អង្គការសហប្រជាតិ

នៅចំពោះមុខអាម៉េរិក ចិន និងរុស្ស៊ី ប្រមុខ UN ជំរុញឱ្យរដ្ឋសមាជិកគោរពដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ


ក្រោយសហរដ្ឋអាម៉េរិក ធ្វើប្រតិបត្តិការយោធាពិសេសចូលទៅចាប់ខ្លួនប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ និងភរិយា ហើយបញ្ជូនមកកាន់ទីក្រុងញូវយ៉ក ដើម្បីដំណើរការរឿងក្តីឧក្រិដ្ឋកម្មគ្រឿងញៀន ប្រមុខអង្គការសហប្រជាជាតិ (UN) បានកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់មួយកាលពីថ្ងៃទី៥ ខែមករា ដើម្បីពិភាក្សាលើបញ្ហានេះ។ នៅក្នុងកិច្ចប្រជុំនោះប្រមុខ UN បានជំរុញឲ្យប្រទេសជាសមាជិកគោរពគោលការណ៍អធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋនីមួយៗ។
អង្គការសហប្រជាតិ
ដោយ

សារព័ត៌មាន Channel News Asia បានរាយការណ៍កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ ថា ប្រមុខអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គោតេរ៉េស បានជំរុញឱ្យមានរដ្ឋសមាជិក UN ទាំងអស់ លើកកម្ពស់ និងគោរពគោលការណ៍ចំនួនរបស់ UN រួមមានគោលការណ៍អធិបតេយ្យភាព ឯករាជ្យភាពនយោបាយ និងបូរណភាពទឹកដីរបស់រដ្ឋសមាជិក។ ជាមួយគ្នានេះ លោក ក៏បានសម្តែងការព្រួយបារម្ភអំពីអស្ថិរភាពកាន់តែខ្លាំងនៅប្រទេសវេណេស៊ុយអេឡា បន្ទាប់ពីការចាប់ខ្លួនប្រធានាធិបតី ម៉ាឌូរ៉ូ ខណៈសហរដ្ឋអាម៉េរិក បាននិយាយថា ខ្លួនមិនមានគម្រោងកាន់កាប់ប្រទេសអាម៉េរិកឡាទីននេះនោះទេ។

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក១៥ប្រទេសបានជួបប្រជុំគ្នាពាក់ព័ន្ធនឹងបញ្ហានេះនៅប៉ុន្មានម៉ោងមុនពេលលោក ម៉ាឌូរ៉ូ ត្រូវបង្ហាញខ្លួននៅក្នុងតុលាការសហព័ន្ធ ដើម្បីតតាំងក្តីពីបទចោទប្រកាន់ឧក្រិដ្ឋកម្មគ្រឿងញៀន។

នៅក្នុងកិច្ចប្រជុំនោះ លោក ម៉ាយ វ៉ល (Mike Waltz ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំ UN បានអះអាងថា អ្វីដែលសហរដ្ឋអាម៉េរិកបានធ្វើ ជាការអនុវត្តច្បាប់វះកាត់ ដែលសម្របសម្រួលដោយយោធា ប្រឆាំងនឹងជនជាប់ចោទពីរនាក់ ដែលរត់គេចខ្លួនពីយុត្តិធម៌អាម៉េរិក។ លោកបានព្យាយាមបកស្រាយការពារប្រតិបត្តិការយោធារបស់អាម៉េរិកនៅវេណេស៊ុយអេឡា ថា នេះមិនមែនជាសង្គ្រាមប្រឆាំងនឹងវេណេស៊ុយអេឡានោះទេ ហើយអាម៉េរិកក៏គ្មានគម្រោងកាន់កាប់ប្រទេសណាមួយនោះដែរ ប៉ុន្តែអាម៉េរិកមិនអនុញ្ញាតិឱ្យមាននរណាកសាងមូលដ្ឋានប្រឆាំងនឹងសហរដ្ឋអាម៉េរិកឡើយ។

នៅក្នុងកិច្ចប្រជុំនោះឯកអគ្គរដ្ឋទូតវេណេស៊ុយអេឡា រុស្ស៊ី ចិន និងកូឡុំប៊ី បានថ្កោលទោសប្រតិបត្តិការយោធារបស់អាម៉េរិក និងបានចាត់ទុកជាទង្វើខុសច្បាប់ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយនៅតែមិនអាចធ្វើអ្វីសហរដ្ឋអាម៉េរិកបាន ដោយសារតែអាមេរិកជាសមាជិកក្រុមប្រឹក្សាសន្តិសុខអចិន្រ្តៃយ៍ ដែលមានមានសិទ្ធិវេតូរួមជាមួយរុស្ស៊ី ចិន អង់គ្លេស និងបារាំង៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


លោក ត្រាំ កំពុងអនុវត្តគោលនយោបាយថ្មីដោយពឹងផ្អែកលើអំណាច និងការប្រើកម្លាំងយោធា

ទីប្រឹក្សាជាន់ខ្ពស់នៅសេតវិមាន លោក Stephen Miller បានប្រាប់សារព័ត៌មាន CNN ថា រដ្ឋបាលលោក ដូណាល់ ត្រាំ កំពុងកំណត់ឡើងវិញដោយបើកចំហនូវតួ…

ជនសង្ស័យជាមេខ្លោងឆបោកតាមអនឡាញដ៏កក្រើកពិភពលោក Chen Zhi និងបក្ខពួក២នាក់ទៀត ត្រូវបានចាប់ខ្លួននៅកម្ពុជា និងបញ្ជូនទៅកាន់ប្រទេសចិនហើយ!

ក្រសួងមហាផ្ទៃកម្ពុជា នៅថ្ងៃទី ៧ ខែមករា ឆ្នាំ២០២៦ បានបញ្ជាក់ថា លោក Chen Zhi ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Prince Group រួមទាំងបក្ខពួកចំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ