅ​១៤២ពាន់លានដុល្លាររបស់ខ្លួនស្ថិតក្នុងហានិភ័យដោយសារពន្ធនេះ។ ក្នុងនោះបណ្ដាប្រទេសជាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ក៏រងផលប៉ះពាល់ផងដែរ រួមទាំងប្រទេសជប៉ុន ដែលមានទំនិញគិតជាទឹកប្រាក់​១០៧ពាន់លានដុល្លារ និងកូរ៉េខាងត្បូង ដែលមានទំនិញគិតជាប្រាក់ចំនួន​១០២ពាន់លានដុល្លារ ទោះបីជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៊ីនតោន យ៉ាងណាក៏ដោយ។

ពន្ធគយដែលត្រូវបានដាក់រួចហើយ ឬ​កំពុងស្ថិតក្រោមការពិចារណា រួមមាន ដែកថែប និងអាលុយមីញ៉ូម ដែលមានអត្រាពន្ធរហូតដល់៥០% ទង់ដែង៥០% រថយន្ត និងគ្រឿងបន្លាស់រថយន្ត២៥% គ្រឿងសង្ហារិម និងផលិតផលឈើពី១០–២៥% រួមទាំងពន្ធលើរថយន្តដឹកទំនិញ ដ្រូន គ្រឿងចក្រ និងមនុស្សយន្ត, ឧបករណ៍អេឡិចត្រូនិក និងបន្ទះឈីប, ឱសថ និងសម្ភារៈវេជ្ជសាស្ត្រ, រ៉ែសំខាន់ៗ និងគ្រឿងបន្លាស់ទួរប៊ីនខ្យល់ផងដែរ។

ក្រុមអ្នកជំនាញបានលើកឡើងថា ពន្ធគយទាំងនេះឆ្លុះបញ្ចាំងពីគោលនយោបាយគាំពារនិយមកាន់តែខ្លាំងនៅក្នុងអាណត្តិទី២ របស់លោក ដូណាល់ ត្រាំ ហើយអាចធ្វើឱ្យថ្លៃដើមផលិតសម្រាប់ក្រុមហ៊ុន និងតម្លៃទំនិញសម្រាប់អ្នកប្រើប្រាស់នៅសហរដ្ឋអាម៉េរិក កើនឡើង​ ខណៈដែលប្រទេសមួយចំនួនទទួលបានការលើកលែង ឬ អត្រាទាបជាងនេះ។ ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគព្រមានថា ពន្ធគយនាពេលអនាគតនឹងនៅតែអាចត្រូវអនុវត្តដដែលដោយចៀសមិនផុត។ សរុបជារួមពន្ធគយអាចធ្វើឱ្យខ្សែច្រវាក់ផ្គត់ផ្គង់សកលមានការប្រែប្រួល និងបង្កើនសម្ពាធសេដ្ឋកិច្ចលើបណ្ដាប្រទេសនៅអាស៊ី និងបណ្ដាសម្ពន្ធមិត្តរបស់សហរដ្ឋអាម៉េរិក ផងដែរ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កត្តាសំខាន់អ្វីខ្លះជំរុញឱ្យថៃ ដែលជាសម្ពន្ធមិត្តរបស់អាម៉េរិក លួចសម្រុកទិញសព្វាវុធពីចិនកាន់តែច្រើន?

ប្រទេសជាច្រើននៅលើសកលលោកសុទ្ធតែដឹងច្បាស់ថា ប្រទេសថៃ ជាសម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់អាម៉េរិក ដែលបានចុះសន្ធិសញ្ញាជាមួយគ្នាត្រឹមត្រូវ ប៉ុន្តែប្រទេ…

ចិន ស៊ើបអង្កេតលើឧត្តមសេនីយ៍កំពូលម្នាក់ ក្រោយសង្ស័យទម្លាយអាថ៌កំបាំងនុយក្លេអ៊ែឱ្យសហរដ្ឋអាម៉េរិក

យោងតាមរបាយការណ៍ស៊ើបអង្កេតរបស់កាសែត Wall Street Journal ដោយដកស្រង់ប្រភពមិនបញ្ជាក់អត្តសញ្ញាណ បានទម្លាយថា ឧត្តមសេនីយ៍លំដាប់កំពូលម្នាក់រប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ