លោក ឡារី ហ្វីន (Larry Fink) ប្រធានក្រុមហ៊ុនយក្ស BlackRock ដែលគ្រប់គ្រងទ្រព្យសម្បត្តិរហូតដល់១៤ទ្រីលានដុល្លារបានផ្តល់បទសម្ភាសដ៏កម្រមួយជាមួយសារព័ត៌មាន BBC ដោយលើកឡើងពីក្តីបារម្ភចំពោះសន្តិសុខសេដ្ឋកិច្ចសកល។ អ្នកជំនួញដ៏ល្បីល្បាញរូបនេះបានព្រមានថា ប្រសិនបើតម្លៃប្រេងឆៅហក់ឡើងដល់១៥០ដុល្លារក្នុងមួយបារ៉ែល នោះពិភពលោកមិនបាច់រកថ្នាំព្យាបាលវិបត្តិសេដ្ឋកិច្ចឡើយ ព្រោះវានឹងផ្ទុះឡើងយ៉ាងសន្ធោសន្ធៅ ដែលមិនអាចទប់ទល់បាន។
ក្រៅពីវិបត្តិថាមពល មហាសេដ្ឋីរូបនេះ ក៏បានបង្ហាញទស្សនៈដ៏គួរឱ្យភ្ញាក់ផ្អើលពាក់ព័ន្ធនឹងបដិវត្តន៍ AI ផងដែរ។ លោកសង្កេតឃើញថា សហរដ្ឋអាម៉េរិក កំពុងដើរលើផ្លូវខុស ដោយផ្ដោតខ្លាំងពេកលើការបញ្ជូនយុវជនឱ្យទៅរៀនជំនាញរដ្ឋបាល ធនាគារ ឬច្បាប់ ដែលជាមុខជំនាញងាយនឹងត្រូវ AI ជំនួសបំផុត។
លោក ឡារី ហ្វីន បានសង្កត់ធ្ងន់ថា នៅពេលនេះការងារការិយាល័យជាច្រើនកំពុងត្រូវបានដណ្តើមដោយ AI ដូច្នេះសង្គមគួរតែងាកមកគោរព និងឱ្យតម្លៃលើអាជីពជំនាញពិតប្រាកដវិញ ដូចជាជាងទឹក ជាងអគ្គិសនី និងជាងផ្សារជាដើម។
លោកបន្ថែមថា ក្នុងស្ថានភាព ដែលពិភពលោកវិវត្តទៅរកបច្ចេកវិទ្យាដ៏ទំនើប ទីផ្សារការងារសម្រាប់ការិយាល័យក្នុងវិស័យធនាគារ ប្រព័ន្ធផ្សព្វផ្សាយ និងច្បាប់នឹងកាន់តែខ្សត់ទៅៗ។ ផ្ទុយទៅវិញឱកាសការងារបច្ចេកទេសនឹងក្លាយជាខ្នងបង្អែកសេដ្ឋកិច្ចដ៏រឹងមាំបំផុត។ លោកបានអំពាវនាវឱ្យមានការផ្លាស់ប្តូរការយល់ឃើញ និងការឱ្យតម្លៃលើការងារជំនាញឱ្យបានឆាប់រហ័ស ដើម្បីត្រៀមខ្លួនទប់ទល់នឹងរោគសញ្ញាដ៏គ្រោះថ្នាក់ នៃសេដ្ឋកិច្ចពិភពលោកនៅពេលខាងមុខ៕
ដោយៈ សរ សុជាតិ