តាមសេចក្តីរាយការណ៍ដែលចុះផ្សាយនៅសារព័ត៌មាន the Edge បានឲ្យដឹងថា បញ្ហាតម្លៃលំនៅឋាន នឹងក្លាយជាបញ្ហាគំរាមកំហែងមួយសម្រាប់លោកនាយករដ្ឋមន្រ្តី ឡូរ៉េន វង្ស នៅក្នុងការបោះឆ្នោតនាពេលខាងមុខ។ តែយ៉ាងណា ដើម្បីជួយសម្រួលបញ្ហានេះវិធានការដែលអាជ្ញាធរសិង្ហបុរីនឹងដាក់ចេញនោះ រួមមានការកំណត់ប្រាក់កម្ចីជាមួយអត្រាការប្រាក់ទាប លើការផ្តល់ហិរញ្ញប្បទានពីអាជ្ញាធរលំនៅឋានសាធារណៈ សំដៅលើកកម្ពស់ទីផ្សារឲ្យស្ថិតនៅក្នុងស្ថានភាពមួយដែលមានស្ថិរភាព និងនិរន្តរភាព។
មកដល់ពេលនេះលទ្ធភាពនៃការទទួលបានលំនៅដ្ឋានសាធារណៈ គឺជាចំណុចស្នូលនៃគោលនយោបាយ សម្រាប់គណបក្សសកម្មភាពប្រជាជន ដែលកំពុងកាន់អំណាច ចាប់តាំងពីទទួលបានឯករាជ្យនៅឆ្នាំ១៩៦៥ ខណៈដែលតួលេខបង្ហាញថា ស្ទើរតែ៨0% នៃពលរដ្ឋសិង្ហបុរី កំពុងតែរស់នៅក្នុងលំនៅដ្ឋានសាធារណៈ ដែលត្រូវបានសាងសង់ និងលក់ក្នុងតម្លៃឧបត្ថម្ភដោយរដ្ឋ។
តម្លៃនិងទីផ្សារលំនៅឋាននៅប្រទេសផ្សេងៗ កំពុងមានការធ្លាក់ចុះដូចជានៅមហាយក្សចិន ជាដើម ប៉ុន្តែនៅសិង្ហបុរីបែរជាមានស្ថានភាពផ្ទុយពីនេះទៅវិញ។ នៅប៉ុន្មានកន្លងមកឆ្នាំនេះ តម្លៃលំនៅឋានបានកើនឡើង ដោយសារតែការរីករាលដាលនៃមេរោគកូវីដ-១៩ បានធ្វើឲ្យសំណង់ជាច្រើនត្រូវបានពន្យារពេល។
បច្ចុប្បន្នតម្លៃលំនៅស្ថានដែលរស់នៅស្រាប់នៅសិង្ហបុរី អាចមានតម្លៃរហូតដល់ទៅប្រមាណ៧៦ម៉ឺនដុល្លារ។ កាលពីឆ្នាំមុន តម្លៃលំនៅស្ថានដែលកំពុងប្រើប្រាស់ស្រាប់ មានការកើនឡើងរហូតដល់ទៅជិត៥% ហើយនៅឆមាសទី១នៃឆ្នាំ២០២៤នេះ វាបានបន្តកើនឡើងលើសពី៤% បន្ថែមទៀត។
ដើម្បីសម្រួលដល់បញ្ហានេះ ក្រោមការដាក់ចេញវិធានការថ្មី ពលរដ្ឋសិង្ហបុរី អាចនឹងស្នើសុំកម្ចីពីស្ថាប័នធនាគារបានរហូតដល់ទៅ៨០% នៃតម្លៃលំនៅឋាន ខណៈពីមុនកំណត់ត្រឹម៧៥% ហើយក្រៅពីនេះ រដ្ឋាភិបាល ក៏នឹងបង្កើនកញ្ចប់ជំនួយសម្រាប់ដោះស្រាយបញ្ហាលំនៅឋានដល់លើសពី៣ម៉ឺនដុល្លារ សម្រាប់អ្នកទិញផ្ទះដំបូងដែលមានចំណូលទាបដល់មធ្យម។
ក្រៅពីនេះ រដ្ឋាភិបាលសិង្ហបុរី កំពុងស្វែងគោលនយោបាយបន្ធូរបន្ថយជូនពលរដ្ឋដើម្បីឲ្យពូកគេមានលំនៅឋានសមរម្យ ដោយរួមទាំងការដំឡើងពន្ធប្រថាប់ត្រា សម្រាប់អ្នកទិញបរទេសដល់៦0% និងរឹតបន្តឹងតាមរយៈការដំឡើងពន្ធសម្រាប់អ្នកទិញផ្ទះទីពីរផងដែរ៕
ដោយៈ សរ សុជាតិ