យ៉ាងណាមិញ សម្រាប់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលមានការដឹកនាំដោយឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅតែបន្តពង្រឹងប្រព័ន្ធជំនួយសង្គម និងសន្តិសុខសង្គម និងពង្រីកវិសាលភាពគ្របដណ្ដប់ឲ្យកាន់តែចំគោលដៅ ជាពិសេសតាមរយៈការជំរុញ និងលើកទឹកចិត្តដល់ប្រជាជនដែលស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឲ្យចូលក្នុងប្រព័ន្ធ។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ ដែលប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ចុះបញ្ជីក្នុងប្រព័ន្ធ ដើម្បីទទួលបាននូវកិច្ចគាំពារផ្សេងៗ និងស្នើឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតគូផ្ដល់នូវអត្ថប្រយោជន៍មួយចំនួនសម្រាប់អ្នកដែលបានចុះបញ្ជីក្នុងប្រព័ន្ធផងដែរ។
ឯកឧត្តម ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រៅពីការយកចិត្តទុកដាក់គាំពារ និងផ្ដល់អត្ថប្រយោជន៍ជូនកម្មករនិយោជិត ដែលប្រកបការងារផ្នែកសេដ្ឋកិច្ចក្នុងប្រព័ន្ធហើយនោះ រាជរដ្ឋាភិបាលថ្មី ក៏កំពុងគិតគូរដល់អ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាអ្នកប្រកបរបស់តូចតាចផ្ទាល់ខ្លួនផងដែរ។ យ៉ាងណាមិញរាជរដ្ឋាភិបាលកំពុងគិតគូរឲ្យអ្នករកស៊ីក្រៅប្រព័ន្ធ ដើម្បីឱ្យពួកគេបានចុះបញ្ជីក្នុងប្រព័ន្ធ និងបានទទួលអត្ថប្រយោជន៍ផ្សេងៗពីរាជរដ្ឋាភិបាល ដ្បិតការស្ថិតនៅក្រៅប្រព័ន្ធសេដ្ឋកិច្ច វាធ្វើឲ្យរាជរដ្ឋាភិបាលពិបាកក្នុងការគ្រប់គ្រងទិន្នន័យ និងផ្ដល់ការគាំពារឲ្យបានគ្រប់ជ្រុងជ្រោយ និងចំគោលដៅ។ បើតាមការគូសបញ្ជាក់របស់រាជរដ្ឋាភិបាលការរៀបចំចុះបញ្ជីអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍នេះ គឺធ្វើឡើងតាមគោលការណ៍ស្ម័គ្រចិត្ត គ្មានការបង្ខិតបង្ខំឡើយ។ ហើយអ្វីដែលតែក្រសួង-ស្ថាប័នពាក់ព័ន្ធត្រូវធ្វើនោះ គឺការខិតខំបង្ហាញអំពីការគាំពារសង្គម ការផ្ដល់អត្ថប្រយោជន៍នានា និងការអនុគ្រោះមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋបានឃើញ ហើយអាចស្ម័គ្រចិត្តចូលរួមចុះបញ្ជីជាបន្តបន្ទាប់។
ជុំវិញបញ្ហានេះ អ្នកឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី និងជាប្រធានសមាគមសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជាបានគូសបញ្ជាក់ថា សភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា កំពុងតែរៀបចំផែនការយុទ្ធសាស្ត្រមួយចំនួន ក្នុងការស្នើសុំឲ្យមានការគាំទ្រពីរាជរដ្ឋាភិបាល ដើម្បីឲ្យសភាមុខរបរនិងមីក្រូសហគ្រាសកម្ពុជា មានលទ្ធភាពអាចចូលរួមកៀរគរ អ្នកដែលនៅក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធកាន់តែច្រើនដែលអាចធ្វើទៅបាន។ បើតាមអ្នកឧកញ៉ា កែវ មុំ មានកត្តាមួយចំនួន ដែលធ្វើឲ្យអ្នកប្រកបរបរក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធមិនចូលក្នុងប្រព័ន្ធ ដូចជាការប្រកបអាជីវកម្មរបស់ពួកគាត់ស្ថិតក្នុងខ្នាតតូច និងខ្នាតមីក្រូ គឺជាប្រភេទអាជីវកម្មដែលមិនទាន់មានការកត់ត្រានូវចំណូល និងចំណាយឲ្យបានត្រឹមត្រូវនៅឡើយ។ ម្យ៉ាងវិញទៀត ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់យល់ច្បាស់ពីការចុះបញ្ជី និងវិធីនៃការចុះបញ្ជីនៅឡើយ។ សម្រាប់អ្នកជំនាញរូបនេះ ដើម្បីអាចឱ្យអ្នករកស៊ីក្រៅប្រព័ន្ធចូលក្នុងប្រព័ន្ធ ត្រូវមានផែនការយុទ្ធសាស្ត្រ ដូចជា បង្កើតឲ្យមានច្រកចេញចូលតែមួយនៅកន្លែងណាមួយដែលងាយស្រួលសម្រាប់ពួកគេអាចទទួលបានព័ត៌មានលឿន និងត្រូវមានយុទ្ធសាស្ត្រក្នុងការជួយពង្រឹងសមត្ថភាព និងជួយដោះស្រាយបញ្ហាដែលពួកគេជួបប្រទះ ក៏ដូចជាកំណត់តម្លៃចុះបញ្ជីឱ្យសមស្របដែលអាចទទួលយកបាន និងជួយសម្រួលដល់ការចុះបញ្ជីជាដើម។
យ៉ាងណាក៏ដោយ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានលើកអនុសាសន៍៣ចំណុច ដល់ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជាប្រធានគណៈកម្មាធិការគោលនយោបាយជាតិ ដើម្បីគិតគូរជូនអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ផងដែរ។ គោលការណ៍ទាំងនោះរួមមាន ទី១.គិតគូរអំពីការកាត់បន្ថយនីតិវិធីនៃការចុះបញ្ជី ការបំពេញបែបបទ និងកាត់បន្ថយការបង់សេវាផ្សេងៗ ដើម្បីឱ្យអ្នកប្រកបការងារ និងមុខរបរផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ បុគ្គលស្វ័យនិយោជន៍ងាយស្រួលក្នុងការចូលរួមចុះបញ្ជី។ ទី២.ពិនិត្យមើលការលើកលែងការផាកពិន័យ និងបំណុលទាំងអស់ក្នុងពេលដំណាក់កាលណាមួយ ដើម្បីកុំឱ្យពួកគេព្រួយបារម្ភរឿងជាប់ពិន័យពន្ធនៅពេលមកចុះបញ្ជី។ ក្នុងន័យនេះឯកឧត្តមបានពន្យល់បន្ថែមថា ភារកិច្ចរបស់រាជរដ្ឋាភិបាល មិនមែនឱ្យពួកគេចុះបញ្ជី ដើម្បីច្របាច់កនោះទេ គឺដើម្បីជួយគ្នាទៅវិញទៅមក តាមរយៈជួយសេដ្ឋកិច្ចជាតិរឹងមាំ ហើយជឿទុកចិត្តលើរាជរដ្ឋាភិបាល។ និងទី៣. ត្រូវពិនិត្យលើការលើកទឹកចិត្តផ្នែកពន្ធដារ លើកលែងការពិន័យ និងលើកលែងទោសទណ្ឌផ្សេងៗ ឬក៏បំណុលពន្ធជាដើមទៅតាមលទ្ធភាពដែលអាចធ្វើបាន៕