
របាយការណ៍របស់សហព័ន្ធគីមីកសិកម្មឥណ្ឌា (ACFI) និងក្រុមហ៊ុន Deloitte បានចេញផ្សាយកាលពីថ្ងៃសៅរ៍ថា ការនាំចេញគីមីកសិកម្មរបស់ឥណ្ឌា បានកើនឡើងជិតបីដងក្នុងរយៈពេល១០ឆ្នាំដោយឡើងដល់៣,៣ពាន់លានដុល្លារក្នុងឆ្នាំសារពើពន្ធ២០២៥ ដោយកើនឡើងពីចំនួន១,៣ពាន់លានដុល្លារក្នុងឆ្នាំ២០១៤-២០១៥ ដែលធ្វើឱ្យឥណ្ឌា ក្លាយជាអ្នកនាំចេញគីមីកសិកម្មធំជាងគេទី៣បន្ទាប់ពីប្រទេសចិន និងសហរដ្ឋអាម៉េរិក។
ដើម្បីរក្សាសន្ទុះនេះ សហព័ន្ធគីមីកសិកម្មឥណ្ឌា បានជំរុញឱ្យរដ្ឋាភិបាលដាក់ចេញគម្រោងលើកទឹកចិត្តទាក់ទងនឹងផលិតកម្ម និងការកាត់បន្ថយពន្ធសម្រាប់វិស័យនេះក្នុងបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលសម្រាប់គីមីដ៏សំខាន់នេះ និងជួយបង្កើតមជ្ឈមណ្ឌលផលិតកម្មគីមីកសិកម្មនៅទូទាំងប្រទេសឥណ្ឌា ដើម្បីជំរុញផលិតកម្មក្នុងស្រុក។
សហព័ន្ធដែលតំណាងឱ្យក្រុមហ៊ុនគីមីកសិកម្មសំខាន់ៗទាំងអស់នៅប្រទេសឥណ្ឌាមួយនេះក៏បានតស៊ូមតិសម្រាប់កិច្ចសហប្រតិបត្តិការសាធារណៈ និងឯកជនកាន់តែច្រើនក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ និងការពង្រឹងសហគ្រាសខ្នាតតូច និងមធ្យម (MSMEs)។
បើយោងតាមរបាយការណ៍ ទីផ្សារគីមីកសិកម្មរបស់ប្រទេសឥណ្ឌា បានគ្របដណ្តប់ដោយថ្នាំសម្លាប់សត្វល្អិត៤១% ថ្នាំសម្លាប់ស្មៅ២២% ថ្នាំសម្លាប់ផ្សិត២១% ថ្នាំសម្លាប់រុក្ខជាតិ៦% និងសារធាតុជីវសាស្រ្ត៨% ព្រមទាំងផលិតផលព្យាបាលគ្រាប់ពូជ២%នៅក្នុងឆ្នាំសារពើពន្ធ២០២៤៕
ដោយ៖ សុខ មង្គល