លោក ស៊ា ឆៃលីន អនុប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា យល់ឃើញថា ការកើនឡើងទំហំនាំចូលដែក និងដែកថែប កាលពីឆ្នាំ២០២៤ កន្លងទៅនេះ បានបង្ហាញពីការកើនឡើងតម្រូវការប្រើប្រាស់ និងភាពរីកចម្រើននៅក្នុងវិស័យសំណង់នៅកម្ពុជា។ បើតាមអ្នកជំនាញរូបនេះ ចាប់ពីពេលនេះរហូតដល់ឆ្នាំ២០២៧ កម្ពុជា មានគម្រោងសាងសង់ជាច្រើនរួមទាំងស្ពាន ផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដើម្បីបម្រើដល់វិស័យដឹកជញ្ជូន និងការធ្វើពាណិជ្ជកម្ម។ ក្រៅពីតម្រូវការប្រើប្រាស់នៅក្នុងវិស័យសំណង់ ការនាំចូលនេះក៏បានចូលរួមចំណែកនៅក្នុងគម្រោងលំនៅឋានតាមបុរី និងខុនដូផងដែរ។
ជាមួយគ្នានេះ លោក ឃូ សុខឡៃ អ្នកគ្រប់គ្រងទូទៅរបស់សាជីវកម្ម ពិស្ណុការ អន្តរជាតិ បានចាត់ទុកកំណើននាំចូលដែក និងដែកថែបយ៉ាងគំហុកកាលពីឆ្នាំ២០២៤ វាជាសញ្ញាវិជ្ជមានមួយសម្រាប់វិស័យសំណង់របស់កម្ពុជា។ ជាក់ស្ដែងគម្រោងធំៗរបស់រដ្ឋាភិបាល និងគម្រោងជំនួយមកពីខាងក្រៅនៅតែបន្តមានសកម្មភាពជាធម្មតា ខណៈគម្រោងនៅតំបន់អភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ និងគម្រោងខុនដូចាប់ផ្ដើមមានសកម្មភាពឡើងវិញជាបណ្ដើរៗផងដែរ។ ទោះបីការនាំចូលដែកបានបង្ហាញពីការរីកចម្រើននៃវិស័យសំណង់ក៏ពិតមែន ប៉ុន្តែតម្រូវការដែកក្នុងវិស័យនេះស្ថិតក្នុងកម្រិតទាបនៅឡើយ បើធៀបនឹងពេលមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩។
បើយោងតាមទិន្នន័យពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាបាននាំចូលដែក និងដែកថែបក្នុងទំហំទឹកប្រាក់៦៣១លានដុល្លារ កើនឡើងជិត៧០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕
អត្ថបទ៖ បូ ដូឡា