តាមរយៈការបង្ហាញបំណងចង់វិនិយោគរបស់ក្រុមហ៊ុនអាម៉េរិកនេះ បានធ្វើឱ្យប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា រំពឹងថា ការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិកនឹងកាន់តែមានកំណើនថែមទៀតនាពេលខាងមុខ ខណៈគិតត្រឹមរយៈពេល៥ខែដើមឆ្នាំនេះ ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារអាម៉េរិក និងអឺរ៉ុប មានការកើនឡើងប្រមាណជិត១០%។
ឧកញ៉ា សុង សារ៉ន ប្រធានក្រុមប្រឹក្សាភិបាលនៃសហព័ន្ធស្រូវអង្ករកម្ពុជា និងលោក Patrick Murphy អនុប្រធានប្រតិបត្តិផ្នែកស្រូវ និងធញ្ញជាតិនៃក្រុមហ៊ុន Otis McAllister បានជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្លាស់ប្ដូរមតិយោបល់អំពីស្ថានភាពបច្ចុប្បន្ន និងភាពប្រកួតប្រជែងលើការនាំចេញអង្ករកម្ពុជា ទៅទីផ្សារសហរដ្ឋអាម៉េរិក ក៏ដូចជាស្នើសុំការណែនាំបន្ថែមលើការវិនិយោគ និងនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក។
បើតាមការបញ្ជាក់របស់ឧកញ៉ា សុង សារ៉ន នៅក្នុងជំនួបនោះ លោក Patrick Murphy បានមើលឃើញអំពីសក្ដានុពលរបស់វិស័យស្រូវអង្ករកម្ពុជា ហើយលោកនឹងបន្តចូលរួមនាំយកអង្ករកម្ពុជា និងផលិតផលផ្សេងៗទៀតតាមស្ថានភាពជាក់ស្ដែងនៃតម្រូវការទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ម្យ៉ាងទៀត លោក ក៏បានបង្ហាញចំណាប់អារម្មណ៍លើការសិក្សាវិនិយោគលើវិស័យស្វាយចន្ទីកម្ពុជាផងដែរ។
ជុំវិញការនាំចេញអង្កររបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងសហភាពអឺរ៉ុប ឧកញ៉ា សុង សារ៉ន បានគូសបញ្ជាក់ថា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ នេះ ការនាំចេញអង្កក្រអូបកម្ពុជា ទៅទីផ្សារអាម៉េរិក និងបណ្តាប្រទេសនៅអឺរ៉ុប គឺបានបង្ហាញសញ្ញាវិជ្ជមានគួរឱ្យកត់សម្គាល់ ពោលគឺបានកើនឡើងប្រមាណ៩% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ ហើយបើសិនជាគ្មានការរំខានដោយសារបញ្ហាតម្លៃដឹកជញ្ជូនទៅអឺរ៉ុបឡើងថ្លៃទេនោះ អ្នកជំនាញរូបនេះអះអាងថា ការនាំចេញអង្ករកម្ពុជា ទៅទីផ្សារនេះអាចនឹងកើនឡើងរហូតដល់ជាង២០%ឯណោះ។
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានលើកឡើងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការមើលឃើញពីភាពចាំបាច់ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធនានាទាំងផ្លូវគោក ផ្លូវដែក ផ្លូវទឹក និងផ្លូវអាកាសសំដៅបង្កើនភាពប្រកួតប្រជែងលើតម្លៃភស្ដុភារកម្មកម្ពុជា ដែលជាចំណែកជំរុញការនាំចេញនិងបង្កើនផលចំណេញចំពោះវិនិយោគិន។
នៅក្នុងជំនួបរវាងលោក atrick Murphy ជាមួយលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗនេះ លោកជំទាវរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុននាំចេញអង្ករធំៗទាំង១៦ ដែលជាសមាជិករបស់សហព័ន្ធស្រូវអង្ករកម្ពុជា ធ្វើការដោយផ្ទាល់ជាមួយក្រុមហ៊ុន Otis McAllister ដើម្បីឈានដល់ការចុះកិច្ចព្រមព្រៀងបញ្ជាទិញអង្ករកម្ពុជា ចូលទៅផ្សារសហរដ្ឋអាម៉េរិក ក្នុងពេលឆាប់ៗខាងមុខផងដែរ៕