ទិន្នន័យតាមដានកប៉ាល់អន្តរជាតិបានបង្ហាញថា បរិមាណប្រេងឆៅដែលគេបូមពីសហរដ្ឋអាមេរិកប្រមាណជាលើស២៥ម៉ឺនបារ៉ែលក្នុង១ថ្ងៃ នឹងមកដល់ប្រទេសឥណ្ឌានៅខែក្រោយ ។ សារព័ត៌មានធំៗបានរាយការណ៍ថា បរិមាណនាំចូលប្រេងពីសហរដ្ឋអាមេរិករបស់ឥណ្ឌានេះ ជាចំនួនខ្ពស់បំផុតក្នុងរយៈពេលជាង១ឆ្នាំមកនេះ ចំពេលដែលការអនុវត្តទណ្ឌកម្មកាន់តែតឹងរ៉ឹងលើប្រេងឆៅរបស់រុស្ស៊ី។
ឥណ្ឌា ដែលជាប្រទេសនាំចូល និងជាអ្នកប្រើប្រាស់ប្រេងធំជាងគេទីបីរបស់ពិភពលោក កំពុងសម្លឹងរកមើលការធ្វើពិពិធកម្មការផ្គត់ផ្គង់ប្រេងរបស់ខ្លួន ខណៈដែលការដាក់ទណ្ឌកម្មថ្មីរបស់សហរដ្ឋអាមេរិកលើទីក្រុងមូស្គូ កំពុងគំរាមកំហែងដល់ការលក់ប្រេងរបស់រុស្ស៊ីឱ្យឥណ្ឌា ដែលជាអ្នកទិញប្រេងឆៅដ៏ធំមួយពីសមុទ្ររុស្ស៊ី។
យោងតាមក្រុមហ៊ុនតាមដានកប៉ាល់ ខេផ្លើរ (Kpler) បានឱ្យដឹងថា ប្រេងឆៅប្រហែល៧,៦លានបារ៉ែល ឬ ២៥ម៉ឺន៦ពាន់បារ៉ែលក្នុងមួយថ្ងៃ ត្រូវបានធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាតាមនាវាដឹកប្រេងឆៅធំៗចំនួន៦គ្រឿង។
កាលពីខែមុន សហរដ្ឋអាមេរិកបានរឹតបន្តឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីកាត់បន្ថយពាណិជ្ជកម្មប្រេងរបស់រុស្ស៊ី ដោយបន្ថែមទណ្ឌកម្មលើក្រុមហ៊ុនដឹកជញ្ជូនរបស់រដ្ឋ សូហ្វខុមហ្លត (Sovcomflot) និងក្រុមហ៊ុននាវាដឹកប្រេងឆៅចំនួន១៤ផ្សេងទៀត ដែលពាក់ព័ន្ធនឹងការដឹកជញ្ជូនប្រេងរបស់រុស្ស៊ី។
ប្រភពមួយបានបង្ហើបថា ក្រុមហ៊ុន រ៉លឡាយអិន (Reliance) របស់ឥណ្ឌា ដែលជាប្រតិបត្តិករនៃកន្លែងចម្រាញ់ប្រេងដ៏ធំបំផុតរបស់ពិភពលោក នឹងមិនទិញប្រេងរុស្ស៊ី ដែលផ្ទុកលើនាវាដឹកប្រេងដែលដំណើរការដោយក្រុមហ៊ុន សូហ្វខុមហ្លត (Sovcomflot) ទៀតឡើយ បន្ទាប់ពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនាពេលថ្មីៗនេះ៕
ដោយៈ សរ សុជាតិ