ម៉ាឡេស៊ី-ចិន-អាមេរិក

កំណើនសេដ្ឋកិច្ចម៉ាឡេស៊ីកំពុងឈរចំកណ្ដាលនៃការប្រទាញប្រទង់ឥទ្ធិពលរវាងចិន និងអាមេរិក?


ការស្វែងរកកំណើនសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ីក្នុងនាមជាអំណាចថ្នាក់កណ្តាល នៅចន្លោះឥទ្ធិពលនៃមហាអំណាចផុតលេខសហរដ្ឋអាមេរិក និងចិន ដែលកំពុងប្រទាញប្រទង់គ្នានោះ កំពុងក្លាយជាវិញ្ញាសារសាកល្បងសម្រាប់នាយករដ្ឋមន្ត្រីថ្មីរបស់ម៉ាឡេស៊ី គឺ លោក អាន់វ៉ា អ៊ីប្រាហ៊ីម(Anwar Ibrahim) ស្របពេលដែលប្រទេសក្បែរខាងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដែលជាគូរប្រជែងរបស់ម៉ាឡេស៊ីដែរនោះ ក៏កំពុងខ្នះខ្នែងដាក់ខ្លួនឯងជាជម្រើសដល់ប្រទេសមានសេដ្ឋកិច្ចជឿនលឿនសម្រាប់ផលិតកម្មដែលមានតម្លៃថោកផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
មហិច្ឆតាសេដ្ឋកិច្ចម៉ាឡេស៊ីនៅចំកណ្ដាលឥទ្ធិពលចិន និងអាមេរិក

ប្រទេសម៉ាឡេស៊ីបានបង្កើតទីផ្សារទាំងនៅទឹកដីសហរដ្ឋអាមេរិក និងប្រទេសចិន ដោយការនាំចេញសរុបសម្រាប់រយៈពេល១០ខែឆ្នាំ២០២២នេះ មានចំនួនសរុបដល់ទៅ ២៩៥ពាន់លានដុល្លារ កើនឡើង ២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យឧស្សាហកម្មមួយប្រភេទដែលម៉ាឡេស៊ី បានក្លាយជាផ្នែកដ៏សំខាន់នៃខ្សែចង្វាក់ផ្គត់ផ្គង់ពិភពលោក គឺឧបករណ៍អេឡិចត្រូនិក។ ជាក់ស្តែង យើងមើលទៅជ្រុងមួយនៃសួនឧស្សាហកម្មនៅលើកោះ Penang ភាគខាងជើងម៉ាឡេស៊ី ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក Intel កំពុងសាងសង់រោងចក្រ ដែលជាផ្នែកមួយនៃផែនការវិនិយោគតម្លៃជិត ៧ពាន់លានដុល្លារអាមេរិក ក្នុងរយៈពេល១០ឆ្នាំ។ មិនត្រឹមតែក្រុមហ៊ុមអាមេរិក intel ទេ កោះ Penang មួយនេះបានទាក់ទាញការវិនិយោគទាក់ទងនឹងវិស័យបន្ទះឈីប ពីប្រទេសជប៉ុន ចិន និងប្រទេសផ្សេងទៀតផងដែរ។

ក្រៅពីនោះ ម៉ាឡេស៊ីបានស្វែងរកដៃគូសេដ្ឋកិច្ចនៅអាស៊ី និងក្រៅពីតំបន់នេះ ដើម្បីជំរុញការនាំចេញ។ ម៉ាឡេស៊ីក៏ជាសមាជិកនៃកិច្ចព្រមព្រៀង CP TPP ដែលរួមមានប្រទេសជប៉ុន និងប្រទេសចំនួន១០ផ្សេងទៀតជាសមាជិក ហើយក៏ជាសមាជិកក្របខណ្ឌភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ ហៅកាត់ថា RCEP ដែលរួមមានប្រទេសចិន និងសមាជិកអាស៊ានផងដែរ។ មិនតែប៉ុណ្ណោះ ម៉ាឡេស៊ី ក៏ស្ថិតនៅក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក IPEF ដែលជាក្របខណ្ឌដឹកនាំនិងផ្តួចផ្តើមដោយសហរដ្ឋអាមេរិកថែមទៀតផង។ ដូច្នេះហើយ វាម៉ាឡេស៊ី មានឱកាសច្រើនក្នុងការច្បាមយកការវិនិយោគ និងពាណិជ្ជកម្មពីប្រទេសជាដៃគូទាំងអស់នេះ។

ជាមួយគ្នានេះ គោលនយោបាយលើការនាំចេញរបស់ប្រធានាធិបតីថ្មី លោក អាន់វ៉ា អ៊ីប្រាហ៊ីម ហាក់មិនមានការផ្លាស់ប្តូរច្រើន ខុសពីរដ្ឋាភិបាលមុនឡើយ។ មេដឹកនាំដែលមានវ័យ ៧៥ឆ្នាំរូបនេះ ធ្លាប់បានលើកឡើងនៅមុនការឈ្នះឆ្នោតថា លោកត្រូវរក្សាទំនាក់ទំនងឱ្យបានល្អ ជាមួយទាំងសហរដ្ឋអាមេរិក និងចិន។ ម៉ាឡេស៊ីដូចនឹងប្រទេសកំពុងអភិវឌ្ឍផ្សេងទៀតដែរ ជាប្រទេសពឹងផ្អែកលើការនាំចេញ ហើយក៏ពឹងលើការវិនិយោគពីបរទេសដែរ ដូនេះ ម៉ាឡេស៊ីត្រូវបន្តអនុវត្តគោលនយោបាយបែបនេះដដែល។

ទោះបីជាទីក្រុងកូឡាឡាំពួ កំពុងមានទំនាស់ជាមួយប៉េកាំងនៅសមុទ្រចិនខាងត្បូងមែន តែលោក អាន់វ៉ា អះអាងថាខ្លួនត្រូវ រក្សាទំនាក់ទំនងជាមួយចិន សម្រាប់ហេតុផលជាក់ស្តែង ប្រទេសចិនគឺជាអ្នកជិតខាងដ៏សំខាន់ទាំងផ្នែកភូមិសាស្ត្រនយោបាយ និងអំណាចសេដ្ឋកិច្ច។

ខណៈពេលដែលភាពតានតឹងរវាងសហរដ្ឋអាមេរិក និងចិនមិនបានបង្ហាញសញ្ញានៃភាពធូរស្រាល ម៉ាឡេស៊ីមិនមែនជាប្រទេសមួយគត់ នៅក្នុងសង្វៀនប្រជែង សម្រាប់ការវិនិយោគបរទេស ដែលកំពុងស្វែងរកគោលដៅនៅអាស៊ី ចេញពីប្រទេសចិននោះទេ។

ក្រុមហ៊ុនអឺរ៉ុប អាមេរិក និងជប៉ុនដែលកំពុងស្វែងរកជម្រើសថ្មីក្រៅពីប្រទេសចិន ដែលផ្តល់ឱកាសល្អសម្រាប់ម៉ាឡេស៊ី ប៉ុន្តែប្រទេសនេះប្រឈមមុខនឹងការប្រកួតប្រជែងដ៏ខ្លាំងក្លាពីប្រទេសជិតខាងដូចជាវៀតណាម។ ក្នុងនោះភាពប្រកួតប្រជែងខ្លះគឺទៅលើ ប្រាក់ឈ្នួលកម្មករ។ យោងតាមការស្ទង់មតិរបស់អង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន ប្រាក់ខែគោលជាមធ្យមសម្រាប់កម្មករនៅម៉ាឡេស៊ីក្នុងឆ្នាំ២០២១ គឺ ៤៩២ដុល្លារក្នុងមួយខែ ខ្ពស់ជាងប្រទេសថៃដែលមានតម្លៃ ៤៣៣ដុល្លារ និងឥណ្ឌូនេស៊ីដែលមាន៣៦០ដុល្លារ។

ការវិនិយោគផ្ទាល់ពីបរទេសរបស់ម៉ាឡេស៊ីក្នុងឆ្នាំ២០២១មានចំនួន ១១,៦ ពាន់លានដុល្លារតាមពីក្រោយប្រទេសឥណ្ឌូនេស៊ីដែលមាន ២០ពាន់លានដុល្លារ និងវៀតណាម ១៥,៦ ពាន់លានដុល្លារ។

ម៉ាឡេស៊ីក៏មានភាពយឺតយ៉ាវក្នុងការអភិវឌ្ឍបច្ចេកវិទ្យារបស់ខ្លួនផងដែរ។ ជាក់ស្តែងដូច ក្រុមហ៊ុនក្នុងស្រុក Proton ដែលជាក្រុមហ៊ុនផលិតរថយន្តជាតិ បង្កើតឡើងប្រហែល៤០ឆ្នាំមុន មានភាពយឺតយ៉ាវក្នុងការប្តូរទៅប្រើរថយន្តអគ្គិសនី។ ផ្ទុយទៅវិញ ក្រុមហ៊ុនវៀតណាម Vingroup បានចាប់ផ្តើមនាំចេញរថយន្តប្រភេទ EV ត្រឹមពេលតែ៥ឆ្នាំប៉ុណ្ណោះ ក្រោយពីការប្រកាសឈានចូលផលិតកម្មរថយន្ត៕




អត្ថបទបន្ទាប់


តៃវ៉ាន់ស្នើឱ្យធនាគាររដ្ឋរបស់ខ្លួនចាត់ចែងឱ្យបានត្រឹមត្រូវចំពោះផលប៉ះពាល់នៃទំនាក់ទំនងជាមួយចិនដីគោក

កោះតៃវ៉ាន់បានស្នើសុំឱ្យធនាគារដែលគ្រប់គ្រងដោយរដ្ឋទាំងអស់ដោះស្រាយបញ្ហារបស់ពួកគេឱ្យបានត្រឹមត្រូវ ចំពោះការតទល់នឹងប្រទេសចិន នៅចំពេលមានភាពតាន…

រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិកថា អតិផរណានឹងធ្លាក់ទាបនៅឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen កាលពីថ្ងៃទី១១ខែធ្នូ បានព្យាករណ៍ថា អតិផរណារបស់សហរដ្ឋអាមេរិកនៅឆ្នាំ២០២៣នឹងថយចុះខ្លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ