នវានុវត្តន៍ជាកាតាលីករដ៏សំខាន់

ក្រសួងឧស្សាហកម្មចាត់ទុកការធ្វើនវានុវត្តន៍ជាកាតាលីករដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានចាត់ទុកការធ្វើនវានុវត្តន៍ជាកាតាលីករដ៏សំខាន់ក្នុងការជួយជំរុញសម្ទុះអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឌីជីថលនៅកម្ពុជា។ ការចាត់ទុកបែបនេះធ្វើឡើងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសន្ទស្សន៍នវានុវត្តន៍សហគ្រាសនៅព្រឹកថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ដែលជាផ្នែកមួយក្នុងការជួយលើកកម្ពស់នវានុវត្តន៍ដល់សហគ្រាសនានា ក៏ដូចជាជួយពន្លឿនកំណើនសេដ្ឋកិច្ច។
នវានុវត្តន៍ជាកាតាលីករដ៏សំខាន់
ដោយ

ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍បានលើកឡើងពីតួនាទីសំខាន់ នៃនវានុវត្តន៍ក្នុងការលើកកម្ពស់កំណើនសេដ្ឋកិច្ច ការបង្កើនសមត្ថភាពប្រកួតប្រជែង និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ បើតាមថ្នាក់ដឹកនាំរូបនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកំណត់យកបច្ចេកវិទ្យា ជាពិសេសបច្ចេកវិទ្យាឌីជីថល ជាវិស័យអាទិភាពក្នុងការឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មជំនាន់ទី៤ និងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច។ នវានុវត្តន៍ត្រូវបានគេទទួលស្គាល់ថា ជាកាតាលីករដ៏សំខាន់សម្រាប់ជំរុញសម្ទុះអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមឌីជីថល ដែលនឹងរួមចំណែកដល់ការបង្កើតម៉ូដែលថ្មីនៃកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា។

ជាមួយគ្នានេះលោក សុខ ណារិន តំណាងអង្គការ UNIDO ប្រចាំកម្ពុជា បានចាត់ទុកការលើកកម្ពស់នវានុវត្តន៍ វាមានសារសំខាន់សម្រាប់កម្ពុជា ដើម្បីសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែងក្នុងទីផ្សារពិភពលោក ខណៈការជួយអភិវឌ្ឍន៍សហគ្រាសកម្ពុជាឱ្យមានភាពរីកចម្រើនជាផ្នែកមួយដើម្បីជួយកម្ពុជាឱ្យឈានទៅសម្រេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

បើតាមការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងឧស្សាហកម្មនឹងចាប់ផ្តើមអនុវត្តការងារ ការផ្សព្វផ្សាយគោលការណ៍ណែនាំ ស្ដីពីសន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជានាពេលឆាប់ៗខាងមុខនេះ និងបានលើកទឹកចិត្តឱ្យភាគីពាក់ព័ន្ធទាំងអស់ចូលរួមគាំទ្រ ដើម្បីកសាងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងគ្រប់វិស័យនៅកម្ពុជា ដែលមានលក្ខណៈវិបុលភាព និងនវានុវត្តន៍ ។

សូមបញ្ជាក់ថា សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដើម្បីផ្តល់ជាវេទិកាពិភាក្សាពីអត្ថប្រយោជន៍នៃនវានុវត្តន៍សហគ្រាសក្នុងការជំរុញសម្ទុះកំណើនសេដ្ឋកិច្ចជាតិ។ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជា(CEII) មានតួនាទីសំខាន់ក្នុងយុទ្ធសាស្រ្តជាតិ។ សន្ទស្សន៍នេះត្រូវបានប្រើប្រាស់ជាឧបករណ៍ដែលមានវិធីសាស្រ្តដ៍រឹងមាំ និងសមស្របក្នុងការវាយតម្លៃសមត្ថភាពនវានុវត្តន៍របស់សហគ្រាស ដោយផ្តោតទាំងលើធាតុចូលនិងលទ្ធផលនវានុវត្តន៍។ សន្ទស្សន៍នវានុវត្តន៍សហគ្រាសកម្ពុជាផ្តល់នូវទស្សនៈសំខាន់ៗដែលនឹងជួយបង្កើតគោលនយោបាយ ការវិនិយោគជាយុទ្ធសាស្រ្ត និងការអនុវត្តអាជីវកម្មថ្មីៗ៕

អត្ថបទ៖ បូ ដូឡា,រូបភាព តែន ចិន




អត្ថបទបន្ទាប់


ក្រុមមេដឹកនាំអឺរ៉ុបធ្វើសេចក្ដីព្រាងផែនការសន្តិភាពនៅអ៊ុយក្រែន ដើម្បីដាក់ឱ្យសហរដ្ឋអាម៉េរិកពិនិត្យ

មេដឹកនាំចក្រភពអង់គ្លេសបានអះអាងថា ក្រុមមេដឹកនាំអឺរ៉ុបបានព្រមព្រៀងគ្នាបង្កើតផែនការសន្តិភាពសម្រាប់អ៊ុយក្រែន ដើម្បីដាក់ឱ្យអាម៉េរិកពិនិត្យ ដែល…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ