យោងតាមរបាយការណ៍ថ្មីមួយពី Bloomberg NEF បានឱ្យដឹងថា ការកើនឡើងតម្លៃអាគុយរថយន្តអគ្គិសនី គឺបណ្តាលមកពីការឡើងថ្លៃនូវវត្ថុធាតុដើមសម្រាប់ផលិតអាគុយ ដូចជា សារធាតុលីចូម កូបាល និងនីកែលជាដើម។ តម្លៃអាគុយជាមធ្យម បានកើនឡើងដល់ ១៥១ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង នៅឆ្នាំ២០២២នេះ កើនឡើង ៧% ពីឆ្នាំមុន។
របាយការណ៍ដដែលបន្តថា សម្រាប់អាគុយលក់នៅប្រទេសចិន មានតម្លៃធូរថ្លៃ គឺ១២៧ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង ខណៈនៅអាមេរិក និងអឺរ៉ុប មានតម្លៃខ្ពស់ជាងនេះ ២៤% និង ៣៣%។
លោក Evelina Stoikou ជាអ្នកជំនាញម្នាក់ និងជាអ្នកដឹកនាំការស្រាវជ្រាវនេះ បាននិយាយថា ការឡើងថ្លៃតម្លៃវត្ថុធាតុដើម និងគ្រឿងបង្គុំ គឺជាកត្តារួមចំណែកដ៏ធំបំផុត ចំពោះតម្លៃអាគុយដែលកាន់តែថ្លៃ នៅក្នុងឆ្នាំ២០២២នេះ។
លោកបន្តថា ក្រុមហ៊ុនផលិតអាគុយ និងក្រុមហ៊ុនផលិតរថយន្ត បានរិះរកយុទ្ធសាស្រ្តដើម្បីទប់ស្កាត់កុំឱ្យការឡើងថ្លៃអាគុយនេះកាន់តែអាក្រក់ ក្នុងនោះដូចជា ការវិនិយោគដោយផ្ទាល់លើការរុករករ៉ែ និងកែច្នៃជាដើម។
បើតាមការរំពឹងរបស់ Bloomberg NEF ក្នុងរបាយការណ៍នេះបង្ហាញទៀតថា តម្លៃអាគុយនឹងនៅតែឡើងថ្លៃបន្តិចទៀតនៅឆ្នាំ២០២៣ គឺប្រហែល ១៥២ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង។
ទោះយ៉ាងណា របាយការណ៍ដដែលនេះអះអាងថា ការឡើងថ្លៃអាគុយនេះ ទំនងជាមិនទាន់ប៉ះពាល់ខ្លាំងដល់តម្លៃរថយន្តក្នុងរយៈពេលវែងនោះឡើយ ពោលគឺតម្លៃអាគុយ អាចនឹងធ្លាក់ចុះវិញ ក្នុងឆ្នាំ២០២៤ នៅពេលតម្លៃលីចូមធូរថ្លៃ ដោយសារវាកាន់តែសម្បូរតាមរយៈគម្រោងវិនិយោគនានា។ មិនតែប៉ុណ្ណោះ តម្លៃអាគុយអាចនឹងស្ថិតក្រោម ១០០ដុល្លារក្នុង១គីឡូវ៉ាត់ម៉ោង នៅត្រឹមឆ្នាំ២០២៦។
ជុំវិញ ការផ្គត់ផ្គង់អាគុយយានយន្ដអគ្គិសនីនេះ ក្រុមហ៊ុននៃប្រទេសលោកខាងលិចបាននិងកំពុងខំព្យាយាមកាត់បន្ថយការពឹងផ្អែកពីប្រទេសចិន ខណៈដែលប្រទេសចិន បានផលិតអាគុយប្រមាណ ៣ ភាគ ៤ នៃអាគុយក្នុងពិភពលោក ហើយក៏គ្របដណ្តប់លើការផលិតរ៉ែ និងគ្រឿងបង្គុំសម្រាប់អាគុយផងដែរ។
ប៉ុន្ដែ អ្នកវិភាគរបស់ធនាគារវិនិយោគ Goldman Sachs ជឿជាក់ថា តម្រូវការសម្រាប់អាគុយអាចនឹងបំពេញគ្រប់គ្រាន់ ដោយគ្មានការផ្គត់ផ្គង់ពីប្រទេសចិន ក្នុងរយៈពេល ៣ ទៅ ៥ឆ្នាំក្រោយ ដោយសារតែការវិនិយោគធំៗរបស់ក្រុមហ៊ុនកូរ៉េ LG និង SK Hynix នៅលើទឹកដីអាមេរិក៕
អត្ថបទ ៖ នៅ សំភី