នៅពេលដែលសង្គ្រាមរបស់សហរដ្ឋអាម៉េរិក រួមដៃជាមួយអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ បានឈានចូលដល់សប្តាហ៍ទី៣ ក្រោយផ្ទុះនៅថ្ងៃទី២៨ ខែកុម្ភៈ ប្រទេសអ៊ីរ៉ង់ បានបង្ហាញការមិនចុះញ៉មដាច់ខាត បន្ទាប់ពីកងទ័ពអាម៉េរិក បានវាយប្រហារទីតាំងយោធាជាច្រើនកន្លែងនៅមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់ខ្លួន ដោយព្រមានថា ផ្នែកខ្លះនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម គឺជាគោលដៅវាយប្រហារស្របច្បាប់ និងជំរុញឱ្យជនស៊ីវិលជម្លៀសចេញ។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក ដូណាល់ ត្រាំ បានអះអាងថា សហរដ្ឋអាម៉េរិក បានទម្លាក់គ្រាប់បែកលើគោលដៅយោធាជាច្រើនកន្លែងលើកោះ ខាក ដែលជាមជ្ឈមណ្ឌលនាំចេញប្រេងដ៏សំខាន់របស់អ៊ីរ៉ង់ ដោយការវាយប្រហារទាំងនោះផ្ដោតតែលើទីតាំងយោធាប៉ុណ្ណោះ មិនមែនរោងចក្រប្រេងនោះទេ ប៉ុន្តែបានព្រមានថា ហេដ្ឋារចនាសម្ព័ន្ធប្រេងអាចត្រូវបានកំណត់គោលដៅវាយប្រហារ ប្រសិនបើអ៊ីរ៉ង់ នៅតែរារាំងកប៉ាល់ដឹកប្រេង និងកប៉ាល់ពាណិជ្ជកម្មបើកឆ្លងកាត់ច្រកសមុទ្រ Hormuz។
សហរដ្ឋអាម៉េរិក ក៏កំពុងបញ្ជូនទាហានម៉ារីនប្រមាណ២,៥០០នាក់ និងនាវាពិឃាតចុះទឹកឡើងគោកបានចេញពីប្រទេសជប៉ុនទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីពង្រឹងកងកម្លាំងរបស់ខ្លួន។ ទន្ទឹមនេះ ប្រទេសអ៊ីរ៉ង់នៅតែបន្តការវាយប្រហារដោយមីស៊ីល និងដ្រូនអត្តឃាតទៅលើអ៊ីស្រាអែល និងបណ្តាប្រទេសនៅឈូងសមុទ្រពែក្ស ហើយបានបិទច្រកសមុទ្រ Hormuz ដែលមានប្រមាណ២០% នៃប្រេងរបស់ពិភពលោកបើកឆ្លងកាត់ទីនេះជារៀងរាល់ថ្ងៃ។
សង្គ្រាមនេះ ក៏បានរីករាលដាលដល់ប្រទេសលីបង់ផងដែរ ជាកន្លែងដែលការវាយប្រហាររបស់
អ៊ីស្រាអែល ប្រឆាំងក្រុមសកម្មប្រយុទ្ធ ហេសប៊ូឡា បានសម្លាប់មនុស្សប្រមាណ៨០០នាក់ និងធ្វើឱ្យមនុស្សប្រមាណ៨៥ម៉ឺននាក់រត់ភៀសសឹក។ រហូតមកទល់ពេលនេះ យោធាអាម៉េរិកអះអាងថា គោលដៅរហូតដល់ទៅជាង១៥,០០០គោលដៅត្រូវបានវាយប្រហារចាប់តាំងពីសង្គ្រាមអ៊ីរ៉ង់បានចាប់ផ្តើមផ្ទុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ មក៕
ដោយ: តែម សុខុម