សហគ្រិន​ជោគជ័យ

ជន​ជាតិ​ព្នង​ក្រីក្រ​ម្នាក់​ក្លាយ​អ្នក​ជំនួញ​មាន​ចំណូល​​​​រាប់​ម៉ឺន​ដុល្លារ


ពិត​ជា​កម្រ​ណាស់ ដែល​ពលរដ្ឋ​ជា​ជនជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា បាន​ហែល​ឆ្លង​ឧបសគ្គ​យ៉ាង​ច្រើន ដើម្បី​អភិវឌ្ឍ​ខ្លួន​ចេញ​ពី​តំបន់​ព្រៃភ្នំ រហូត​ក្លាយ​ជា​សហគ្រិន​ដ៏​ឆ្នើម​ម្នាក់ ដែល​មាន​ចំណូល​រាប់​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ខែៗ។
អ្នក​ស្រី យុន ម៉ាណេ សហគ្រិន​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ជា​ម្ចាស់​ផ្ទះ​សំណាក់​ អាហារដ្ឋាន និង​ហាង​លក់​វត្ថុ​អនុស្សាវរីយ៍​ជនជាតិ​ដើម​ភាគតិច។ រូបភាព៖ ហេង ភារម្យ
ដោយ

អ្នកស្រី យុន ម៉ាណេ បាន​ផ្តល់​បទ​សម្ភាស​ជូន​សារព័ត៌មាន ខេមបូណូមីស ថា អ្នកស្រី​បាន​ឆ្លងកាត់​ជីវិត​តស៊ូ​ចេញ​ពី​ត្រកូល​ក្រីក្រ​រហូត​មាន​មុខ​ជំនួញ ដែល​អាច​ជួយ​ជីវភាព​គ្រួសារ និង​ជួយ​បង្កើត​ការងារ​ដល់​ជន​ជាតិ​ដើម​ភាគតិច​ដូច​គ្នា បាន​ជា​ច្រើន​នាក់​ផង​ដែរ។

បច្ចុប្បន្ន អ្នកស្រី យុន ម៉ាណេ បាន​បើក​ផ្ទះ​សំណាក់​បែប​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​មណ្ឌលគិរី និង​មាន​សេវា​កម្ម​ទេសចរណ៍​ជា​ច្រើន ដូចជា ជួល​បន្ទប់​ប្រជុំ  ជួល​កង់​ម៉ូតូ បើក​អាហារដ្ឋាន និង​ហាង​លក់​វត្ថុ​អនុស្សារីយ៍​ដែល​ផលិត​ដោយ​ដៃ​ជន​ជាតិ​ដើម​ភាគ​តិច​ផ្ទាល់។

អ្នកស្រី​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា៖ «កាល​ឆ្នាំ​២០១២ ខ្ញុំ​ធ្វើ​ផ្ទះ​បែប​ជន​ជាតិ​ព្នង​ដើម្បី​ស្នាក់នៅ​ខ្លួន​ឯង​ទេ ប៉ុន្តែ មាន​ភ្ញៀវ​បរទេស​បាន​ដើរ​ឆ្លង​កាត់ ហើយ​បាន​ឃើញ​ក៏​សុំ​ស្នាក់​នៅ ពេល​នោះ ខ្ញុំ​ក៏​បង្កើត​ជា​ផ្ទះ​ស្នាក់​បែប​ជន​ជាតិ​ដើម​តែ​ម្តង រហូត​មក​ដល់​ពេល​នេះ មាន​១៧​ផ្ទះ​ហើយ។ ថ្ងៃ​ធម្មតា ផ្ទះ​ស្នាក់​នេះ មាន​តម្លៃ​ពី ៧ ទៅ ២៥​ដុល្លារ​ក្នុង​មួយ​យប់ និង​ឡើង​ថ្លៃ​ ថ្ងៃបុណ្យ ព្រោះ ត្រូវ​បង្កើន​លុយ​ម៉ោង​ឲ្យ​បុគ្គលិក»។  

ផ្ទះ​បាយ​ជនជាតិ​ដើម នៅ​ទីក្រុង​ភ្នំពេញ ដែល​ជា​ផ្នែកមួយ​នៃ​មុខ​របរ​របស់​អ្នកស្រី យុន ម៉ាណេ។ (រូបភាព៖ ហេង ភារម្យ)

ក្រៅពី​ការ​បង្កើត​សេវាកម្ម​ជាច្រើន​នៅ​ស្រុក​កំណើត ក្នុង​ខេត្ត​មណ្ឌលគិរី ស្រ្តី​រូប​នេះ​បាន​បើក​ដំណើរការ​ផ្ទះ​បាយ​ជន​ជាតិ​ដើម​ភាគ​តិច​មួយ​ទៀត​នៅ​ភ្នំពេញ​អស់​រយៈពេល​៦​ខែ​មក​ហើយ។ 

អ្នកស្រី​បាន​បង្ហើប​ឲ្យ​ដឹង​ថា៖ «ក្នុង​មួយ​ខែ នៅ​មណ្ឌលគិរី ខ្ញុំ​អាច​រក​ចំណូល​បាន​ជាង​១​ម៉ឺន​ដុល្លារ ហើយ​ហាង​នៅ​ភ្នំពេញ ទទួល​បាន​ចំណូល​ជា​មធ្យម​ពី ៥ ទៅ ៦​ពាន់​ដុល្លារ»។

បើ​តាម​អ្នកស្រី យុន ម៉ាណេ ការ​បង្កើត​ផ្ទះ​ស្នាក់​បែប​ជន​ជាតិ​ដើម​ភាគ​តិច​នេះ គឺ​កើត​ចេញ​ពី​ការ​បារម្ភ​របស់​អ្នកស្រី​ចំពោះ​ការ​បាត់​បង់​អត្តសញ្ញាណ​ជន​ជាតិ​ខ្លួន​ឯង ខណៈ​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​បាន​ធ្វើ​ផ្ទះ​បែប​ទំនើប​ជា​បន្ត​បន្ទាប់ និង​លែង​សូវ​រវល់​ជាមួយ​ប្រពៃណី​របស់​ខ្លួន។ ទន្ទឹម​គ្នា​នេះ អ្នកស្រី​ចង់​ផ្សព្វផ្សាយ​ដល់​អ្នក​ទេសចរ ដើម្បី​ឲ្យ​ពួកគេ​បាន​ស្គាល់ និង​ជួយ​ថែ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ជន​ជាតិ​ដើម​ភាគ​តិច តាម​រយៈ​ការ​បង្ហាញ​ទម្រង់​ផ្ទះ សម្ភារៈ និង​មុខ​ម្ហូប​ជនជាតិ​ដើម​ភាគ​តិច​ជាដើម។ 

អ្នកស្រី​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​ស្រឡាញ់ និង​ចង់​ថែ​រក្សា​ប្រពៃណី​ទំនៀម​ទម្លាប់​ជន​ជាតិ​ដើម​ភាគ​តិច ហើយ​ត្រឹម​ចិត្ត​ស្រឡាញ់ មិន​អាច​ថែ​រក្សា​បាន​ទេ គឺ​ទាល់​តែ​រំលេច​ចេញ​ជា​រូបរាង ដើម្បី​ឲ្យ​គេ​ទទួល​ស្គាល់ និង​ឲ្យ​តម្លៃ​ជន​ជាតិ​ដើម​ភាគតិច​នៅ​កម្ពុជា»។ 

ភ្ញៀវ​ទទួល​ទាន​អាហារ​ នៅ​អាហារដ្ឋាន ផ្ទះ​បាយ​ជនជាតិ។ (រូបភាព៖ ហេង ភារម្យ​)

តាមពិត​ទៅ អ្នកស្រី យុន ម៉ាណេ មិន​បាន​រៀន​ផ្នែក​ជំនួញ​នៅ​មហាវិទ្យាល័យ​នោះ ប៉ុន្តែ ជន​ជាតិ​ព្នង​រូប​នេះ ត្រូវ​បាន​ជន​ជាតិ​អាមេកាំង​ម្នាក់ និង​សប្បុរស​ជន​ដទៃ​ទៀត បាន​ជួយ​ជ្រោម​ជ្រែង​រហូត​រៀន​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ច្បាប់ និង​បាន​ធ្វើ​ការងារ​នៅ​អង្គការ​អន្តរជាតិ​ធំៗ ដែល​ធ្វើ​ឲ្យ​ស្រ្តី​រូប​នេះ មាន​សមត្ថភាព​ទាំង​ភាសា និង​ជំនាញ។ 

អ្នកស្រីរំឭក​ថា កាល​នៅ​សិក្សា​ឆ្នាំ​ទី២ អ្នកស្រី​​បាន​​ឆ្លៀត​​ពេល​បកប្រែ​ភាសា​អង់គ្លេស​ដល់​អ្នក​កាសែត​របស់ CNN ហើយ​បន្ទាប់​មក បាន​ធ្វើការ​នៅ​អង្គការ UNDP និង​ចុង​ក្រោយ គឺ​ធ្វើ​ការងារ​អង្គការ ILO ដែល​ទទួល​បន្ទុក​ផ្នែក​អភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន និង​ការងារ​នៅ​អង្គការ​អន្តរជាតិ​ដទៃ​ទៀត។

អ្នកស្រី​រៀបរាប់​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​អត់​មាន​រៀន​ផ្នែក​ជំនួញ​នោះ​ទេ តែ​ជីវភាព​ក្រីក្រ និង​ការ​ប្រឹងប្រែង​ចិញ្ចឹម​គ្រួសារ និង​ធ្លាប់​ធ្វើ​ការងារ​នៅ​អង្គការ ILO ទទួល​បន្ទុក​ផ្នែក​សេដ្ឋកិច្ច​មូលដ្ឋាន»។

អ្នកស្រី យុន ម៉ាណេ គឺ​ជា​ស្រ្តី​ទីមួយ ដែល​បាន​រៀនចប់​មហាវិទ្យាល័យ ខណៈ​មាន​ជនជាតិ​ដើម​ភាគ​តិច​ប្រមាណ ៥០​នាក់ ដែល​អូស​ជើង​ចេញ​តំបន់​ព្រៃភ្នំ​ដែល​ខ្វះ​ការ​អប់រំ និង​អភិវឌ្ឍន៍ ឡើង​មក​រៀន​នៅ​មហាវិទ្យាល័យ ដើម្ប​ប្រឹងប្រែង​រក​ចំណេះ​នៅ​ក្នុង​ទីក្រុង​ទំនើប។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី យុន ម៉ាណេ ដែល​ជា​ស្ថាបនិក​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា បង្កើត​ឡើង​ក្នុង​ឆ្នាំ​២០១៤។ 

បច្ចុប្បន្ន ក្រៅពី​មុខ​ជំនួញ អ្នកស្រី​ក៏​មាន​ការងារ​ជា​ច្រើន ពាក់ព័ន្ធ​ការងារ​លើក​ស្ទួយ​ទាំង​ផ្នែក​គោលនយោបាយ និង​ជួយ​ជ្រោមជ្រែង​ផ្នែក​សេដ្ឋកិច្ច​តាមរយៈ​ការ​ផ្តល់​ការងារ​ដល់​ជនជាតិ​ដើម​ភាគ​តិច។   

ក្តីស្រឡាញ់ និង​ភាព​ស្មោះត្រង់​ជាមួយ​អតិថិជន ជា​ជំនួញ​យូរ​អង្វែង សេវាកម្ម​ទេសចរណ៍​ជា​ច្រើន មិន​មាន​បញ្ហា​ប្រឈម​ខ្លាំង​នោះ​ទេ ពីព្រោះ អ្នកស្រី​បាន​ពង្រឹង​គុណភាព​សេវា និង​ទំនិញ។ យ៉ាងណា​ក៏​ដោយ អ្នកស្រី យុន ម៉ាណេ មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សេវា​កម្ម​ម្ហូប​អាហារ ដោយ​ប្រឹងប្រែង​សម្រិត​សម្រាំង​អាហារ​ដែល​មាន​គុណភាព និង​មាន​សុវត្ថិភាព។

អ្នកស្រី​អះអាង​ថា ៖«ខ្ញុំ​ព្រួយ​បារម្ភ​ជាង​គេ គឺ​អាហារ ព្រោះ​ខ្ញុំគិត​ពី​សុខភាព​ខ្ញុំ និង​អ្នក​ហូប​ដទៃ​ទៀត។ ពេល​ទៅ​ទិញ​បន្លែ​ម្តងៗ ខ្ញុំ​ធ្វើ​ព្យាយាម​រក​បន្លែ​ដែល​មាន​សុវត្ថិភាព ដោយ​គិត​រាប់​ចាប់​ពី​ម្ទេស ជី រំដេង និង​ស្ទឹក​គ្រៃ​ឡើង​ទៅ»។ 

អ្នកស្រី​បន្ថែម​ថា៖ «អ្នក​ដាំ​បន្លែ​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន ខ្ញុំ​មិន​បន្ទោស​ទេ ប៉ុន្តែ ខ្ញុំ​មាន​អារម្មណ៍​ថា ពួកគាត់​ហាក់​បី​ដូច​ជា​ឃាតករ​សម្ងាត់ ព្រោះ គាត់​ចែក​ចម្ការ​បន្លែ​ជា​ពីរប្រភេទ គឺ​មួយ​ដាំ​ដាក់​ជី​គីមី​សម្រាប់​លក់​ចេញ តែ​ចម្ការ​មួយ​ទៀត​ដាំ​សម្រាប់​ហូប​ខ្លួន​ឯង។ កន្លែង​ខ្ញុំ​អត់​ធ្វើ​អ៊ីចឹង​ទេ។ ខ្ញុំ​ញ៉ាំ​អ្វី ភ្ញៀវ​ក៏​ញ៉ាំ​ហ្នឹង​ដែរ ដូច្នេះ បន្លែ​យើង​ភាគ​ច្រើន នាំ​ចេញ​ពី​ខេត្ត​រតនគិរី និង​មណ្ឌលគិរី ដែល​ចម្ការ​បន្លែ​នោះ​ជា​បន្លែ​សរីរាង្គ»៕

សូម​រង់ចាំ​ទស្សនា​វីដេអូ​ស្តីពី៖ «ផ្ទះ​បាយ​ជន​ជាតិ​ដើម​ទីមួយ​នៅ​ភ្នំពេញ» ដែល​នឹង​មាន​ផ្សាយ​នៅ​លើ​គេហ​ទំព័រ ខេមបូណូមីស នៅ​ពេល​ឆាប់​នេះ!!!     

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជា​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ដើម្បី​នាំ​ចេញ​ផ្លែ​ត្រងែន

ព័ត៌មាន
អគ្គនាយកដ្ឋាន​កសិកម្ម​កំពុង​ចរចា​ជាមួយ​ប្រទេស​ជិត​ខាង​ក្នុង​ទឹកដី​ខេត្ត​ប៉ៃលិន ដើម្បី​ជំរុញ​លក្ខខណ្ឌ​តម្រូវ​អនាម័យ និង​ភូតគាម​អនាម័យ ជ…

សាំងហ្គាពួរ​ចាត់​ទុក​ខ្សាច់​មាន​តម្លៃ​ស្មើ​នឹង​ប្រេង​និង​ទឹក

ព័ត៌មាន
នៅ​ប្រទេស​សាំងហ្គាពួរ (សិង្ហបុរី) ខ្សាច់​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ផលិតផល​មាន​តម្លៃ ដូច​ទៅ​នឹង​ប្រេង​និង​ទឹក​ដែរ ហើយ​បើ​គិត​តាំង​ពី​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ