
ស្របពេលទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌា កំពុងល្អក់កករដោយសារបញ្ហាពន្ធ លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក បានសរសេរសារនៅលើវេទិកាសង្គម Truth Social របស់លោកកាលពីថ្ងៃចន្ទ ថា ឥឡូវនេះ ឥណ្ឌា បានស្នើសុំកាត់បន្ថយពន្ធលើទំនិញរបស់អាម៉េរិក ទាំងស្រុង ជាថ្នូរនឹងការកាត់បន្ថយពន្ធលើទំនិញឥណ្ឌា ក្នុងកម្រិតណាមួយ ប៉ុន្តែលោកថា វាយឺតពេលហើយ ហើយពួកគេគួរតែធ្វើដូច្នេះជាច្រើនឆ្នាំមកហើយ។
តែយ៉ាងណាស្ថានទូតឥណ្ឌា ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះការលើកឡើងរបស់លោក ត្រាំ នេះនោះទេ ក្រោយអាម៉េរិក បានអនុវត្តពន្ធខ្ពស់រហូតដល់៥០% លើទំនិញឥណ្ឌា ដោយពាក់កណ្ដាលនៃពន្ធនេះ ជាការដាក់ទណ្ឌកម្មលើឥណ្ឌា ដែលបន្តទិញប្រេងពីរុស្ស៊ី ដែលបានធ្វើឱ្យមានការចោទជាសំណួរថា តើអនាគតនៃទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិក និងឥណ្ឌានឹងទៅជាយ៉ាងណា។
ការលើកឡើងរបស់លោក ត្រាំ នេះធ្វើឡើងចំពេលនាយករដ្ឋមន្រ្តីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី កំពុងបង្ហាញជាសាធារណៈអំពីសាមគ្គីភាពជាមួយមេដឹកនាំចិន និងរុស្ស៊ី ក្នុងកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការស៊ាងហៃ (SCO) នៅប្រទេសចិនកាលពីថ្ងៃចន្ទ ខណៈឥណ្ឌា កំពុងរងសម្ពាធពាណិជ្ជកម្មពីទីក្រុងវ៉ាស៊ីនតោន។
ទោះជាយ៉ាងណា សហរដ្ឋអាម៉េរិក នៅតែជឿថា ខ្លួននឹងអាចទាញឥណ្ឌា ចេញពីប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាម៉េរិក លោក ស្កុត បេសសេន (Scott Bessent) បាននិយាយនៅថ្ងៃអង្គារ សប្តាហ៍នេះថា ទោះបីជាមានភាពតានតឹងនឹងគ្នាក៏ដោយ ប៉ុន្តែសហរដ្ឋអាម៉េរិក និងឥណ្ឌានឹងអាចដោះស្រាយបញ្ហាពាណិជ្ជកម្មទ្វេភាគីបានក្នុងពេលខាងមុខនេះ ហើយទីក្រុងវ៉ាស៊ីនតោន នៅតែជឿជាក់អំពីការរក្សាទំនាក់ទំនងទ្វេភាគីរយៈពេលយូរជាមួយឥណ្ឌា។
លោក បេសេន បាននិយាយថា នៅចុងបញ្ចប់នៃកិច្ចប្រជុំ SCO អាម៉េរិក និងឥណ្ឌានឹងដោះស្រាយរឿងនេះ។ ប៉ុន្តែឥណ្ឌាមិនមែនជាតួអង្គដ៏អស្ចារ្យឡើយទាក់ទងនឹងការទិញប្រេងពីរុស្ស៊ី ហើយលក់វាបន្តទៀតដោយផ្តល់ហិរញ្ញវត្ថុដល់កិច្ចខិតខំធ្វើសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕
ដោយ៖ សុខ មង្គល