
គណនីហ្វេសប៊ុកឈ្មោះ«Than Pao» នៅប្រទេសថៃ បានដកស្រង់សម្តីនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូង លោក គីម មីនស៊ុក ដោយអះអាងថា អ្នកនយោបាយថៃ ចំនួន៧នាក់ បានជាប់ពាក់ព័ន្ធនឹងបណ្តាញបោកប្រាស់តាមអ៊ីនធឺណិតនៅកម្ពុជា ក្រោមការត្រួតពិនិត្យជាសកល។ ទំព័រហ្វេសប៊ុករបស់ថៃនេះបានផ្សព្វផ្សាយថា អ្នកនយោបាយថៃ ទាំង៧នាក់នេះ មានការជាប់ពាក់ព័ន្ធនឹងមជ្ឈមណ្ឌលហៅទូរសព្ទ និងក្រុមឆបោក ដែលកំពុងប្រតិបត្តិការនៅកម្ពុជា ហើយពេលនេះបញ្ជីឈ្មោះអ្នកនយោបាយថៃ ដែលមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនទាំងនេះត្រូវបានចងក្រងរួចហើយ។
បញ្ជីរាយឈ្មោះមន្ត្រីនយោបាយទាំងនេះ កំពុងស្ថិតក្នុងដៃអ្នកសារព័ត៌មាន ដោយទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយនានា ខណៈមានមន្ទិលសង្ស័យកាន់តែខ្លាំងឡើងចំពោះអត្តសញ្ញាណរបស់អ្នកនយោបាយទាំង៧នាក់នេះ និងថាតើគេនឹងធ្វើការស៊ើបអង្កេត ឬការបង្ហាញអត្តសញ្ញាណអ្នកនយោបាយទាំងនេះជាផ្លូវការនៅពេលណា។
ពាក់ព័ន្ធបញ្ហានេះ នាយករដ្ឋមន្ត្រីថៃ លោក អានុទីន ឆានវីរៈគុល (Anutin Charnvirakul) កាលពីថ្ងៃអាទិត្យ បានបញ្ជាឱ្យស៊ើបអង្កេតលើរបាយការណ៍នេះ និងបានអំពាវនាវឱ្យសាធារណជនកុំព្រួយបារម្ភចំពោះបញ្ហានេះ ខណៈស្ថានទូតកូរ៉េខាងត្បូង បានច្រានចោលការអះអាងខាងលើនេះថា ជារឿងមិនពិត។
លោក អានុទីន បាននិយាយថា ប្រសិនបើមានឈ្មោះអ្នកនយោបាយណាមួយត្រូវបានលាតត្រដាង លោកនឹងចាត់ការតាមអង្គហេតុនោះ ហើយប្រសិនបើមានភស្តុតាងនៃការប្រព្រឹត្តខុស លោកនឹងមានវិធានការផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
លោកបានបន្ថែមថា ប្រសិនបើបញ្ហានេះក្លាយជាការពិតមែន លោកនឹងមានឱកាសជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូង ក្នុងពេលកិច្ចប្រជុំកំពូល APEC ក្នុងរយៈពេលពីរសប្តាហ៍ទៀត ហើយថា ប្រសិនបើឈ្មោះអ្នកនយោបាយទាំងនោះត្រូវបានលាតត្រដាងមុនកិច្ចប្រជុំនេះមែន លោកនឹងធ្វើការស៊ើបអង្កេតឱ្យបានហ្មត់ចត់ និងចាត់ការទៅតាមច្បាប់៕
ដោយ៖ សុខ មង្គល