ឱកាសនាំចេញម្រេចទៅជប៉ុន

កម្ពុជាសម្លឹងឃើញឱកាសនាំចេញម្រេចទៅទីផ្សារជប៉ុនបន្ថែមទៀត


ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា បានអះអាងថា បច្ចុប្បន្ន ទីផ្សារម្រេចកាន់តែទូលាយ ហើយតម្លៃក៏ខ្ពស់គួរសមដែរ ដោយលោកបានបង្ហាញក្ដីរំពឹងខ្ពស់ថា តម្លៃម្រេច នឹងកាន់តែប្រសើរថែមទៀត ក្រោយពេលកម្ពុជា អាចនាំចេញម្រេចទៅកាន់ទីផ្សារប្រទេសជប៉ុន បន្ថែមទៀតនាពេលខាងមុខ។
ម្រេច​កំពត​ត្រូវបានចុះ​បញ្ជី​ម៉ាក​ផលិតផល​សម្គាល់​ភូមិសាស្ត្រ (GI)។

លោក ម៉ាក់ នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​គូសបញ្ជាក់​ថា តម្លៃ​ម្រេច នា​ពេល​បច្ចុប្បន្ន មាន​ភាព​ប្រសើរ និង​អាច​ឲ្យ​កសិករ​អាច​ទទួលយក​បាន ខណៈ​តម្លៃ​ម្រេច​វិញ អាច​លក់​បាន​ក្នុង​តម្លៃ ១​ម៉ឺន​៥​ពាន់​រៀល ក្នុង​១​គីឡូក្រាម​។ តែ​យ៉ាងណា លោក ម៉ាក់ នី ក៏​បាន​បង្ហាញ​សុទិដ្ឋិនិយម​ដែរ​ថា តម្លៃ​ម្រេច នឹង​កាន់តែ​ប្រសើរ​ឡើង​ថែម​ទៀត ក្រោយ​កម្ពុជា ជំរុញ​ការ​នាំ​ចេញ​ម្រេច​ទៅ​កាន់​ទីផ្សារ​ជប៉ុន​បន្ថែម គួប​ផ្សំ​ទីផ្សារ​ពិភពលោក​ក៏​កំពុង​មាន​តម្រូវការ​ម្រេច​ខ្ពស់​ដែរ​។ លោក​បន្ត​ទៀត​ថា សព្វថ្ងៃ ខាង​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ក៏​បាន​និង​កំពុង​ស្វែងរក​ឱកាស​ទីផ្សារ​នាំ​ចេញ​ម្រេច​បន្ថែម​ដែរ ដើម្បី​អាច​ឲ្យ​កសិករ​ទទួល​បាន​តម្លៃបន្ថែម​ខ្ពស់​ពីរ​បរ​ដាំ​ដុះ​ដំណាំ​ម្រេច​។

ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ដដែល​បាន​យល់​ឃើញ​ទៀត​ថា តាម​ពិត​ម្រេច​កម្ពុជា កន្លង​មក ភាគច្រើន​បាន​នាំ​ចេញ​ទៅ ប្រទេស​វៀតណាម ប្រមាណ​៨០% នាំ​ទៅ​ប្រទេស​ថៃ ប្រមាណ ១២% និង​ប៉ែក​អឺរ៉ុប ប្រមាណ​ត្រឹមតែ ៥% ប៉ុណ្ណោះ និង​មួយ​ចំនួន​ទៀត​សម្រាប់​ផ្គត់ផ្គង់​ក្នុង​ប្រទេស​។ ប្រធាន​សហព័ន្ធ​រូប​នេះ បាន​យល់​ឃើញ​ថា ដ្បិត​ការ​ផ្សព្វផ្សាយ​ពី​ផលិតផល​ម្រេច​កម្ពុជា ហាក់​មិន​ទាន់​មាន​ភាព​ទូលំទូលាយ តែ​បណ្ដា​ទីផ្សារ​អន្តរជាតិ​ទាំងនោះ មានការ​ទទួលស្គាល់​ពី​គុណភាព និង​រសជាតិ​របស់​ម្រេច​កម្ពុជា អាច​ប្រកួតប្រជែង​ទីផ្សារ​ម្រេច​របស់​ប្រទេស​ផ្សេង​ៗ​បាន​។ លោក ម៉ាក់ នី បាន​អះអាង​ដូច្នេះ​ថា តាម​ពិត​ទៅ ប្រទេស​ជប៉ុន មិនមែន​ជាទី​ផ្សារ​ថ្មី​នោះ​ទេ សម្រាប់​កម្ពុជា ក្នុង​ការ​នាំ​ចេញ​ម្រេច ព្រោះ កន្លង​មក ក៏​មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​នាំ​ចេញ​ម្រេច​ខ្មែរ ទៅ​កាន់​ទីផ្សារ​ប្រទេស​ជប៉ុន​រួច​ហើយ​ដែរ​។

សូម​បញ្ជាក់​ថា សម្រាប់​តម្លៃ​ម្រេច​កំពត ដែល​មាន​ចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ (GI)​វិញ បច្ចុប្បន្ន សម្រាប់​ម្រេចខ្មៅ មាន​តម្លៃ ១៥​ដុល្លារ ក្នុង​១​គីឡូក្រាម​។ រីឯ ម្រេច​ក្រហម មាន​តម្លៃ ២៥​ដុល្លារ ក្នុង​១​គីឡូក្រាម​។ ចំណែកឯ ម្រេចស​វិញ មាន​តម្លៃ ២៥​ដុល្លារ ទៅ​២៨​ដុល្លារ ក្នុង​១​គីឡូក្រាម​។ សូម​បញ្ជាក់​ថា នៅ​ឆ្នាំ​២០២១ កន្លង​ទៅ កម្ពុជា បាន​នាំ​ចេញ​ម្រេច ក្នុង​បរិមាណ ២​ម៉ឺន​៨​ពាន់​តោន ទៅ​កាន់​ទីផ្សារ​សំខាន់​ៗ ដូច​ជា តំបន់​អឺរ៉ុប និង​តំបន់​អាស៊ាន ជាដើម​។ ដោយឡែក ស្រប​ពេល​ដែល​ការ​នាំ​ចេញ​កសិផល​សំខាន់​ៗ​មួយ​ចំនួន​របស់​កម្ពុជា​ថមថយ​ចុះ នា​រយៈពេល ២​ខែ​ដំបូង ក្នុង​ឆ្នាំ​២០២២​នេះ គេ​សង្កេត​ឃើញ​ថា ការ​នាំ​ចេញ​ម្រេច​វិញ​សម្រេច​បាន​ដល់​ទៅ ជាង​៩​រយ​តោន​ឯណោះ កើនឡើង​ជិត​៤០០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។ នេះ​បើ​តាម​តួលេខ​ពី​ក្រសួងកសិកម្ម​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទូទាត់ជាប្រាក់រៀលក្តោបចំណែកទីផ្សារជាង១៥% នៃការទូទាត់សរុបទូទាំងប្រទេស

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់នៃធានាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ការប្រើប្រាស់រៀលក្នុងប្រតិបត្តិការទូទាត់ទូទាំងប្រទេស បានក្តោបក្ដាប់ចំណែកទីផ្សារតិចតួ…

ប្រធានាធិបតីអ៊ុយក្រែនអំពាវនាវឲ្យរុស្ស៊ីផ្តើមកិច្ចចរចាសន្តិភាព

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវកាលពីចុងសប្តាហ៍នេះ ដើម្បីឲ្យទីក្រុងមូស្គូឲ្យផ្តើមកិច្ចចរចាសន្តិភាពមួយ បញ្ចប់សង្គ្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ