ទិន្នន័យទាំងនោះនឹងជួយឱ្យចិនយល់ដឹងកាន់តែច្បាស់ កាន់តែលម្អិតអំពីសណ្ឋានដី និងស្ថានភាពនៅបាតសមុទ្រ ដែលមានសារៈសំខាន់សម្រាប់ប្រតិបត្តិការវាយប្រហារដោយនាវាមុជទឹក ប្រសិនបើសង្គ្រាមផ្ទុះឡើង។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
ដើម្បីគូសផែនទីបាតមហាសមុទ្រ និងសិក្សាពីស្ថានភាពក្រោមផ្ទៃទឹក ចិនកំពុងបញ្ជូននាវាស្រាវជ្រាវរាប់សិបគ្រឿងរួមជាមួយឧបករណ៍ចាប់សញ្ញា ឬសេនស័ររាប់រយគ្រឿងឱ្យធ្វើដំណើរឆ្លងកាត់មហាសមុទ្រនានារបស់ពិភពលោក។ នាវាដូចជាតុង ហ្វាង ហុង ៣ ជាដើម បាននិងកំពុងប្រតិបត្តិការនៅជិតតំបន់សំខាន់ៗដូចជាកោះតៃវ៉ាន់ កោះហ្គាំ ដែលមានមូលដ្ឋានយោធាអាម៉េរិក និងផ្លូវសមុទ្រ
សំខាន់ៗដូចជាច្រកសមុទ្រម៉ាឡាកាជាដើម ដោយតំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ពាណិជ្ជកម្មពិភពលោក និងយុទ្ធសាស្ត្រយោធា។
ការវាស់ស្ទង់ ឬការគូសវាសផែនដីក្រោមបាតសមុទ្រនេះ គឺជាផ្នែកមួយ នៃគម្រោងសកលដ៏មហិច្ឆតាដែលមានវិសាលភាពគ្របដណ្ដប់ទូទាំងមហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រឥណ្ឌា និងមហាសមុទ្រនៅតំបន់អាក់ទិក ដោយមាននាវាស្រាវជ្រាវរាប់សិបគ្រឿង និងឧបករណ៍ចាប់សញ្ញា ឬសេនស័រក្រោមទឹករាប់រយគ្រឿងចូលរួមពាក់ព័ន្ធក្នុងបេសកកម្មនេះ។ ឧបករណ៍ចាប់សញ្ញាទាំងនេះប្រមូលទិន្នន័យស្ដីពីសីតុណ្ហភាពទឹក ចរន្តទឹក សណ្ឋានដីនៅបាតសមុទ្រ ដែលទាំងនេះសុទ្ធតែមានសារៈសំខាន់សម្រាប់ការផ្លាស់ទី និងការស្វែងរកនាវាមុជទឹក។
ក្រុមអ្នកជំនាញយោធាបានអះអាងថា ទំហំនៃគម្រោងវាស់ស្ទង់ ឬការគូរផែនទីនៅបាតមហាសមុទ្រនេះបង្ហាញថា ចិនកំពុងកសាងកងទ័ពជើងទឹកដ៏ខ្លាំងក្លា ដែលមានសមត្ថភាពអាចធ្វើប្រតិបត្តិការឆ្ងាយពីឆ្នេរសមុទ្ររបស់ខ្លួន ដោយផ្តោតយ៉ាងខ្លាំងលើនាវាមុជទឹក។ គម្រោងដ៏មហិច្ឆតានេះ ក៏ឆ្លុះបញ្ចាំងពី ការរួមបញ្ចូលគ្នានូវគោលបំណងស៊ីវិល និងគោលបំណងយោធារបស់ចិនផងដែរ។ សរុបមក ក្រុមអ្នកវិភាគព្រមានថា សកម្មភាពរបស់ចិនអាចធ្វើឱ្យចុះខ្សោយ ឬកាត់បន្ថយអត្ថប្រយោជន៍របស់កងទ័ពជើងទឹកអាមេរិកក្នុងការគ្រប់គ្រងមហាសមុទ្រ និងបង្កើនក្តីបារម្ភអំពីសន្តិសុខទូទាំងពិភពលោក៕
ដោយ: តែម សុខុម