ឥណ្ឌូនេស៊ីដាក់មហិច្ឆតាជំរុញគម្រោងរដ្ឋធានី

ឥណ្ឌូនេស៊ីដាក់មហិច្ឆតាជំរុញគម្រោងរដ្ឋធានីថ្មីឲ្យក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុនៅអាស៊ី


ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo កំពុងខំប្រឹងយ៉ាងខ្លាំងក្នុងការជំរុញការវិនិយោគនៅក្នុងគម្រោងដ៏លេចធ្លោរបស់លោក គឺការផ្លាស់ប្តូរទីតាំងរដ្ឋធានីរបស់ប្រទេសនេះចេញពីទីក្រុងហ្សាកាតាទៅកាន់ទីក្រុង Nusantara ជារដ្ឋធានីមួយ ដែលគ្រោងនឹងធ្វើនៅលើកោះ បូននីអូ (Borneo) ដោយលោកសង្ឃឹមនឹងបញ្ចប់ការការអភិវឌ្ឍផ្លាស់ប្តូរទីក្រុងនេះនៅត្រឹមឆ្នាំ២០៤៥។
មហិច្ឆតាឥណ្ឌូនេស៊ី អភិវឌ្ឍរដ្ឋធានីថ្មីទៅជាមជ្ឈមណ្ឌល FinTech នៅអាស៊ី រូបភាព Nikke Asia
ដោយ

លើសពីនេះ លោក Widodo មានក្តីសង្ឃឹមធំមួយទៀត គឺការធ្វើឱ្យទីក្រុងថ្មីនេះក្លាយជាមជ្ឈមណ្ឌលបច្ចេកវិទ្យាហិរញ្ញវត្ថុឈានមុខគេនៅតំបន់អាស៊ីតាមរយៈការទាក់ទាញនៃក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុសំខាន់ៗ រួមទាំងការចាប់ផ្តើមអាជីវកម្មថ្មីផងដែរ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានជប៉ុន Nikkie Asia។

កាលពីថ្ងៃទី២៣ ខែកុម្ភៈកន្លងទៅ លោក Widodo អមដោយគណៈរដ្ឋមន្ត្រីរបស់លោកបានទៅពិនិត្យមើលព្រៃឈើនៅតំបន់ Kalimantan ជាផ្នែកមួយនៃកោះ Borneo នៅភាគខាងកើតប្រទេសឥណ្ឌូនេស៊ីជាទីដែលរដ្ឋធានីថ្មីនឹងត្រូវសាងសង់នៅទីនោះ។ លោក Widodo បានស្នាក់នៅមួយយប់ក្នុងផ្ទះតូចមួយ ដែលសង់នៅការដ្ឋានសំណង់ ហើយលោកបានផុសនៅលើធ្វីតធឺរបស់លោកថា ការរៀបចំកំពុងដំណើរការរួចរាល់ហើយសម្រាប់ពិធីបុណ្យឯករាជ្យជាតិរបស់ឥណ្ឌូនេស៊ីនៅក្នុងខែសីហា ឆ្នាំ២០២៤ នៅវិមានប្រធានាធិបតីថ្មីនេះ។

ក្រោយពីជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០១៩ លោក Widodo បានប្រកាសពីផែនការផ្លាស់ប្តូររដ្ឋធានី ហើយគម្រោងនេះត្រូវបានផ្តល់សច្ចាប័នដោយសភាក្នុងខែមករា ឆ្នាំ២០២២ ហើយលោកប្រធានាធិបតីបានដាក់ឈ្មោះទីក្រុងថ្មីថា នូសានតារ៉ា (Nusantara) ជាភាសាឥណ្ឌូនេស៊ីដែលមានន័យថា«ប្រជុំកោះ»។ លោក វីដូដូ គ្រោងនឹងផ្ទេរមុខងាររដ្ឋាភិបាលមួយចំនួនទៅកាន់ទីក្រុងថ្មីនេះនៅដើមឆ្នាំ២០២៤ផងដែរ។

ទីក្រុង Nusantara គឺជាទីក្រុងបៃតង និងឆ្លាតវៃ ដែលមានប្រើប្រាស់បច្ចេកវិទ្យាឌីជីថលពេញលេញ។ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Nikkei Asia កាលពីខែវិច្ឆិកាកន្លងទៅ លោក Widodo បាននិយាយថា ឥណ្ឌូនេស៊ីនឹងសាងសង់មជ្ឈមណ្ឌលហិរញ្ញវត្ថុនៅទីក្រុង Nusantara ប៉ុន្តែមិនដូចនៅប្រទេសសិង្ហបុរី ឬហុងកុងនោះទេ។ ទីក្រុងនេះនឹងក្លាយជាមជ្ឈមណ្ឌលហិរញ្ញវត្ថុបច្ចេកវិទ្យា ហើយឥណ្ឌូនេស៊ីក៏នឹងផ្តល់នូវការលើកទឹកចិត្តក្នុងការវិនិយោគ ដែលមានការប្រកួតប្រជែងខ្លាំងនៅទីនោះផងដែរ។

រដ្ឋាភិបាលកំពុងពិចារណាពីវិធានការមួយចំនួន ដើម្បីទាក់ទាញក្រុមហ៊ុនហិរញ្ញវត្ថុបច្ចេកវិទ្យាទៅកាន់រដ្ឋធានីថ្មីនេះដូចជាការលើកលែងពន្ធសាជីវកម្មសម្រាប់ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងក៏ដូចជាផ្នែកហិរញ្ញវត្ថុអ៊ីស្លាមដែលផ្អែកលើច្បាប់អ៊ីស្លាមសារៀ (Shariah) ផងដែរ។ រដ្ឋាភិបាលក៏កំពុងថ្លឹងថ្លែងលើផែនការលើកលែងពន្ធលើប្រាក់ចំណូលដល់បុគ្គលិកឥណ្ឌូនេស៊ីក្នុងវិស័យហិរញ្ញវត្ថុដល់ឆ្នាំ២០៣២ និងផ្ដល់ឱ្យពួកគេនូវការកាត់បន្ថយពន្ធចំនួន ៥០% នៅក្រោយឆ្នាំ២០៣២ ហើយការលើកលែងពន្ធនឹងអនុវត្តចំពោះបុគ្គលិកបរទេសផងដែរ។

តាមរយៈកំណែទម្រង់ទាំងនេះ រដ្ឋបាលរបស់លោក Widodo សង្ឃឹមថានឹងដាក់រដ្ឋធានីថ្មីនេះមិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយ និងរដ្ឋបាលរបស់ប្រទេសនេះតែប៉ុណ្ណោះទេ ប៉ុន្តែគឺជាបេះដូងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។

រដ្ឋាភិបាលបានបង្ហាញរួចហើយពីការលើកទឹកចិត្តក្នុងបំណងជំរុញការវិនិយោគនៅក្នុងឧស្សាហកម្មមិនមែនហិរញ្ញវត្ថុដូចជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងឧស្សាហកម្មសេវាកម្ម ដែលនឹងត្រូវបានលើកលែងពីពន្ធសាជីវកម្មរយៈពេល ៣០ ឆ្នាំសម្រាប់គម្រោងដែលធ្វើឡើងនៅចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០៣៥ និងលើកលែងពន្ធសាជីវកម្មសម្រាប់រយៈពេល ២៥ ឆ្នាំសម្រាប់គម្រោងដែលបានចាប់ផ្តើមនៅចន្លោះឆ្នាំ២០៣៦ និងឆ្នាំ២០៤៥។ ក្រុមហ៊ុនទាំងនេះ ក៏នឹងមានសិទ្ធិទទួលបានការកាត់ពន្ធ ១០០% សម្រាប់១០ឆ្នាំប្រសិនបើពួកគេសាងសង់ទីស្នាក់ការកណ្តាលនៅក្នុងទីក្រុង Nusantara ឬក៏ផ្លាស់ប្ដូរទៅទីនោះ ហើយពន្ធលើតម្លៃបន្ថែមក៏នឹងត្រូវកាត់បន្ថយដែរ៕




អត្ថបទបន្ទាប់


តើអាល្លឺម៉ង់ព្រមានចិនអ្វីខ្លះ ប្រសិនបើចិនហ៊ានផ្តល់ជំនួយយោធាឱ្យរុស្ស៊ី?

អធិការបតីអាល្លឺម៉ង់លោក Olaf Scholz បាននិយាយប្រាប់ CNN ឱ្យដឹងកាលពីថ្ងៃទី ៥ មីនា ពីថ្ងៃក្រោយជួបលោក ចូ បៃដិន ប្រធានាធិបតីអាមេរិកនៅទីក្រ…

តើ EU នឹងដោះស្រាយបញ្ហាច្បាប់ឧបត្ថម្ភធនរបស់អាមេរិក និងផែនការឈប់ប្រើប្រាស់រថយន្ដប្រើប្រេងដោយរបៀបណា?

ប្រធានគណៈកម្មការសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បាននិយាយកាលពីថ្ងៃអាទិត្យ ទី៥ ខែមីនាថា លោកស្រីប្តេជ្ញាចិត្តប្រឆាំងនឹងបញ្ហាប្រឈមទា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ