ក្រុមចោរអ៊ីនធឺណិតបានទាញយក និងចាក់សោបិទទិន្នន័យពីភ្នាក់ងាររដ្ឋាភិបាលឥណ្ឌូនេស៊ីចំនួន២៨២កន្លែងរួមទាំងក្រសួង និងការិយាល័យរដ្ឋាភិបាលក្នុងតំបន់ ដែលធ្វើឱ្យពួកគេមិនអាចប្រើប្រាស់ទិន្នន័យទាំងនោះបាន ហើយមានតែទីភ្នាក់ងារចំនួន៤៣ប៉ុណ្ណោះដែលអាចស្ដារទិន្នន័យរបស់ពួកគេឡើងវិញបានដោយប្រើឯកសារបម្រុងទុកនៅក្នុងដៃ។
គិតត្រឹមថ្ងៃសុក្រសប្ដាហ៍មុន ប្រទេសឥណ្ឌូណេស៊ី នៅតែព្យាយាមគ្រប់គ្រងទិន្នន័យមួយចំនួនឡើងវិញបន្ទាប់ពីបានរងការវាយប្រហារដោយក្រុមចោរអ៊ីនធឺណិតកាលពីខែមុន ដោយគេជឿថា មានការពាក់ព័ន្ធនឹងក្រុមចោរអ៊ីនធឺណិតដ៏ល្បីល្បាញ LockBit ដែលគេជឿថា គឺជាអ្នកវាយប្រហារអ៊ីនធឺណិតនៅតាមប្រទេសមួយចំនួននៅប៉ុន្មានឆ្នាំចុងក្រោយនេះ រួមទាំងប្រទេសហ្វីលីពីន និងម៉ាឡេស៊ីផងដែរ។
ពួកចោរតាមកុំព្យូទ័រនេះបានទាមទារប្រាក់ចំនួន៨លានដុល្លារពីរដ្ឋាភិបាលឥណ្ឌូនេស៊ី ជាថ្នូរនឹងការបើកទិន្នន័យឱ្យប្រើប្រាស់ឡើងវិញ បើមិនដូច្នេះទេពួកគេនឹងបញ្ចេញព័ត៌មានរសើបឱ្យប្រជាពលរដ្ឋ និងជនបរទេសបានដឹងជាក់ជាមិនខាន ប៉ុន្តែរដ្ឋាភិបាលបានបដិសេធមិនព្រមបង់ប្រាក់នោះទេ។
លោក អាឡាន សាលីម ខាបេនឡុង(Allan Salim Cabanlong)នាយកប្រចាំតំបន់អាស៊ីអាគ្នេយ៍បានប្រាប់នីកេអេស៊ាថា កង្វះការបម្រុងទុកទិន្នន័យ គឺជារឿងមិនល្អនោះទេ ហើយនោះជាបញ្ហាសម្រាប់ប្រទេសអាស៊ានជាច្រើន សូម្បីតែនៅអឺរ៉ុប និងតំបន់ផ្សេងទៀតក្នុងពិភពលោកក៏អីចឹងដែរ ដោយសារតែតម្លៃសេវានៃការបម្រុងទុកទិន្នន័យខ្ពស់ខ្លាំងពេក។
បន្ទាប់ពីមានការវាយប្រហារចុងក្រោយនេះហើយ អាជ្ញាធរឥណ្ឌូនេស៊ីបានបម្រុងទុកទិន្នន័យចាំបាច់សម្រាប់ភ្នាក់ងាររដ្ឋាភិបាលទាំងអស់ ហើយឥណ្ឌូនេស៊ី ក៏កំពុងបន្តកម្មវិធីបង្កើតមជ្ឈមណ្ឌលទិន្នន័យជាតិធំៗចំនួន៣ ដើម្បីប្រមូលផ្តុំមូលដ្ឋានទិន្នន័យរបស់ស្ថាប័នរដ្ឋ និងគាំទ្រការផ្លាស់ប្តូរឌីជីថលរបស់ប្រទេសនេះផងដែរ៕
អត្ថបទ៖ សុខ មង្គល