សេដ្ឋកិច្ចឥណ្ឌាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៧%ក្នុងឆ្នាំសារពើពន្ធ២០២៥ បន្ទាប់ពីសម្រេចបានកំណើនក្នុងរង្វង់លើស៧%ក្នុងឆ្នាំ២០២៣-២០២៤ ដែលជំរុញដោយតម្រូវការក្នុងស្រុក ទោះជាជួបបញ្ហាប្រឈមនានា និងស្ថានភាពមិនប្រាកដប្រជាក្នុងបរិយាកាសសេដ្ឋកិច្ចសកលយ៉ាងណាក្ដី។ នេះបើយោងតាមរបាយការណ៍ នៃកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពសេដ្ឋកិច្ចមួយ ដែលធ្វើឡើងដោយឥណ្ឌា កាលពីពេលថ្មីៗនេះ។
របាយការណ៍នេះក៏បានលើកឡើងដែរថា ទំហំសេដ្ឋកិច្ចឥណ្ឌា អាចនឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០ ហើយថា វានឹងក្លាយជាសមិទ្ធផលដ៏ធំធេងមួយក្នុងដំណើរឆ្ពោះទៅរកការផ្ដល់គុណភាពជីវិត និងស្តង់ដារនៃការរស់នៅ ដែលបំពេញបានតាមការរំពឹងទុក និងលើសការរំពឹងទុករបស់ពលរដ្ឋឥណ្ឌា។
លោក វី អាណាន់ថា ណាហ្គេស្វារ៉ាន់ (V Anantha Nageswaran) ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៅក្រសួងហិរញ្ញវត្ថុឥណ្ឌា បានលើកឡើងថា ប្រសិនបើឆ្នាំសារពើពន្ធ២០២៥ មានស្ថានភាពល្អប្រសើរដូចការរំពឹងទុក នោះវានឹងក្លាយជាឆ្នាំទី៤ ជាប់ៗគ្នាក្រោយវិបត្តិកូវីដ-១៩ ដែលសេដ្ឋកិច្ចឥណ្ឌាសម្រេចបានកំណើនក្នុងរង្វង់៧% ឬលើស៧% ហើយនោះនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្ដានុពលនៃសេដ្ឋកិច្ចឥណ្ឌា។
ការិយាល័យជាតិស្ថិតិឥណ្ឌា ប៉ាន់ប្រមាណថា សេដ្ឋកិច្ចឥណ្ឌា នឹងសម្រេចបានកំណើន៧,៣%ក្នុងឆ្នាំ២០២៣-២០២៤ ខណៈធនាគារកណ្ដាលឥណ្ឌា បានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៧%។
របាយការណ៍ដដែលបង្ហាញថា ភាពរឹងមាំនៃតម្រូវការក្នុងស្រុកបានធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌា សម្រេចបានកំណើនលើស៧% ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ កំណើនតម្រូវការក្នុងស្រុកដ៏រឹងមាំនេះ ជាពិសេសតម្រូវការប្រើប្រាស់ឯកជន និងការវិនិយោគនេះ គឺសម្រេចបានដោយសារតែការធ្វើកំណែទម្រង់ និងវិធានការនានាដែលរដ្ឋាភិបាលឥណ្ឌា បានអនុវត្តក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។
របាយការណ៍ដដែលបង្ហាញថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងឌីជីថល និងវិធានការនានាដែលមានគោលដៅបង្កើនផលិតកម្ម បានរួមគ្នាផ្ដល់កម្លាំងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌា៕
ដោយ: តែម សុខុម