លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) ដែលគេតែងហៅថា ចូកូវី (Jokowi) បានស្វែងរកការអនុវត្តពេញលេញនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូនេស៊ី-កូរ៉េខាងត្បូង។ លោក ចូកូវី ក៏បានស្នើឱ្យលោក យូន ស៊ុក យើល គាំទ្រគម្រោងជិត ២០ ទៀត ដែលស្នើឡើងដោយប្រទេសឥណ្ឌូនេស៊ី។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានឥណ្ឌូនេស៊ី អង់តារ៉ា (ANTARA)។
លោក ចូកូវី បានថ្លែងក្នុងអំឡុងជំនួបទ្វេភាគីជាមួយសមភាគីកូរ៉េខាងត្បូង លោក យូន ស៊ុក យើល (Yoon Suk Yeol) នៅទីក្រុង ហ៊ីរ៉ូស៊ីម៉ា កាលពីថ្ងៃអាទិត្យថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងប្រទេសទាំង២ត្រូវតែអនុវត្តតាមវិធីល្អបំផុតដូចដែលអាចធ្វើទៅបាន រួមបញ្ចូលទាំងការគាំទ្រសម្រាប់សំណើចំនួន ១៨ ពីប្រទេសឥណ្ឌូនេស៊ីក្នុងវិស័យ កសិកម្ម សុខភាព វប្បធម៌ នេសាទ វិស័យរថយន្ត និងបច្ចេកវិទ្យា។
លោក ចូកូវី ក៏បានស្វែងរកការគាំទ្រពីលោក យូន ចំពោះការសម្រេចបានតាមការប្តេជ្ញាចិត្តដែលធ្វើឡើងដោយក្រុមហ៊ុនកូរ៉េខាងត្បូងមួយចំនួន ទាក់ទងនឹងការវិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ក្នុងចំណោមក្រុមហ៊ុនទាំងនោះ មានជាអាទិ៍ក្រុមហ៊ុនគីមី ឡូតេ (Lotte Chemical) និងក្រុមហ៊ុន ស៊ីចេ ហ្គ្រូប (CJ Group) ដែលថានឹងបង្កើតរោងចក្រគីមី និងរោងចក្រជីវផលិតផល, ក្រុមហ៊ុន អិលអេស ខេប៊ល (LS Cable) និងក្រុមហ៊ុន ធីអេសអ៊ី (TSE) ដែលថានឹងចែកចាយថាមពលថ្មីនិងកកើតឡើងវិញ។ ទន្ទឹមនឹងនេះ លោក ចូកូវី ក៏បានរម្លឹកលោក យូន ឱ្យជួយសម្រេចឱ្យបាននូវការវិនិយោគលើប្រព័ន្ធទ្រទ្រង់យានជំនិះអគ្គិសនីដែរ។
លោក ចូកូវី បានថ្លែងទាក់ទងនឹងការអភិវឌ្ឍរដ្ឋធានីថ្មីឈ្មោះ នូសានតារ៉ា (Nusantara) ថា ឥណ្ឌូនេស៊ី បានរៀបចំការលើកទឹកចិត្ត និងមធ្យោបាយសម្រួលជាច្រើនសម្រាប់វិនិយោគិន។ លោកប្រធានាធិបតីឥណ្ឌូនេស៊ីក៏សង្ឃឹមផងដែរថា ប្រទេសកូរ៉េខាងត្បូង ដែលនៅអាស៊ីបូព៌ានេះ ក៏នឹងចាប់អារម្មណ៍លើការអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងទឹកក្នុងទីក្រុងថ្មីនេះ ព្រមទាំងអនុញ្ញាតឱ្យមានការបង្កើនកូតាបន្ថែមសម្រាប់ពលករចំណាកស្រុកឥណ្ឌូនេស៊ីនៅកូរ៉េខាងត្បូងទៀត។
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយឥណ្ឌូនេស៊ី-កូរ៉េខាងត្បូងបានចូលជាធរមានកាលពីថ្ងៃទី ០១ ខែ មករា ឆ្នាំ២០២៣ ហើយគេដឹងថា ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២២ តម្លៃពាណិជ្ជកម្មរវាងប្រទេសឥណ្ឌូនេស៊ី និងកូរ៉េខាងត្បូង ត្រូវបានកត់ត្រាថាមានទំហំ ២០,៦ពាន់លានដុល្លារ ពោលគឺកើនឡើងជាង ៤០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១ ដែលមានត្រឹមតែ ១៤,៦ ពាន់លានដុល្លារ។ ក្នុងនោះ ការនាំចេញរបស់ឥណ្ឌូណេស៊ីទៅកាន់កូរ៉េខាងត្បូងត្រូវបានកត់ត្រាថាមានទំហំ ១០,៦ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីកូរ៉េខាងត្បូងវិញមានចំនួនជិត ១០ ពាន់លានដុល្លារ៕
ដោយៈ សរ សុជាតិ