AEON គ្រោងបើក២០សាខាទៀតនៅវៀតណាម

ក្រុមហ៊ុនផ្សារទំនើបជប៉ុន AEON គ្រោងបើកមជ្ឈមណ្ឌលលក់ទំនិញ ២០សាខាបន្ថែមទៀតនៅវៀតណាម


ក្រុមហ៊ុនលក់រាយដ៏ធំមួយរបស់ជប៉ុន AEON គ្រោងនឹងបើកមជ្ឈមណ្ឌលលក់ទំនិញបន្ថែម ២០កន្លែងទៀតនៅក្នុងប្រទេសវៀតណាម ព្រមទាំងពង្រីកការនាំចូលផលិតផលវៀតណាមសម្រាប់ការចែកចាយនៅក្នុងប្រទេសជប៉ុនផងដែរ។ នេះបើតាមតំណាងរបស់ក្រុមហ៊ុន AEON បានបញ្ជាក់អះអាងនៅក្នុងកិច្ចប្រជុំជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីងកាលពីថ្ងៃទី ២០ ខែឧសភា។
AEON គ្រោងបើក២០សាខាទៀតនៅវៀតណាម

ប្រទេសវៀតណាម គឺជាទិសដៅវិនិយោគដ៏ធំបំផុតមួយរបស់ក្រុមហ៊ុនជប៉ុន AEON ដោយបច្ចុប្បន្នក្រុមហ៊ុននេះ បានបោះទុនវិនិយោគនៅក្នុងប្រទេសក្បែរខាងកម្ពុជាមួយនេះប្រមាណជិត ១ពាន់២រយលានដុល្លារ ដោយកំពុងប្រតិបត្តិការលើមជ្ឈមណ្ឌលលក់ទំនិញចំនួន៦ទីតាំងនៅក្នុងទីក្រុង និងខេត្តសំខាន់ៗរបស់វៀតណាម ដូចជា ទីក្រុងហានូយ, ហូជីមិញ, ហៃផុង និងខេត្ត ធួរ ធៀន ហឺ ជាដើម។ នេះបើតាមការអះអាងរបស់លោកយូហ្ស៊ីដា អាគីអូ (Yoshida Akio) តំណាងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន AEON នៅអំឡុងជំនួបទល់មុខជាមួយនឹងនាយករដ្ឋមន្ត្រីវៀតណាមលោក ផាម មិញជីងកាលពីថ្ងៃទី ២០ ខែឧសភា។

តំណាងក្រុមហ៊ុន AEON រូបនេះបានអះអាងថា ក្រុមហ៊ុនខ្លួនគ្រោងនឹងពង្រីកការវិនិយោគមជ្ឈមណ្ឌលលក់ទំនិញនៅវៀតណាម ២០សាខាបន្ថែមទៀត ពីលើសាខាដែលមានស្រាប់៦សាខានាពេលបច្ចុប្បន្ន។

នៅពេលដែលឭការលើកឡើងយ៉ាងដូច្នេះ លោក ផាម មិញជីង នាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យក្រុមហ៊ុន AEON ជ្រើសរើសវៀតណាមធ្វើជាមជ្ឈមណ្ឌលពាណិជ្ជកម្មសកលរបស់ខ្លួន និងបន្ដវិនិយោគលើមជ្ឈមណ្ឌលលក់ទំនិញបន្ថែមទៀតនៅក្នុងទីក្រុង និងខេត្តមួយចំនួនដែលប្រជាជនមានកម្រិតជីវភាពខ្ពស់។

នាយករដ្ឋមន្ត្រីវៀតណាម ក៏បានស្នើឲ្យក្រុមហ៊ុនជប៉ុនមួយនេះ នាំយកផលិតផលវៀតណាមទៅកាន់ខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក ជាពិសេសទំនិញសំខាន់របស់វៀតណាមដូចជា វាយនភណ្ឌ ស្បែកជើង ផលិតផលកសិកម្ម និងជលផលជាដើម។

ក្រៅតែពីផែនការអភិវឌ្ឍន៍មជ្ឈមណ្ឌលលក់ទំនិញបន្ថែម ២០សាខានៅក្នុងប្រទេសវៀតណាមនាពេលអនាគតហើយនោះ លោក យ៉ូហ្ស៊ីដា តំណាងក្រុមហ៊ុន AEON បានអះអាងថា ក្រុមហ៊ុនរបស់លោក នឹងពង្រីកការនាំចូលទំនិញរបស់វៀតណាម សម្រាប់ចែកចាយទៅកាន់មជ្ឈមណ្ឌលលក់ទំនិញ ២ម៉ឺនកន្លែងរបស់ខ្លួននៅក្នុងប្រទេសជប៉ុន រួមទាំងការផ្ដល់ជូនអាហារូបករណ៍ ដល់ប្រទេសវៀតណាមសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្ស ដូចដែលបានស្នើឡើងដោយថ្នាក់ដឹកនាំវៀតណាមផងដែរ៕




អត្ថបទបន្ទាប់


កត្តាអ្វីខ្លះធ្វើឲ្យការលក់ឈីបរបស់ក្រុមហ៊ុនធំៗអាចនឹងធ្លាក់ចុះនៅត្រីមាសខាងមុខ?

ព័ត៌មាន
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលៗចំនួន ៧ នៅក្នុងចំណោម ៩ ក្រុមហ៊ុន ទំនងជានឹងលក់បន្ទះឈីបមិនសូវដាច់ដូចមុនទេនៅក្នុងត្រីមាសទី២នេះ ខណៈដែលក្រុមហ៊…

ក្រុមទាហានស៊ីឈ្នួលវែកន័ររុស្ស៊ី ប្រកាសវាយកាន់កាប់តំបន់បាកមុតបានទាំងស្រុងពីដៃកងកម្លាំងអ៊ុយក្រែន

ព័ត៌មាន
កាលពីថ្ងៃសៅរិ៍ ប្រមុខនៃក្រុមទាហានស៊ីឈ្នូលវែកន័រ (Wagner) របស់រុស្ស៊ី លោក អ៊ីវហ្គេនី ព្រីហ្គូហ្សីន (Yevgeny Prigozhin) បានប្រកាសថា កងទ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ