ស្ថានទូតឥណ្ឌូនេស៊ី បានបញ្ជាក់នៅថ្ងៃទី ១៤ ខែកុម្ភៈ ថា ការបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីមកកាន់ប្រទេសកំណើតវិញនេះ នឹងត្រូវធ្វើឡើងជាដំណាក់កាល ហើយត្រូវបានគេរំពឹងថា នឹងបន្តរហូតដល់ថ្ងៃទី ៤ ខែមីនា។ ក្នុងនោះ ក្រុមដំបូងដែលមានជនជាតិឥណ្ឌូនេស៊ី ៧៤៣ នាក់ ត្រូវបានរៀបចំឱ្យវិលត្រឡប់ទៅឥណ្ឌូនេស៊ីវិញ កាលពីថ្ងៃអាទិត្យ ទី១៥ ខែកុម្ភៈ ខណៈដែល ២២៥នាក់ទៀត បានវិលត្រឡប់ទៅកាន់ឥណ្ឌូនេស៊ីដោយឯករាជ្យ (មិនមានការចាប់បញ្ចូនចេញ) គិតតាំងពីថ្ងៃទី ៣០ ខែមករាមក។ នេះបើយោងតាមសេចក្ដីរាយការណ៍ពីសារព័ត៌មាន ស៊ីអិនអេ។
ជនជាតិឥណ្ឌូនេស៊ី អាចវិលត្រឡប់ទៅមាតុប្រទេសវិញបាន បន្ទាប់ពីពួកគេបានចុះឈ្មោះជាមួយស្ថានទូតរបស់ពួកគេ និងអាចបំពេញតាមការវាយតម្លៃបឋម។ គិតនៅត្រឹមថ្ងៃទី ១៥ ខែកុម្ភៈ ការវាយតម្លៃបឋមបង្ហាញថា ជនជាតិឥណ្ឌូនេស៊ីចំនួន ៣,៥៩៥ នាក់ ដែលត្រូវបញ្ចូនចេញពីប្រទេសកម្ពុជានោះ មិនមែនជាជនរងគ្រោះនៃការជួញដូរមនុស្សនោះឡើយ។
ទោះយ៉ាងណា បើតាមស្ថានទូតឥណ្ឌូនេស៊ី បានឲ្យដឹងទៀតថា ជនជាតិឥណ្ឌូនេស៊ីភាគច្រើន បានរាយការណ៍ថា ពួកគេគ្មានលិខិតឆ្លងដែនត្រឹមត្រូវ ហើយត្រូវបានពិន័យដោយអាជ្ញាធរអន្តោប្រវេសន៍កម្ពុជាផងដែរ។
ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា លោក Santo Darmosaumarto បាននិយាយថា ជនភៀសខ្លួនទាំងអស់នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យ និងតាមដានយ៉ាងហ្មតចត់បន្ថែមទៀត នៅពេលពួកគេមកដល់ទីក្រុងហ្សាកាតា ។
លោកបានបន្ថែមថា Santo បានបញ្ជាក់ទៀតថា ជនជាតិឥណ្ឌូនេស៊ី ដែលត្រូវបានរកឃើញថា មានទំនាក់ទំនងជាមួយសកម្មភាពឆបោកតាមអ៊ីនធើណិត នឹងប្រឈមមុខនឹងការចាត់ការតាមផ្លូវច្បាប់ ហើយស្ថានទូតឥណ្ឌូនេស៊ីនៅភ្នំពេញ កំពុងពង្រឹងការសម្របសម្រួលជាមួយភ្នាក់ងារអនុវត្តច្បាប់ឥណ្ឌូនេស៊ី ដើម្បីធានាថា ជនសង្ស័យពាក់ព័ន្ធបញ្ហានេះ នឹងត្រូវបានស៊ើបអង្កេតភ្លាមៗនៅពេលត្រឡប់មកវិញ៕