តម្លៃថ្មនីកែលបានកើនឡើងដល់កម្រិតខ្ពស់ជាថ្មីកាលពីឆ្នាំ ២០២២ បន្ទាប់ពីប្រទេសរុស្ស៊ីដែលជាអ្នកផលិតថ្មនីកែលដ៏សំខាន់មួយដែរ បានបើកការលុកលុយលើប្រទេសអ៊ុយក្រែន និងដោយសារតែការកើនឡើងនៃតម្រូវការថ្មនីកែលកម្រិតលេខ១ដែលប្រើក្នុងអាគុយរថយន្តអគ្គិសនី។ ថ្មនីកែលថ្នាក់លេខ១មានភាពបរិសុទ្ធខ្ពស់ជាងថ្មនីកែលលេខ២ដែលត្រូវបានគេប្រើជាទូទៅនៅក្នុងការផលិតដែកអ៊ីណុក។
ទោះយ៉ាងណា ការផលិតថ្មនីកែលក៏បានចាប់ផ្តើមកើនលើសតម្រូវការម្តងទៀតក្នុងឆ្នាំ២០២២ ដោយសាររោងចក្ររំលាយលោហធាតុរបស់ចិននៅក្នុងប្រទេសឥណ្ឌូនេស៊ីបានបង្កើនយ៉ាងលឿននូវទិន្នផលដែកនីកែលដែលត្រូវបានប្រើជាធាតុដ៏សំខាន់ក្នុងការផលិតដែកអ៊ីណុក ខណៈដែលការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោកបានរារាំងតម្រូវការដែកអ៊ីណុក។ នេះបើតាមអ្នកវិភាគមួយចំនួន។
អ្នកស្រី អេលី វ៉ាង (Ellie Wang) អ្នកវិភាគរបស់ក្រុមហ៊ុនប្រឹក្សា CRU Group មានមូលដ្ឋាននៅទីក្រុងសៀងហៃ បានប្រាប់សន្និសីទអ្នកធ្វើអាជីវកម្មរ៉ែនៅឥណ្ឌូនេស៊ី (Indonesia Miner) កាលពីសប្តាហ៍មុនថា ទីផ្សារថ្មនីកែលកំពុងឆ្ពោះទៅរកអតិរេកកាន់តែច្រើនឡើងនៅឆ្នាំ២០២៣ ហើយវា«នឹងមិនឃើញឱនភាពនៅមុនឆ្នាំ២០២៨»ទេ។
អ្នកស្រី វ៉ាង បានកត់សម្គាល់ថា ការផលិតដែកអ៊ីណុកសកលបានធ្លាក់ចុះចាប់ពីខែមករាដល់ខែមីនាដែលជាការធ្លាក់ចុះរយៈពេល៦ត្រីមាសជាប់ៗគ្នា ពេលសេដ្ឋកិច្ចចិនងើបយឺត។ ការលក់រថយន្តអគ្គិសនីក៏កំពុងធ្លាក់ចុះផងដែរតាំងពីដើមឆ្នាំមកដល់ពេលនេះ បន្ទាប់ពីរដ្ឋាភិ បាលចិនបានបញ្ចប់គោលនយោបាយឧបត្ថម្ភធនចំពោះរថយន្តអគ្គិសនីរបស់ខ្លួនកាលពីថ្ងៃទី៣១ ខែធ្នូ។ ចិនជាប្រទេសផលិតនិងប្រើដែកអ៊ីណុក រថយន្តអគ្គិសនី និងអាគុយច្រើនជាងគេក្នុងពិភពលោក។
ប៉ុន្តែអ្នកស្រី វ៉ាង បានបន្ថែមថាដោយហេតុតែការលក់រថយន្តអគ្គិសនីរបស់ចិនត្រូវគេរំពឹងថានឹងងើបឡើងវិញនៅឆមាសទី២នៃឆ្នាំ២០២៣ ដូច្នេះហើយតម្រូវការថ្មនីកែលនឹងកើនឡើង និងឈានដល់ ៤,៣ លានតោននៅឆ្នាំ២០២៧ ដោយកើនឡើងពីចំនួនជិត ៣ លានតោនកាលពីឆ្នាំមុន។
លោកស្រី វ៉ាង បានបន្ថែមថា ក្រុមហ៊ុន CRU បានព្យាករពីការធ្លាក់ចុះតម្លៃថ្មនីកែលរយៈពេល ៣ ខែនៅលើផ្សារហ៊ុន London Metal Exchange ពីប្រហែល ២៥ ៦០០ ដុល្លារក្នុងមួយតោននៅឆ្នាំ២០២២មកនៅជាមធ្យមត្រឹមប្រហែល ២៣ ៧០០ ដុល្លារក្នុងមួយតោននៅឆ្នាំ២០២៣នេះ ហើយវានឹងបន្តធ្លាក់ចុះជាលំដាប់មកនៅខាងក្រោម ២ ម៉ឺនដុល្លារក្នុងមួយតោននៅឆ្នាំ២០២៦។
រោងចក្រចម្រាញ់ថ្មនីកែលបានរីកដុះដាលនៅក្នុងប្រទេសឥណ្ឌូនេស៊ីចាប់តាំងពីរដ្ឋាភិបាលបានដាក់បម្រាមអចិន្ត្រៃយ៍លើការនាំចេញរ៉ែនីកែលក្នុងខែមករា ឆ្នាំ២០២០ ដើម្បីកសាងឧស្សាហកម្មកែច្នៃក្នុងស្រុក និងផ្លាស់ប្តូរខ្សែសង្វាក់តម្លៃ។ ឥណ្ឌូណេស៊ី និងអូស្ត្រាលី មានទំនាក់ទំនងគ្នាក្នុងនាមជាប្រទេសដែលមានបរិមាណរ៉ែនីកែលក្រោមដីច្រើនជាងគេបំផុត ដោយប្រទេសនីមួយៗមាន១ភាគ៥នៃរ៉ែនីកែលនៅលើពិភពលោក៕