ឯកឧត្តម ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានគូសបញ្ជាក់ថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីក្នុងវិស័យឧស្សាហកម្មកម្មន្តសាល ចំនួន១៤១គម្រោង ដែលមានទុនវិនិយោគជាង២៥០០រយលានដុល្លារ មានការកើនឡើងជាង១៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ តែយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះអះអាងថា នៅក្នុងរយៈពេលដូចគ្នានេះ ក៏មានរោងចក្រចំនួន១២ នៅក្នុងវិស័យនេះ ត្រូវបានបិទទ្វារផងដែរ។
បើតាមមន្ត្រីជាន់ខ្ពស់រូបនេះកត្តាដែលជំរុញឱ្យការវិនិយោគក្នុងវិស័យនេះមានការកើនឡើង ក៏ដោយសារវិនិយោគិនបានមើលឃើញអំពីសក្តានុពលវិនិយោគនៅកម្ពុជា តាមរយៈការដាក់ចេញនូវយន្តការជំរុញទាក់ទាញវិនិយោគរបស់រាជរដ្ឋាភិបាល។
ជាមួយគ្នានេះ អ្នកឧញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា កត់សម្គាល់ឃើញថា ការវិនិយោគក្នុងវិស័យកម្មន្តសាលនៅកម្ពុជាបច្ចុប្បន្នមានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលកំណើននេះវានឹងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច។
អ្នកជំនាញរូបនេះបានវាយតម្លៃថា កត្តាដែលជំរុញឱ្យការវិនិយោគនៅក្នុងវិស័យនេះមានការកើនឡើង គឺដោយសារប្រទេសមួយចំនួនដែលទទួលបានការអនុគ្រោះពន្ធ EBA និង GSP ពីសហគមអឺរ៉ុប និងអាម៉េរិកនោះ បានជួបបញ្ហាមួយចំនួន ដែលជំរុញឱ្យវិនិយោគិននៅប្រទេសទាំងនោះងាកមកវិនិយោគនៅកម្ពុជា។
ការដំឡើងពន្ធដាក់គ្នារវាងអាម៉េរិក និងចិន និងការមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគីជាមួយប្រទេសផ្សេងៗក៏ជាមូលហេតុធ្វើឱ្យការវិនិយោគក្នុងវិស័យនេះនៅកម្ពុជា មានការកើនឡើងផងដែរ។
លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកកំណើននៃការវិនិយោគក្នុងវិស័យកម្មន្តសាលរបស់កម្ពុជា នៅឆមាសទី១ឆ្នាំ២០២៤ នេះ គឺបានបង្ហាញពីសម្ទុះនៃការរីកចម្រើននៃវិស័យ SME របស់កម្ពុជា។ ហើយតាមរយៈការរីកចម្រើនទាំងនេះ អ្នកជំនាញរូបនេះរំពឹងថា នៅឆ្នាំខាងមុខ នៅពេលគម្រោងវិនិយោគថ្មីទាំងនេះបានដំណើរការរួមគ្នានោះ លោកជឿជាក់ថា វានឹងជួយជំរុញឱ្យសេដ្ឋកិច្ចកម្ពុជា មានសម្ទុះកំណើនកាន់តែលឿនបន្ថែមទៀត ដ្បិតថា កម្ពុជានឹងមានសមត្ថភាពផលិតនូវផលិតផលជាច្រើនសម្រាប់ប្រើប្រាស់ក្នុងស្រុក និងនាំចេញ។
សូមជម្រាបថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៤នេះ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មី និងគម្រោងពង្រីកផលិតកម្មសរុបចំនួន១៩០គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណ៣,២ពាន់លានដុល្លារ មានការកើនឡើងចំនួន៧៧គម្រោង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕