បច្ចេកវិទ្យា​បៃតង

ក្រុមហ៊ុន​នៅ​ថៃ​ផលិត​កញ្ចប់​ចំណី​អាហារ​ធ្វើ​ពី​ឫស្សី​និង​ដំឡូង​​ដើម្បី​កាត់​បន្ថយ​សំរាម


ដើម្បី​ដោះស្រាយ​បញ្ហា​សំរាម​នៅ​ក្នុង​ប្រទេស​ថៃ ក្រុមហ៊ុន​មួយ​បាន​កែច្នៃ​ផលិត​សម្ភារៈ​ខ្ចប់​វេច​ចំណី​អាហារ ដែល​ប្រើ​វត្ថុ​ធាតុ​ដើម​ឫស្សី និង​ដំឡូង។ សម្ភារៈ​វេច​ខ្ចប់​ចំណី​អាហារ​នេះ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ឡើយ។
ចាន​ធ្វើ​ពី​ឫស្សី​និងដំឡូង​ដែល​ផលិត​ដោយ​ក្រុមហ៊ុន Universal Biopack នៅ​ថៃ។

ក្រុមហ៊ុន​ Universal Biopack ផលិត​សម្ភារៈ​វេច​ខ្ចប់​លក់​ទៅ​ឲ្យ​ភោជនីយដ្ឋាន​ និង​រោងចក្រ​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​ថៃ។ ប៉ុន្តែ ជាជាង​ការ​ប្រើ​ប្រាស់​ផ្លាស្ទិក ក្រុមហ៊ុន​នេះ​ប្រើ​វត្ថុ​ធាតុ​ដើម​ឫស្សី និង​ដំឡូង ជា​ដំណាំ​ដែល​ងាយស្រួល​រក​បាន​នៅ​គ្រប់​ទីកន្លែង​ទូទាំង​ប្រទេស។ 

ប្រទេស​ថៃ​ក៏​ដូច​ប្រទេស​នានា​នៅ​ក្នុង​អាស៊ី កំពុង​ប្រឈម​មុខ​បញ្ហា​សំរាម​ ដែល​មាន​បរិមាណ​រាប់​លាន​តោន​ក្នុង​មួយ​ឆ្នាំៗ។

ក្រុមហ៊ុន​នេះ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ដែល​ច្នៃ​បង្កើត​ឡើង​ដោយ​សាកលវិទ្យាល័យ​មួយ​នៅ​ទីក្រុង​បាងកក ដើម្បី​ផលិត​សម្ភារៈវេច​ខ្ចប់​ដែល​ខ្លួន​អះអាង​ថា អ្នក​ប្រើ​ៗ​រួច​អាច​ប្រើ​ឡើង​វិញ​បាន។

ក្រុមហ៊ុន Universal Biopack សង្ឃឹមថា ផលិតផល​​បរិស្ថាន​មេត្រី​របស់​ខ្លួន នឹង​ជំនួស​​សម្ភារៈ​វេច​ខ្ចប់​​ធ្វើ​ពី​ផ្លាស្ទិក ដែលបង្ក​ជា​វិបត្តិ​សំរាម​ទាំង​នៅ​ប្រទេស​ថៃ និង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃ​ទៀត។ 

ពែង​ផលិត​ពី​ឫស្សី និង​ដំឡូង ដែល​គេ​ផលិត​នៅ​ប្រទេស​ថៃ​ក្បែរ​ខាង​កម្ពុជា។

ក្រុមហ៊ុន​និយាយថា សម្ភារៈ​វេចខ្ចប់​របស់​ខ្លួន​ ក្រៅ​ពី​ប្រើ​សម្រាប់​វេច​ខ្ចប់​ចំណី​អាហារ អ្នក​ប្រើ​ក៏​អាច​ប្រើ​វា​សម្រាប់​ទុកដាក់​គ្រឿង​សិង្ហា​រិម​តូចៗ ឬ​ទូរស័ព្ទ​ដៃ​ជា​ដើម ក៏​បាន។ 

ឫស្សី​ដែល​ប្រើ​ដើម្បី​ផលិត​សម្ភារៈ​វេច​ខ្ចប់​មិនប៉ះពាល់​បរិស្ថាន​នេះ គឺ​យក​ពី​សំណល់​នៃ​រោងចក្រ​ផលិត​ចង្កឹះ។

ទោះបី​ជា​ផលិតផល​នេះ​ ល្អ​សម្រាប់​បរិស្ថាន​ក្ដី ក៏​ប៉ុន្តែ​តម្លៃ​វា​ក៏​លើស​ពី​ផ្លាស្ទិក​ដែរ ដូច្នេះ ការបញ្ចុះ​បញ្ចូល​អ្នក​ប្រើ​ប្រាស់​ឲ្យ​ចាយ​ប្រាក់​ច្រើន​បន្តិច​ដើម្បី​បរិស្ថាន គឺ​ជា​រឿង​លំបាក។

ដើម្បី​ប្រកួត​ប្រជែង​នៅ​លើ​ទីផ្សារ ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​រោងចក្រ បន្ថែម​បុគ្គលិក​ និង​តម្រង់​គោលដៅ​ផលិត​ឲ្យ​បាន ១​លាន​ឯកតា​ក្នុង​​មួយ​ខែៗ។ សព្វ​ថ្ងៃ​ក្រុមហ៊ុន​អាច​ផលិត​បាន​ត្រឹម ៣​សែន​ឯកតា​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ៕




អត្ថបទបន្ទាប់


សណ្ឋាគារ​ប្រណីត​ផ្កាយ​៥​ថ្មី​មួយ​ទៀត​​គ្រោង​បើក​ដំណើរការ​នៅ​ត្រីមាស​ទី​២​ឆ្នាំ​នេះ

ព័ត៌មាន
សណ្ឋាគារ​និង​រមណីយដ្ឋាន​មួយ​ដែល​មាន​ឈ្មោះ​ថា Rosewood នឹង​បើក​ដំណើរការ​ជា​ផ្លូវការ​នៅ​កម្ពុជា ក្នុង​ត្រីមាស​ទី២ ឆ្នាំ​២០១៧​នេះ។ សណ្ឋា…

ហេតុអ្វី​ពលរដ្ឋ​ខ្មែរ​ខ្ចី​លុយ​ធនាគារ​ឯកជន​សោះ ថា​ជំពាក់​លុយ​រដ្ឋ​ទៅ​វិញ?

ព័ត៌មាន
ប្រជាពលរដ្ឋ​ខែ្មរ​ភាគ​ច្រើន​ដែល​រស់នៅ​ខេត្ត តំបន់​ដាច់​ស្រយោល​ជនបទ ស្រែ​ចម្ការ ដែល​បាន​ខ្ចី​លុយ​ពី​ធនាគារ​ឯកជន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ