ប្រាក់ចំណេញអេស៊ីលីដា

ធនាគារអេស៊ីលីដារកបានប្រាក់ចំណេញសុទ្ធជាង ៤៤លានដុល្លារ កើនជិត៣០% នៅត្រីមាសទី១ឆ្នាំ២០២១


ធនាគារអេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា បានប្រកាសពីរបាយការណ៍ហិរញ្ញវត្ថុរបស់ខ្លួន ដោយក្នុងនោះ ប្រាក់ចំណេញសុទ្ធរបស់ធនាគារនេះ សម្រេចបានដល់ទៅជាង ៤៤លានដុល្លារអាមេរិក កើនឡើងដល់ទៅជិត ៣០% បើធៀបនឹងត្រីមាសទី១ឆ្នាំ២០២០។ នេះបើតាមរបាយការណ៍ ដែលបង្ហាញដោយផ្សារមូលបត្រកម្ពុជា។
លោកបណ្ឌិត អុិន ចាន់នី ប្រធាន​នាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី

នៅក្នុងនោះដែរ ប្រាក់ចំណូល​របស់​ធនាគារ​អេស៊ីលីដា សម្រេចបាន​ដល់ទៅជិត​១៦០លាន​ដុល្លារអាមេរិក កើនឡើង​ជាង​៨%។

របាយការណ៍​ពីផ្សារមូលបត្រ​កម្ពុជា បានគូសបញ្ជាក់ថា មូលហេតុ​ដែលជំរុញ​ឲ្យ​អេស៊ីលីដា​សម្រេចបានកំណើន​នៅត្រីមាសទី១នេះ គឺភាគច្រើន​បណ្ដាលមកពី​ការកើនឡើង​នូវ​ចំណូល​ការប្រាក់សុទ្ធ​ជាង​១២% ដែលស្មើនឹង​ប្រមាណ​ជាង​ ១១លាន​ដុល្លារអាមេរិក ធៀបនឹង​ត្រីមាសទី១​នៅឆ្នាំ២០២០។

លោកស្រី ម៉ារ អមរា អនុប្រធាន​នាយក​ប្រតិបត្តិជាន់ខ្ពស់ និង​ជា​គណៈប្រធាន​នាយិកា​ប្រតិបត្តិ​ហិរញ្ញវត្ថុ ធនាគារអេស៊ីលីដា បានគូសបញ្ជាក់ថា «ដើម្បីចូលរួមគាំទ្រ​ការរីកលូតលាស់អាជីវកម្មរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី បានបញ្ចុះអត្រាការប្រាក់​លើការស្នើសុំ​ឥណទានថ្មី​គ្រប់ប្រភេទ និងដោយកាន់តែមាន​ភាពងាយស្រួល អតិថិជន​ទាំងអស់​អាចដាក់សំណើ​សុំឥណទានតាមរយៈ អេស៊ីលីដាម៉ូបាល ធ្វើឲ្យសមតុល្យឥណទានដុលសរុបនៅត្រីមាសទី១ ឆ្នាំ២០២១ មានការកើនឡើងគួរឲ្យកត់សម្គាល់ »។

លោកស្រីបន្ថែមថា ប្រាក់ចំណេញ​ដែលផ្តល់ជូនដល់​ភាគហ៊ុនិក​របស់ធនាគារ​នៅត្រីមាសទី១​នេះ​មានចំនួនជាង ៤៤ លានដុល្លារ​អាមេរិក កើនឡើង ១០ លានដុល្លារ​អាមេរិក ឬស្មើនឹងជាង ២៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០ ដែលកំណើននេះ ភាគច្រើនមកពីការកើនឡើងនៃចំណូលការប្រាក់ចំនួន១១,៨១ លាន​ដុល្លារអាមេរិក ឬជាង ៩% បើធៀបនឹងត្រីមាសទី១ ឆ្នាំ២០២០។

អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់​នៃធនាគារអេស៊ីលីដារូបនេះ បាន​លើកឡើងទៀតថា «នៅក្នុងបរិបទ​នៃ​លក្ខខណ្ឌសេដ្ឋកិច្ច ដែលបានរងផល​ប៉ះពាល់​ដោយសារ​ការរីករាលដាល​នៃជំ​ងឺកូវីដ-១៩ ឆ្លងចូលក្នុងសហគមន៍នៅកម្ពុជា​​នៅត្រីមាសទី១ឆ្នាំ២០២១នេះ អាចជះឥទ្ធិពលដល់​សមត្ថភាព​សងត្រលប់​មកវិញ​របស់អតិថិជន ដែលគុណភាព​ឥណទាន​របស់​ធនាគារអាច​រងផល​ប៉ះពាល់​បន្តិចបន្តួច ដែល​អនុបាតឥណទាន​មិន​ដំណើរការ​ស្ថិតនៅកម្រិត​គ្រប់គ្រង​បាន ២,២៤% គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១»។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ប្រាក់បញ្ញើ​សរុប​​របស់ធនាគារអេស៊ីលីដា បានកើនឡើង​ចំនួន ជាង ៣៤៤ លានដុល្លារ​អាមេរិក ហើយសមតុល្យឥណទាន​សរុប​បានកើន​ឡើងចំនួនជាង ២៦០ លានដុល្លារអាមេរិក បើធៀបនឹងដំណាច់ឆ្នាំ២០២០៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អឺរ៉ុប និងឥណ្ឌាយល់ព្រមវិលចូលតុចរចា FTA ឡើងវិញហើយ ក្រោយផ្អាកអស់៨ឆ្នាំ

ព័ត៌មាន
សហភាពអឺរ៉ុប និងឥណ្ឌា កាលពីចុងសប្ដាហ៍មុននេះ បានសម្រេចយល់ព្រមចាប់ដៃគ្នា វិលចូលតុចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីឡើងវិញហើយ បន្ទា…

រដ្ឋមន្ត្រីកសិកម្ម៖ ផ្លែចេកស្រស់កម្ពុជា កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាង

ព័ត៌មាន
រដ្ឋមន្ត្រីក្រសួងកសិកម្ពុជា ឯកឧត្តម វេង សាខុន អះអាងថា ផលិតផលផ្លែចេកស្រស់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ កំពុងប្រកួតប្រជែងដណ្ដើមទីផ្សារគ្នាជាមួ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ