
ដំណើរការជើងហោះហើរទាំងនេះនឹងធ្វើឱ្យ IndiGo ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដំបូងគេដែលផ្តល់នូវការតភ្ជាប់ដោយផ្ទាល់រវាងប្រទេសទាំងពីរ។ តើប្រតិបត្តិករទេសចរគួរពង្រឹងខ្លួនបែបណាដើម្បីចាប់យកឱកាសពីការតភ្ជាប់ជើងហោះហើរនេះ?
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជា បានចាត់ទុកការភ្ជាប់ជើងហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ប្រទេសឥណ្ឌា ជាលើកដំបូងមកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ជាការបើកផ្លូវសម្រាប់កម្ពុជា ក្នុងការស្រូបទាញភ្ញៀវទេសចរពីប្រទេសដែលមានប្រជាជនច្រើនជាងគេលើពិភពលោកមួយនេះ។ អ្នកជំនាញរូបនេះរំពឹងថា តាមរយៈជើងហោះហើរនេះវានឹងពាំនាំភ្ញៀវទេសចរឥណ្ឌា កាន់តែច្រើនឱ្យមកកម្សាន្តនៅកម្ពុជា ខណៈកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចក្នុងការទទួលភ្ញៀវទេសចរឥណ្ឌា។
ជាមួយគ្នានេះ លោក ជំទាវ ឆាយ ស៊ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា បានចាត់ទុកការតភ្ជាប់ជើងហោះហើរត្រង់ថ្មីៗរវាងកម្ពុជា ជាមួយបណ្តាប្រទេសផ្សេងៗជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ វាជាសញ្ញាវិជ្ជមានមួយសម្រាប់សេដ្ឋកិច្ច និងវិស័យអាកាសចរណ៍របស់កម្ពុជា។ ជាពិសេសវានឹងចូលរួមចំណែកជួយបង្កើតការងារ និងឱកាសអភិវឌ្ឍន៍ជំនាញនៅក្នុងវិស័យសេវាកម្មបន្ថែមទៀត។ អ្នកជំនាញរូបនេះយល់ឃើញថា ដើម្បីទាក់ទាញទេសចរបរទេសឱ្យមកកម្សាន្តនៅកម្ពុជា បានកាន់តែច្រើន អ្នកពាក់ព័ន្ធក្នុងវិស័យសេវាកម្មត្រូវធ្វើយ៉ាងណាផ្ដល់សេវាកម្មប្រកបដោយគុណភាពខ្ពស់ ទើបអាចចាប់យកឱកាសពីការតភ្ជាប់ជើងហោះហើរនេះបាន។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ IndiGo នឹងបើកជើងហោះហើរត្រង់ពី Kolkata មកកាន់អាកាសយានដ្នានអន្តរជាតិ សៀមរាបអង្គរ ចាប់ពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ដោយគម្រោងហោះហើរ៣ជើងក្នុង១សប្តាហ៍ ជាមួយយន្តហោះ Airbus A320។ ការតភ្ជាប់ជើងហោះហើរនេះនឹងជួយឱ្យ IndiGo ក្លាយជាក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌាដំបូងគេ ដែលបានតភ្ជាប់ជើងហោះហើរត្រង់ដោយផ្ទាល់រវាងប្រទេសទាំងពីរ៕
អត្ថបទ៖ បូ ដូឡា