ការកាត់ផ្តាច់សេវាអ៊ីនធឺណិតនៅអាស៊ីកើនឡើង៧០%

អាស៊ីត្រូវបានគេអះអាងថា ជាកន្លែងដែលសេវាកម្មអ៊ីនធឺណិតឧស្សាហ៍ត្រូវបានគេកាត់ផ្តាច់បំផុតនៅលើពិភពលោក


អ៊ីនធឺណិតត្រូវបានចាត់ទុកជាច្រកទំនាក់ទំនងដ៏សកម្មនៅលើពិភពលោក ប៉ុន្តែនៅក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ សេវាកម្មអ៊ីនធឺណិតនៅក្នុងទ្វីបអាស៊ីឧស្សាហ៍ត្រូវគេកាត់ផ្តាច់ជាងគេបំផុត។ ក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍បានត្អូញត្អែរចំពោះបញ្ហានេះ តែថាពួកគេគ្មានជម្រើសនោះទេ ពីព្រោះការកាត់ផ្តាច់នេះភាគច្រើនជាបទបញ្ជារបស់រដ្ឋាភិបាល។ ស្ថិតិបានបង្ហាញថា នៅ៤ខែដើមឆ្នាំនេះ អ៊ីនធឺណិតនៅទូទាំងអាស៊ីត្រូវបានកាត់ផ្តាច់សរុបរហូតដល់ទៅ១៥ពាន់ម៉ោង។
ការកាត់ផ្តាច់សេវាអ៊ីនធឺណិតនៅអាស៊ីកើនឡើង៧០%
ដោយ

សារព័ត៌មាននីកេ អេស៊ា បានចុះផ្សាយថា សេវាកម្មអ៊ីនធឺណិតនៅអាស៊ីកំពុងស្ថិតនៅក្រោមការគ្រប់គ្រងដ៏តឹងរ៉ឹងរបស់អាជ្ញាធរ ហើយនិន្នាការនៃការរឹតត្បិតលើការប្រើប្រាស់អ៊ីនធឺណិតមានការកើនឡើងជាបន្តបន្ទាប់នៅក្នុងរយៈពេលប្រមាណ៤ឆ្នាំចុងក្រោយនេះ។ រដ្ឋាភិបាលនៅអាស៊ីកំពុងរឹតបន្តឹងការចូលទៅប្រើប្រាស់អ៊ីនធឺណិត សម្រាប់គោលបំណងនយោបាយ ដែលបង្កហានិភ័យដល់ប្រតិបត្តិករទូរគមនាគមន៍ ដែលគ្មានជម្រើសក្រៅពីអនុវត្តតាមបទបញ្ជារបស់អាជ្ញាធរ។ យោងតាមទិន្នន័យពីក្រុមដែលតាមដានការបិទអ៊ីនធឺណិតបានឲ្យដឹងថា ការកាត់ផ្តាច់សេវាអ៊ីនធឺណិតនៅ អាស៊ីបានកើនឡើង៧0% ចន្លោះឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ ហើយក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំនេះ រយៈពេលសរុបដែលសេវាកម្មអ៊ីនធឺណិតត្រូវគេកាត់ផ្តាច់មានរហូតដល់លើស១៥ពាន់ម៉ោងទៅហើយ។

ករណីដែលកាត់ផ្តាច់ធំៗគឺមានដូចជានៅបង់ក្លាដេស ដែលកើតឡើងកាលពីថ្ងៃទី១៨ ខែកក្កដា ក្រោយពេលដែលក្រុមនិស្សិតបានផ្ទុះការតវ៉ាប្រឆាំងនឹងរដ្ឋាភិបាលរបស់លោកស្រីនាយករដ្ឋមន្ត្រី ស៊ិក ហាស៊ីណា (Sheikh Hasina) រហូតដល់លោកស្រីបានលាលែងពីតំណែងហើយបានភៀសខ្លួនចេញពីប្រទេសនៅខែសីហា។ ក្រៅពីបង់ក្លាដេស ការកាត់ផ្តាច់សេវាអ៊ីនធឺណិត ក៏បានកើតឡើងនៅប្រទេសប៉ាគីស្ថាន មីយ៉ាន់ម៉ា ឥណ្ឌា និងប្រជាជាតិអាស៊ីមួយចំនួនទៀតផងដែរ។

យោងតាមស្ថិតិដែលកត់ត្រាដោយក្រុមហ៊ុន Top10 VPN បានឲ្យដឹងថា កាលពីឆ្នាំ២០២១ រយៈពេលនៃការកាត់ផ្តាច់សេវាកម្មអ៊ីនធឺណិតមានតែជិត១៨ពាន់ម៉ោងទេ តែនៅក្នុងឆ្នាំ២០២២ ឡើងដល់ជិត២៦ពាន់ម៉ោង ហើយនៅក្នុងឆ្នាំ២០២៣ ឡើងរហូតដល់ជាង៣០ពាន់ម៉ោង។ ការកាត់ផ្តាច់សេវកម្មអ៊ីនធឺណិតបែបនេះ ត្រូវបានគេអះអាងថា វាប៉ះពាល់ដល់ទំនាក់ទំនង ដែលនាំឲ្យរំខានដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មផ្សេងៗ ពីព្រោះសេវាកម្មអ៊ីនធឺណិតបច្ចុប្បន្នបានដើរតួនាទីកាន់តែសកម្ម៕

ដោយៈ សរ សុជាតិ




អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា បន្ដរក្សាបានចំណាត់ថ្នាក់ «B+/Stable/B» ពីការវាយតម្លៃរបស់ Standard & Poor's (S&P) Global Ratings

ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជធំជាងគេមួយនៅកម្ពុជា នៅតែបន្ដរក្សាបានចំណាត់ថ្នាក់ល្អ "B+/Stable/B" ដដែល ពីការវាយតម្លៃរបស់ភ្នាក់ងារ…

តើសេដ្ឋកិច្ចកម្ពុជាអាចរងផលប៉ះពាល់ដែរឬទេ ប្រសិនបើអាម៉េរិកដំឡើងពន្ធដូចការព្រមានមែននោះ?

ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាម៉េរិកលោក ដូណាល់ ត្រាំ គ្រោងដំឡើងពន្ធគយថ្មីទៅលើការនាំចូលទំនិញពីប្រទេសចិនចំនួន៦០% និងពីតំបន់ផ្សេងៗទៀត…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ