តម្លៃមាសនៅថ្ងៃអង្គារ ដើមសប្តាហ៍នេះបានហក់ឡើង០,១% ពោលគឺឡើងដល់ជាង២ពាន់៤រយដុល្លារក្នុងមួយអោន ដោយមួយអោនស្មើនឹងជាង៨ជីមាស បន្ទាប់ពីបានធ្លាក់ចុះដល់កម្រិតទាបបំផុតចាប់តាំងពីថ្ងៃទី២៦ ខែកក្កដា ដែលធ្វើឱ្យជាប់គាំងការលក់ចេញជាសកលដោយសារតែការភ័យខ្លាចពីការធ្លាក់ចុះសេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក។ បើតាមសន្ទស្សន៍តម្លៃមាសនាពេលអនាគតរបស់អាម៉េរិកបានបង្ហាញថា តម្លៃមាសនឹងកើនឡើង០,២% ឡើងដល់២,៤៤៩ដុល្លារក្នុងមួយអោន។
ការហក់ឡើងតម្លៃមាសនៅពេលនេះបានកើតឡើងចំពេលក្រុមអ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអាម៉េរិកបាននិយាយថា ធនាគារនេះ នឹងត្រូវកាត់បន្ថយអត្រាការប្រាក់ដើម្បីរម្ងាប់គំនិតមហាជន ដែលយល់ថា ការធ្លាក់ចុះការងារនៅខែកក្កដា ច្រើនជាងការរំពឹងទុក គឺជាការបង្ហាញពីការធ្លាក់ចុះសេដ្ឋកិច្ចអាម៉េរិក។
ប្រធានធនាគារកណ្ដាលអាម៉េរិកប្រចាំទីក្រុងសានហ្វ្រាន់ស៊ីស្កូលោកស្រី ម៉ារី ដាលី (Mary Daly) បាននិយាយថា លោកស្រីចង់ឃើញការកាត់បន្ថយអត្រាការប្រាក់តាមការចាំបាច់ ហើយគោលនយោបាយចាំបាច់ត្រូវតែមានភាពសកម្ម។
លោកស្រី សូនី គូម៉ារី (Soni Kumari) មន្ត្រីរៀបចំយុទ្ធសាស្រ្តទំនិញរបស់ធនាគារ ANZ បាននិយាយថា ប្រសិនបើទិន្នន័យសេដ្ឋកិច្ចនាពេលខាងមុខបង្ហាញពីភាពកាន់តែចុះខ្សោយ ហើយធនាគារកណ្ដាលកាន់តែមានភាពស្រពេចស្រពិលនោះ តម្លៃមាសនឹងហក់ឡើងដល់២,៥០០ដុល្លារក្នុងមួយអោន ឬលើសពីនេះទៀតជាក់ជាមិនខាន។
លោកស្រីបានបន្ថែមថា ក្រុមពាណិជ្ជករក៏នឹងកំពុងសម្លឹងមើលទិន្នន័យពីប្រទេសចិនដែលជាកំពូលអ្នកទិញមាសផងដែរ ហើយស្របពេលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែកើតឡើងនោះ តម្រូវការមាសគួរតែបន្តកើនឡើងថែមទៀតផងដែរ៕
អត្ថបទ៖ សុខ មង្គល