ប្រេងដូងប្រេងត្រូវបានគេយកទៅធ្វើជាប្រេងសម្រាប់ចម្អិនម្ហូបអាហារយ៉ាងទូលំទូលាយបំផុតនៅក្នុងពិភពលោក ហើយដូងប្រេងមិនត្រឹមតែត្រូវបានសម្រាប់ការចម្អិនអាហារ ប៉ុណ្ណោះទេ វាក៏ត្រូវបានគេប្រើប្រាស់សម្រាប់សម្រាប់ផលិតជាគ្រឿងប្រើប្រាស់មួយចំនួនទៀតដែរ ដូចជាគ្រឿងសម្អាងជាដើម។
ដូងប្រេងគឺជាប្រភេទប្រេងដែលអាចទទួលទានបាន ហើយវាត្រូវបានផលិតប្រើប្រាស់ និងជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោក ហើយប្រេងឆាដែលផលិតពីប្រេងដូងនេះ គឺមានប្រហែល ៤០% នៃការផ្គត់ផ្គង់ប្រេងឆា ដែលគេពេញនិយមបំផុតទាំងបួនប្រភេទនៅក្នុងពិភពលោក ដែលមានដូចជា ប្រេងឆាផលិតពីដូងដូង ប្រេងឆាផលិតពីប្រេងសណ្តែកសៀង ប្រេងខាណូឡា (canola) និងប្រេងគ្រាប់ផ្កាឈូករ័ត្ន។
ក្រសួងកសិកម្មសហរដ្ឋអាមេរិក (USDA) បានឱ្យដឹងថា ប្រេងដូងប្រហែល ៧៧ លានតោនត្រូវគេរំពឹងថា នឹងត្រូវបានផលិតនៅឆ្នាំនេះ ហើយឥណ្ឌូណេស៊ីគឺជាប្រទេសផលិត នាំចេញ និងប្រើប្រាស់ប្រេងដូងច្រើនបំផុត ដែលមានការផ្គត់ផ្គង់សរុបចំនួនប្រហែល ៦០%នៃទីផ្សារពិភពលោក។ ចំណែកប្រទេសម៉ាឡេស៊ីវិញ គឺជាអ្នកផ្គត់ផ្គង់ធំទី២ ដែលមានចំណែកផ្គត់ផ្គង់ ប្រហែល ២៥%។
ដោយឡែក ចំពោះប្រទេសដែលនាំចូលប្រេងដូង ច្រើនជាងគេបំផុតគឺជាប្រទេសឥណ្ឌា ហើយទីផ្សារបន្ទាប់មកទៀត គឺប្រទេសចិន ប៉ាគីស្ថាន បង់ក្លាដែស អេហ្ស៊ីប និងកេនយ៉ា។
ក្រសួងកសិកម្មសហរដ្ឋអាមេរិកបាននិយាយថា នៅក្នុងឆ្នាំធម្មតា ប្រទេសឥណ្ឌាបានប្រើប្រេងដូង ដើម្បីចម្អិនបន្លែធ្វើម្ហូបក្នុងកម្រិត ៤០%។ ការព្យាករណ៍ ពីការនាំចូលបានធ្លាក់ចុះនៅឆ្នាំនេះ ដោយសារតែគោលនយោបាយពាណិជ្ជកម្មរឹតបន្តឹងរបស់ប្រទេសឥណ្ឌូនេស៊ី តម្លៃប្រេងឆាឡើងថ្លៃខ្ពស់ និងកត្តាផ្សេងៗទៀត។
ផលិតកម្មដូងប្រេងជាសកលបានធ្លាក់ចុះនៅឆ្នាំ២០២០ និងឆ្នាំ២០២១ដោយសារការធ្លាក់ចុះនៃកម្លាំងពលកម្មចំណាកស្រុកនៅលើចម្ការដូងប្រេងនៅទូទាំងតំបន់អាស៊ីអាគ្នេយ៍ ដែលនាំឱ្យកាត់បន្ថយការប្រមូលផលផ្លែដូងប្រេង និងការប្រើប្រាស់ជីសម្រាប់ដើមដូងប្រេងបានធ្លាក់ចុះ។
អាជ្ញាធរឥណ្ឌូនេស៊ីកាលពីមុនមកបានដាក់កម្រិតការនាំចេញប្រេងឆានៅចន្លោះចុងខែមករា និងពាក់កណ្តាលខែមីនា ដើម្បីព្យាយាមគ្រប់គ្រងតម្លៃប្រេងសម្រាប់ការចម្អិនអាហារនៅក្នុងស្រុក។
ប្រេងសណ្តែកសៀង គឺជាប្រេងដែលគេអាចចម្អិនអាហារច្រើនបំផុតទី២ ដែលគេរំពឹងថា នឹងត្រូវផលិតប្រហែល ៥៩ លានតោននៅឆ្នាំនេះ ហើយមកដល់ពេលនេះ ប្រទេសចិន គឺជាប្រទេសផលិតធំបំផុតចំនួន ប្រមាណ ១៦ លានតោន បន្ទាប់មកគឺសហរដ្ឋអាមេរិក ដែលផលិតបានប្រមាណ ១២ លានតោន ហើយប្រទេសប្រេស៊ីលមានផលិតបានចំនួន ៩ លានតោន និងចុងក្រោយគឺអាហ្សង់ទីនមានប្រមាណ ៨លានតោន។
សរុបសេចក្ដីមកគឺថា តម្លៃប្រេងឆាបានកើនឡើងដល់កម្រិតខ្ពស់ ដោយសារក្តីបារម្ភជុំវិញការសម្រេចចិត្តរបស់ឥណ្ឌូនេស៊ីចំពោះការហាមឃាត់នាំចេញដូងប្រេងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងបញ្ហាតម្លៃប្រេងឆាកំពុងឡើងថ្លៃខ្ពស់នៅក្នុងស្រុក៕
អត្ថបទ៖ សុខ ជា