សេចក្តីព្រាងគោលនយោបាយនេះ គឺមានចក្ខុវិស័យអភិវឌ្ឍប្រព័ន្ធកម្មសិទ្ធិបញ្ញានៅកម្ពុជាឱ្យក្លាយជាកម្លាំងចលករក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម ឧស្សាហកម្ម វប្បធម៌ ទេសចរណ៍ និងកសិកម្ម ដើម្បីឆ្លើយតបនឹងបរិបទសេដ្ឋកិច្ច និងសង្គមឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក៏ដូចជាចូលរួមចំណែកក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់កម្ពុជាក្នុងការប្រែក្លាយជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។
យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្ត្រី សេចក្តីព្រាងគោលនយោបាយជាតិស្តីពី«កម្មសិទ្ធិបញ្ញា»នេះ ត្រូវបានតាក់តែងឡើងដោយឆ្លងកាត់កិច្ចប្រជុំលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា ចំនួន៨លើក និងកិច្ចប្រជុំពិគ្រោះយោបល់ចំនួន១លើក ដោយមានការចូលរួមពីតំណាងសមាគម សហគ្រាសធុនតូច និងមធ្យម សមាគមកម្មសិទ្ធិបញ្ញាកម្ពុជា សមាគមសហគ្រិនស្ត្រីកម្ពុជា សភាពាណិជ្ជកម្ម និ សាកលវិទ្យាល័យ វិទ្យាសាស្រ្តស្រាវជ្រាវ។
សេចក្ដីព្រាងគោលនយោបាយនេះ ត្រូវបានរៀបចំ និងតាក់តែងឡើងក្នុងគោលបំណងធំៗចំនួន៣ រួមមានរៀបចំច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលទាក់ទងនឹងកម្មសិទ្ធិបញ្ញាឱ្យស្របតាមបទដ្ឋានអន្តរជាតិ និងពង្រឹងការអនុវត្តច្បាប់កម្មសិទ្ធិបញ្ញា ដើម្បីឆ្លើយតបទៅនឹងតម្រូវការសេដ្ឋកិច្ច-សង្គម និងការអភិវឌ្ឍ, ពង្រឹងនិងលើកកម្ពស់សមត្ថភាពមន្ត្រី និងអង្គភាពក្នុងការអនុវត្តប្រព័ន្ធកម្មសិទ្ធិបញ្ញា ដើម្បីគាំទ្រការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងផ្សព្វផ្សាយនិងលើកកម្ពស់ចំណេះដឹងសាធារណៈអំពីការប្រើប្រាស់កម្មសិទ្ធិបញ្ញាក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម ដើម្បីជំរុញវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជឿជាក់ថា តាមរយៈគោលនយោបាយនេះ វានឹងជួយលើកកម្ពស់កិច្ចការពារកម្មសិទ្ធិបញ្ញា កេរ្តិ៍ឈ្មោះម៉ាក និងផលិតផលរបស់កម្ពុជា ការបង្កើតស្នាដៃ សិទ្ធិអ្នកនិពន្ធ តក្កកម្ម ធនធានពិន្ធុ ចំណេះដឹងជាប្រពៃណី និងវិញ្ញត្តិវប្បធម៌ និងជំរុញការប្រើប្រាស់កម្មសិទ្ធិបញ្ញា ដើម្បីលើកកម្ពស់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ក្នុងការបង្កើតផលិតផលបច្ចេកវិទ្យា និងគំនិតច្នៃប្រតិដ្ឋ និងការបង្កើតថ្មី ព្រមទាំងឧស្សាហកម្មវប្បធម៌ឱ្យកាន់តែល្អប្រសើរបន្ថែមទៀត។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានចាត់ទុកគោលនយោបាយនេះ ក៏ជាផ្នែកមួយក្នុងការរួមចំណែកជួយកម្ពុជាឱ្យឈានទៅសម្រេចគោលដៅក្នុងការប្រែក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ផងដែរ៕
អត្ថបទ៖ បូ ដូឡា